ជាតិ
សង្គមជាតិ
ឈប់លក់ដូរលើចិញ្ចើមផ្លូវ, បន្ថែមស្រឡាង... ដើម្បីបញ្ចៀសការស្ទះផ្លូវ នៅការដ្ឋានស្ពានអាកាសព្រះមុនីវង្ស 04, Mar 2023 , 2:40 pm
ចរាចរណ៍នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាសក្បាលថ្នល់ និងផ្លូវ៦០ម៉ែត្រនៅម៉ោង៤រសៀល កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣។
× ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចេញដំណោះស្រាយមួយចំនួន ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅបរិវេណការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស (ស្ពានក្បាលថ្នល់)។ ដើម្បីដោះស្រាយបញ្ហាកកស្ទះនេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ពលរដ្ឋ ដែលប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ធ្វើអាជីវកម្ម ត្រូវបញ្ឈប់ការប្រើប្រាស់ចិញ្ចើមផ្លូវនេះ។ ចំណែកអ្នកទិញក៏មិនត្រូវឈប់ចតលើទ្រូងផ្លូវនោះដែរ។
តាមរយៈសេចក្ដីជូនដំណឹង ដែលចេញនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា សមត្ថកិច្ចនឹចុះរៀបចំសណ្ដាប់ធ្នាប់ ដោយចាត់វិធានការរដ្ឋបាល ចំណោះអ្នកដែល នៅតែប្រើប្រាស់ចិញ្ចើមផ្លូវ សម្រាប់ការលក់ដូរនេះ។
ដើម្បីបញ្ចៀសការកកស្ទះនេះ រដ្ឋបាលរាជធានីភ្នំពេញឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសិក្សាពីការដាក់ស្រឡាង ដើម្បីឱ្យពលរដ្ឋធ្វើដំណើរ។ ស្រឡាងនោះមានទិសដៅពីកោះនរា ឆ្ពោះមកតំបន់ជ្រោយចង្វារ (សណ្ឋាការសុខាភ្នំពេញ) បន្ថែមលើស្រឡាងចម្លងពីកោះនរា ឆ្ពោះមកកោះពេជ្រ ដែលមានបច្ចុប្បន្ននេះ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យក្រុមហ៊ុនសាងសង់បង្រួមរបងហ៊ុមព័ទ្ធការដ្ឋាន ឱ្យតូចបំផុតតាមលទ្ធភាពដែលអាចទៅរួច ដើម្បីបន្ថែមលម្ហចរាចរណ៍បានធំជាងមុន។
រដ្ឋបាលរាជធានីភ្នំពេញ ក៏បានឱ្យស្នងការនគរបាលរាជធានី អធិការដ្ឋាននគរបាលខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធត្រូវបន្ថែមកម្លាំងសមត្ថកិច្ចប្រចាំការ ដើម្បីសម្រួលនៅពេលចរាចរណ៍មមាញឹក។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ជំរុញឱ្យពលរដ្ឋដែលចេះ និងមានលទ្ធភាពប្រើប្រាស់ Google Maps ឱ្យប្រើប្រាស់ជាជំនួយ ដើម្បីពិនិត្យមើលការកកស្ទះចរាចរណ៍។ រដ្ឋបាលរាជធានីភ្នំពេញ ថែមទាំងស្នើឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ការដ្ឋានខាងលើនេះ ជួយយោគយល់ និងអធ្យាស្រ័យខ្ពស់ លើការកកស្ទះចរាចរណ៍ក្នុងពេលដំណើរការការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្សនេះ។
គួរជម្រាបផងដែរថា ស្ពានអាកាសព្រះមុនីវង្ស ដែលកំពុងសាងសង់នេះ ស្ថិតនៅចំណុចប្រសព្វគ្នារវាង មហាវិថីសម្ដេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវលេខ២៧១) ក្នុងខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសនេះគ្រោងចំណាយថវិកាជាង៣៦លានដុល្លារ និងចំណាយពេលសាងសង់ប្រមាណ៣ឆ្នាំ៕
Tag:
ThmeyThmey
ស្ទះចរាចរណ៍
ស្ពានអាកាសព្រះមុនីវង្ស
ភ្នំពេញ
© រក្សាសិទ្ធិដោយ thmeythmey.com