អន្តរជាតិ
ប្រមុខការទូតអាមេរិកនិងរុស្ស៊ីជជែកគ្នាមួយភ្លែតក្រៅជំនួប G20 នៅឥណ្ឌា
03, Mar 2023 , 8:29 pm        
រូបភាព
ប្រមុខការទូតអាម៉េរិក និងរុស្ស៊ី បានជជែកគ្នាមួយភ្លែតនៅកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃក្រុម​ប្រទេស​សេដ្ឋកិច្ចរីកចម្រើនទាំង២០ (G20) នាថ្ងៃទី២ ខែមីនា។​ នាកិច្ចប្រជុំ អាមេរិក និងសម្ព័ន្ធ​មិត្តអឺរ៉ុប​របស់​ខ្លួនឆ្លើយឆ្លងពាក្យសម្ដីជាមួយសមភាគីរុស្ស៊ីលើសង្គ្រាមនៅអ៊ុយក្រែន និងព្រមទាំងបន្ទោសគ្នាទៅវិ​ញ​ទៅមកចំពោះអស្ថិរភាពរបស់ពិភពលោក។
 
បើតាមមន្រ្តីអាម៉េរិក រដ្ឋមន្ត្រីការបរទេសអាមេរិក អាន់តូនី ប្លីងខិន និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ស៊ែហ្គេយ៍ ឡាវរ៉ូវ បានជួបពិភាក្សាគ្នាប្រមាណ១០នាទីក្រៅកិច្ចប្រជុំ G20 ។ មន្ត្រីដដែលបាននិយាយថា ប្រមុខ​ការទូតអាមេរិកក៏ប្រាប់លោក ឡាវរ៉ូវ ថា ទីក្រុងវ៉ាស៊ីន តោនបានត្រៀមខ្លួនរួចជាស្រេច​ដើម្បី​គាំទ្រ​អ៊ុយក្រែនដើម្បីការពារខ្លួនឱ្យបានយូរតាមដែលអ៊ុយក្រែនត្រូវការ។ 
 
យ៉ាងណាមិញ តាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី ក្រសួងការបរទេសរុស្ស៊ីថា អ្នកការទូតទាំង២ បាន​ជជែកគ្នាតាមផ្លូវពេលដើរក្នុងទីតាំងប្រជុំនៅចុងបញ្ចប់នៃកិច្ចប្រជុំ ប៉ុន្តែមិនបានចរចា ឬមានកិច្ច​ប្រជុំ​នោះទេ។
 
ក្នុងកិច្ចប្រជុំដែលឥណ្ឌាជាម្ចាស់ផ្ទះ អាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនបានជំរុញឱ្យក្រុម G20 រក្សា​សម្ពាធលើទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះដែលចូលដល់ឆ្នាំទី២ទៅហើយ។
 
«យើងត្រូវតែបន្តអំពាវនាវឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមឈ្លានពាន និងដកខ្លួនចេញពីអ៊ុយក្រែន ដើម្បីជា​ប្រយោជន៍ដល់សន្តិភាពអន្តរជាតិ និងស្ថិរភាពសេដ្ឋកិច្ច»។ លោក ប្លីងខិន លើកឡើង បែបនេះ​ក្នុង​ការ​ថ្លែងសុន្ទរកថាដែលបានចេញផ្សាយក្រោយកិច្ចប្រជុំបិទទ្វារ។ ការលើកឡើងនេះក៏ត្រូវ​បាន​គាំទ្រ​ដោយ​សមភាគីរប​ស់លោកទៅពីអាល្លឺម៉ង់ បារាំង និងហូឡង់។
 
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានលើកឡើងក្នុងកិច្ចប្រជុំដដែលថា លោកស្រីស្នើសុំឱ្យលោក ឡាវរ៉ូវ ជំរុញឱ្យមានការត្រឡប់ទៅអនុវត្តឱ្យបានពេញលេញចំពោះសន្ធិ​សញ្ញា​នុយក្លេអ៊ែរ New START និងបន្តឡើងវិញនូវកិច្ចសន្ទនាជាមួយអាមេរិក។ ប៉ុន្តែលោក ឡាវរ៉ូវ បាន​វាយបកវិញដោយចោទលោកខាងលិចចំពោះវិបត្តិនយោបាយ និងសេដ្ឋកិច្ចពិភពលោក​ដែលកំពុងកើតមាន។
 
«គណៈប្រតិភូលោកខាងលិចមួយចំនួនបានប្រែក្លាយការងារលើរបៀបវារៈ G20 ទៅជារឿងមួយដោយ​ចង់ផ្លាស់ប្តូរការខុសត្រូវចំពោះការបរាជ័យក្នុងសេដ្ឋកិច្ចរបស់ពួកគេទៅកាន់សហព័ន្ធរុស្ស៊ី»។ លោក ឡាវរ៉ូវ សង្កត់ធ្ងន់បែបនេះរួចហើយបានចោទប្រកាន់លោកខាងលិចថា បានរារាំងគំនិតផ្តួចផ្តើមដឹកជញ្ជូនគ្រាប់ធញ្ញជាតិចេញពីសមុទ្រខ្មៅរបស់អ៊ុយក្រែនទៅទីផ្សារអន្តរជាតិ៕
 

Tag:
 រុស្ស៊ី
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com