ជាតិ
សម្ដេច ហ៊ុន សែន ស្នើគ្រប់វត្ត ជួយបណ្ដុះ​បណ្ដាលនិងអភិរក្ស​វង់ភ្លេងពិណពាទ្យ​​ ​
04, Mar 2023 , 4:00 pm        
រូបភាព
រូប_ពីផេក Samdech Hun Sen, Cambodian Prime Minister
រូប_ពីផេក Samdech Hun Sen, Cambodian Prime Minister
ភ្នំពេញ​៖ សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ស្នើ​ដល់​ព្រះ​ចៅ​អធិការ​​វត្តនៅ​ទូទាំង​ប្រទេស ​ឱ្យ​បង្កើត​វង់​ភ្លេង​ពិណ​ពាទ្យប្រចាំ​វត្ត​នីមួយ​ៗ​ យ៉ាង​ហោច​ណាស់​មួយ​វត្ត​មាន​មួយ​វង់​​ និង​បើក​វគ្គ​បណ្ដុះ​បណ្ដាល​វង់​​ភ្លេង​​នេះ ទៅ​ដល់​យុវជន​ឬ​ក្មេង​ៗ​ដែល​ចង់​រៀន​​​។

 
ក្នុង​ពិធីជំនួបជាមួយ​សិល្បករ​ សិល្បការិនី​ប្រមាណ​៤ពាន់​នាក់​ ក្នុង​ទិវា​វប្បធម៌​ជាតិ​ លើក​ទី​២៥​ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ ​សម្ដេច​ ហ៊ុន​ សែន មាន​ប្រសាសន៍​ថា វត្តអារាម​គួរ​ជាទី​កន្លែង​ ជួយ​អភិរក្ស ថែរក្សា និង​បណ្ដុះ​បណ្ដាល​វង់​ភ្លេង​ពិណ​ពាទ្យ​ ដែល​ជា​តន្ត្រីបុរាណ​ខ្មែរ​។ បន្ថែម​លើ​​វង់​ភ្លេង​ពិណពាទ្យ​ វង់​ភ្លេង​ឆៃយ៉ាំ​ ក៏​ត្រូវ​បាន​សម្ដេច​ស្នើ​​ព្រះ​ចៅ​អធិការ​វត្ត​​ បង្កើត​​ថ្នាក់​​បណ្ដុះ​បណ្ដាល​ និង​បង្កើត​វង់​ភ្លេង​នេះ​ប្រចាំ​វត្ត​ផង​ដែរ​។
 
សម្ដេច ​មានប្រសាសន៍ថា​៖​«ទីអារាម​ យ៉ាង​ហោច​ណាស់ជួយ​២​រឿង ទាក់ទង​នឹង​ភ្លេង​ពិណពាទ្យ និង​ឆៃយ៉ាំ។ ភ្លេង​ពិណពាទ្យ អត់​មាន​ស្ថាន​ភាព​ខាង​ក្រៅ​រក្សា​បាន​ទេ​។ ភ្លេង​ពិណពាទ្យ​ភាគ​ច្រើន​ទុកនៅ​ទីអារាម​។ ដូច្នេះ​ចំណុច​នេះ​គួរ​តែ​លើក​ទឹកចិត្ត​ ពុទ្ធបរិស័ទ​ជួយ​ដល់​ព្រះ​សង្ឃ ដើម្បី​ទីអារាម​យើង​មាន​ភ្លេងពិណពាទ្យ»។
សំឡេងសម្តេច ហ៊ុន សែន


 

​​​វត្ត​​ក្នុង​ប្រទេស​កម្ពុជា​​មាន​ប្រមាណ​​ជាង​៤​ពាន់​វត្ត​ ហើយ​សម្ដេច​នាយក​រដ្ឋ​មន្ត្រី មើលឃើញ​ថា បើ​មាន​វត្ត​តែ​ពាក់​ណ្ដាល​ មាន​វង់​ភ្លេង​ពិណ​ពាទ្យ​ ក៏​អាច​បណ្ដុះ​បណ្ដាល​យុវជន​ និង​ក្មេង​ជំនាន់​ក្រោយ​​នៅ​តាម​មូល​ដ្ឋាន​ បាន​ច្រើន​ដែរ​។​ 
 
សម្ដេង​​បន្ត​ថា នោះ​គឺ​ជា​ការ​ថែ​មរតក​ដូន​តា​​ ហើយ​សម្ដេច​បាន​អំពាវ​នាវ​ ​ដល់​ព្រះ​ចៅ​អធិការ​វត្ត​គ្រប់​ព្រះ​អង្គ ក៏​ដូច​ជា​គណៈកម្មការ​អាចារ្យ​វត្ត​ បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ទាក់​ទាញ​ការ​ចូល​រួម​ជួយ​ឧបត្ថម្ភ​ពី​សប្បុរស​ជន ពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត ដើម្បី​ឱ្យ​ទីអារាម​ទាំង​នោះ​មាន​ភ្លេង​ពិណពាទ្យ​។ 
 
«​ភ្លេង​ពិណពាទ្យ​មិន​មែន​មាន​តម្រូវ​ការ​តែ​ក្នុង​ទីអារាម​ទេ ប៉ុន្តែ​មាន​តម្រូវ​ការ​ពេល​បុណ្យ​ទាន​ ទាំង​បុណ្យ​សព បុណ្យ​បច្ច័យ​បួន ឬ​បុណ្យ​ទាន​ផ្សេង​ៗ នៅ​តាម​គេហដ្ឋាន​ផង​ដែរ។ ​ពល​រដ្ឋ​អាច​ទៅ​សុំ​ខ្ចី​ ឬ​ព្រះ​សង្ឃ​អាច​ចូល​រួម​ជួយ​ដល់​ពលរដ្ឋ ប្រើ​ប្រាស់​ភ្លេង​ពិណពាទ្យ ជំនួស​​ឱ្យ​ការ​ចាក់​តាម​ឧគ្ឃោសនសព្ទ​»។ នេះ​ជា​ការ​​លើកឡើងរបស់​ប្រមុខរដ្ឋាភិបាលដដែល៕   

Tag:
 សិល្បៈ​
  វប្បធម៌​
  សម្ដេច ហ៊ុន​ សែន​
  ទិវាវប្បធម៌​ជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com