អន្តរជាតិ
អ្នកវិទ្យាសាស្ត្ររកឃើញច្រកសម្ងាត់នៅក្នុងមហាពីរ៉ាមីតអេហ្ស៊ីប 04, Mar 2023 , 9:40 pm
× មន្ត្រីវត្ថុបុរាណអេហ្ស៊ីបប្រកាសពីការរកឃើញច្រករបៀងលាក់សម្ងាត់ប្រវែង៩ ម៉ែត្រនៅជិតច្រកចូលសំខាន់នៃមហាពីរ៉ាមីត Giza ដែលមានអាយុ៤,៥០០ឆ្នាំ។
ការរកឃើញច្រកសម្ងាត់នៅក្នុងប្រាសទពីរ៉ាមីតស្ថិតក្នុងចំណោមសំណង់អច្ឆរិយៈទាំងប្រាំពីរនៃពិភពលោក ជាផ្នែកមួយក្រោមគម្រោងស្កែនពីរ៉ាមីតដែលធ្វើចាប់តាំងពីឆ្នាំ២០១៥មក។ អ្នកជំនាញប្រើប្រាស់វិធីសាស្រ្តជាច្រើនរួមទាំងកំដៅអ៊ីនហ្វ្រារ៉េដ និងឧបករណ៍ endoscopes ដើម្បីមើលរចនាសម្ព័ន្ធខាងក្នុងពីរ៉ាមីត។
មហាពីរ៉ាមីតនេះ ត្រូវបានសាងសង់ជាផ្នូរដ៏មហិមានៅក្នុងឆ្នាំ២៥៦០ មុនគ្រិស្តសករាជក្នុងរជ្ជកាលព្រះចៅផារ៉ាអុងឃូហ្វូ។ វាត្រូវបានសាងសង់ឡើងដល់កម្ពស់១៤៦ម៉ែត្រ ដែលជាសំណង់ខ្ពស់បំផុតដែលបង្កើតឡើងដោយមនុស្ស មុនពេលត្រូវបានបំបែកកំណត់ដោយសំណង់ Eiffel Tower ក្នុងទីក្រុងប៉ារីសនៅឆ្នាំ១៨៨៩។
ប្រធានក្រុមប្រឹក្សាជាន់ខ្ពស់នៃវត្ថុបុរាណអេហ្ស៊ីប លោក Mostafa Waziri បាននិយាយថា ច្រកសម្ងាត់ ដែលមិនទាន់បានបញ្ចប់ការសាងសង់នេះ ទំនងជាត្រូវបានបង្កើតឡើងដើម្បីជួយទ្រទ្រង់ទម្ងន់ របស់ពីរ៉ាមីតជុំវិញច្រកចូលសំខាន់ដែលមានប្រវែងជិត៧ម៉ែត្រ។
«យើងនឹងបន្តការស្កេនរបស់យើង ដូច្នេះយើងនឹងឃើញនូវអ្វីដែលយើងអាចធ្វើ... ដើម្បីរក មើលអ្វីដែលយើងអាចរកឃើញនៅក្រោមវា ឬនៅចុងបញ្ចប់នៃច្រករបៀងនេះ»។ លោក Waziri បានប្រាប់អ្នកសារព័ត៌មានបែបនេះនាសន្និសីទកាសែតមួយនៅមុខប្រាសាទពីរ៉ាមីត៕
© រក្សាសិទ្ធិដោយ thmeythmey.com