ជាតិ
កម្ពុជា ​​នឹងស្នើដាក់​​​ “ក្រមា” ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក
05, Mar 2023 , 12:00 pm        
រូបភាព
រូបពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
រូបពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ
ភ្នំពេញ​៖ កម្ពុជា​គ្រោង​ស្នើទៅ​អង្គការ​យូណេស្កូ សុំ​ដាក់​ “​ក្រមា” ក្នុង​​បញ្ជី​​​សម្បត្តិ​បេតិកភណ្ឌ​​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ​​។ គិត​ត្រឹម​​​ថ្ងៃ​ទី​៥ ​ខែ​មីនា​ឆ្នាំ​២០២៣​នេះ កម្ពុជា​បាន​រៀប​ចំ​ឯក​សារស្នើ​នោះ​ បាន​​៧០​ភាគ​រយ​ហើយ​។


លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​​បច្ចេក​ទេស​វប្បធម៌នៃ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា នៅ​ថ្ងៃ​ទី​១៧​ខែ​មីនា ឆ្នាំ២០២៣នេះ​ ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ នឹង​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​សៀម​រាប​ ដើម្បី​បង្ហាញ​ឯកសារ​ត្រៀម​ស្នើ​សុំទាំង​ឡាយ​​ ទៅ​កាន់​អ្នក​ភូមិ ក៏​ដូច​ជា​សហគមន៍​ពាក់​ព័ន្ធ ដើម្បី​ជួយ​ពិនិត្យ​ និង​ស្វែង​រក​ការ​​ឯក​ភាព​ មុន​ពេល​បញ្ចូន​ឯក​សារទាំង​​នោះ ដាក់​ស្នើ​​ទៅ​អង្គការ​យូណេស្កូ។
  

 រូបពីហ្វេសប៊ុក Preap Chnamara

ទោះ​ជា​យ៉ាង​ណា​ លោក​ ស៊ីយ៉ុន សុភារិទ្ធ​ ពុំ​បាន​បញ្ជាក់ពី​ថ្ងៃ​ដែល​នឹង​បញ្ជូន​ឯក​សារ​ទាំង​នោះ ទៅ​អង្គការ​យូណេស្កូជាក់​លាក់​ឡើយ​ ដោយ​លោក​គ្រាន់​តែ​បញ្ជាក់​ថា និង​ដាក់​ទៅ​នៅ​ក្នុង​ខែ​មីនា​នេះ​។ 
 
លោក សុភារិទ្ធ បន្ថែម​ថា ក្រសួង​វប្បធម៌​ ​មិន​អាច​ទៅ​បង្ខំ​អ្នក​ភូមិ ឬ​សហគមន៍​ឱ្យ​ដាក់​របស់​អ្វី​មួយ (មរតកវប្បធម៌​អរូបី) ​​​ស្នើ​ចុះ​បញ្ជី​ក្នុង​អង្គការ​យូណេស្កូ​ឡើយ​។​ លោក មាន​ន័យ​ថា ​អ្នក​ភូមិ​ឬ​សហគមន៍​ គឺ​ជា​អ្នក​ចង់​ដាក់ឬ​ចង់​ស្នើ​របស់ទាំង​​នោះ ទៅ​អង្គការ​យូណេស្កូ​ ​​ដោយ​ខ្លួន​ឯង​។ ​រដ្ឋាភិបាល ​ដែល​មាន​ក្រសួង​វប្បធម៌ ជាសេនាធិការ គ្រាន់​តែ​ជួយ​សម្របសម្រួល​លើ​កិច្ច​ការ​ងារ​នោះ​ប៉ុណ្ណោះ​។ 
 
«ក្រសួង​វប្បធម៌ ដើរ​តួ​ជា​រដ្ឋ​ភាគី​ជួយ​សម្រប​សម្រួល ​ព្រោះ​ឯកសារ​គតិយុត្តិ​​មួយ​ចំនួន​ អ្នក​ភូមិ​មិន​ចេះ​ ឬ​មិន​ដឹង​ពី​របៀប​​ធ្វើ​ ទើប​បាន​ជា​រដ្ឋ​ជួយ​។ ប៉ុន្តែ​រដ្ឋ​មិន​អាច​ទៅ​បង្ខំ​អ្នក​ភូមិ​ថា ត្រូវតែ​ដាក់​របស់​នេះ​ឬ​របស់​នោះ​ឡើយ​»។ នេះ​​ជា​ការ​បញ្ជា​ក់​របស់​លោក ស៊ី​យ៉ុន សុភារិទ្ធ​៕  
 
សូម​អញ្ជើញអស់​លោក លោក​ស្រី អ្នក​នាង​កញ្ញា ស្ដាប់​បទ​សម្ភាស រវាង​កញ្ញា​ ប៉ូ សាគុន អ្នករាយការណ៍របស់សារព័ត៌មានថ្មី​ៗ ជា​មួយ​លោក ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​បច្ចេក​ទេស​វប្បធម៌ ខាង​ក្រោម​៖


Tag:
 វប្បធម៌​
  សិល្បៈ​​
  ក្រមា​
  អង្គការ​យូណេស្កូ
  អរូបី​
  បេតិកភណ្
© រក្សាសិទ្ធិដោយ thmeythmey.com