ជាតិ
អ្នកគ្រូ សូ​ សុធា ថា គ្រូបង្រៀនមិនមែនសុទ្ធតែចេញពីត្រកូលអ្នកមានទេ តែជាអាជីពលើកមុខមាត់គ្រួសារ
05, Mar 2023 , 9:00 pm        
រូបភាព
អ្នកគ្រូ សូ សុធា កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅចុងខែ កុម្ភៈ នៅផ្ទះនាភូមិក្រវ៉ាន់។
អ្នកគ្រូ សូ សុធា កំឡុងពេលផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ នៅចុងខែ កុម្ភៈ នៅផ្ទះនាភូមិក្រវ៉ាន់។
សៀមរាប៖ សូ​ សុធា ជាគ្រូបង្រៀនកម្រិតមូលដ្ឋាន នៅវិទ្យាល័យបន្ទាយស្រី។ ជាអ្នកភូមិក្រវ៉ាន់ សង្កាត់នគរធំ សុធា ប្រឹងពុះពារឧបសគ្គជាច្រើន ទម្រាំប្រឡងជាប់គ្រូ និងមានអាជីពមួយដ៏ភ្លឺស្វាង។ កើតក្នុងគ្រួសារក្រីក្រ ឆ្លងកាត់ការលំបាករាប់មិនអស់ សុធា ចង់ប្រាប់ទៅកូនសិស្សដែលធ្លាប់យល់ថា គ្រូបង្រៀនកើតចេញពីគ្រួសារធូរធា តែកូនអ្នកក្រក៏អាចក្លាយជាគ្រូបង្រៀនដែរ ប្រសិនមានការតាំងចិត្ត និងប្រឹងប្រែង។
 
មានវ័យ២៣ឆ្នាំ អ្នកគ្រូ សូ សុធា បានប្រឡងជាប់គ្រូកម្រិតមូលដ្ឋាននៅឆ្នាំ២០១៩  ក្រោយប្រឡង​បាក់ឌុបរួច។ បន្ទាប់ពីចំណាយពេលរៀនគ្រូ២ឆ្នាំ សុធា បានចេញបង្រៀនជាផ្លូវការ​នៅដើមឆ្នាំ២០២២។ សុធា មានឱកាសបង្រៀននៅស្រុកកំណើតនាខេត្តសៀមរាប។ យុវតីរូបនេះ បង្រៀនថ្នាក់ទី៧ ដល់ថ្នាក់ទី៩ នៃវិទ្យាល័យបន្ទាយស្រី គឺត្រូវធ្វើដំណើរប្រមាណ២០ ទៅ៣០នាទី ពីភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប។​
 
ជាក្មេងស្រីរួសរាយរាក់ទាក់ សុធា ប្រាប់ថា នាងមានបំណងចូលរៀនឯកទេសអក្សរសាស្រ្ដខ្មែរនៅ​សាកលវិទ្យាល័យភូមិន្ទភ្នំពេញឯណោះទេ ក្រោយជាប់អាហារូបករណ៍នៅថ្នាក់ទី១២ តែបានសាកល្បង ប្រឡងគ្រូ។ យ៉ាងណា សុធា ក៏សម្រេចបោះបង់ក្ដីស្រមៃរៀនអក្សរសាស្រ្ដខ្មែរ ចូលរៀនគ្រូទាំងអាល័យ ក្រោយប្រឡងជាប់។ នាងនិយាយថា៖« ពេលដឹងជាប់គ្រូ ដំបូងគិតដែរចង់ទៅភ្នំពេញ តែអត់ហ៊ាន ខ្លាចអត់មានលទ្ធភាពរៀន ណាមួយរៀនបួនឆ្នាំ មិនដឹងប្រឡងគ្រូជាប់ឬអត់ នៅនេះយើងជាប់គ្រូស្រាប់ ដឹងតែរៀនចប់ចេញមកធ្វើគ្រូ មានក្របខណ្ឌ​ច្បាស់លាស់ ខុសឯកទេសចាំគិតក្រោយ។ ណាមួយ ដោយសារគិតថា​ជីវភាព​ខ្វះខាតផង ប្រហែលអត់មានលុយរៀនទេ»។


អ្នកគ្រូ សូ សុធា នៅក្នុងថ្នាក់រៀននាវិទ្យាល័យបន្ទាយស្រី។ រូបភាពផ្តល់ដោយអ្នកគ្រូ សូ សុធា។

តាំងពីរៀននៅស្រុកកំណើតរហូតចប់ និងពីរឆ្នាំរៀនគ្រូនៅខេត្តបាត់ដំបង សុធា ពឹងលើកង់​ជា​មធ្យោបាយ។ ពេលចេញបង្រៀនដំបូង សុធា ដែលមានឪពុកម្ដាយជាកម្មករសំណង់ មានបងប្អូន ឬអ្នកស្គាល់ជិតដិត ឌុបទៅបង្រៀនសិស្ស។ យ៉ាងណា សុធា ប្រាប់ថា មិនប៉ុន្មាននាងនិងគ្រួសារ សម្រេចខ្ចីប្រាក់ធនាគារ ដើម្បីដោះស្រាយបញ្ហានេះ។ នាងខ្ចីគេ៣ពាន់ដុល្លារ ដោយមួយចំណែក​ធំ​ទិញម៉ូតូ និងទិញកុំព្យូទ័រមួយទឹក ដើម្បីប្រើប្រាស់ក្នុងកិច្ចការសាលារៀន។ 
 
ចំណេះវិជ្ជាជាប្រទីបសម្រាប់បំភ្លឺផ្លូវជីវិត។ ចំណេះវិជ្ជា បានជួយសណ្ដោង សុធា ចាកឆ្ងាយពីភាព លំបាក។ ពេលនេះនាងមានអាជីពមួយដែលសង្គមឱ្យតម្លៃ និងចំណែកសំខាន់ជួយដល់គ្រួសារ។ សុធា និយាយដោយទឹកភ្នែករលីងរលោង និងអួលដើមកយ៉ាងដូច្នេះថា៖« ពិបាកនិយាយណាស់បង កាលនៅរៀនអត់ខ្វល់អីទេ ខំតែរៀនរួចខ្លួន តែពេលឥឡូវពិបាក»។ សុធា កាន់តែយល់ពីបន្ទុកឪពុកម្ដាយ កាលខ្លួននៅតូច ដែលតស៊ូដើរស៊ីឈ្នួលគេគ្រប់សព្វបែបយ៉ាង ដើម្បីចិញ្ចឹមគ្រួសារ និងឱ្យកូនៗបានរៀន។ 
 
សុធា រំឭកទៀតថា៖« មានអារម្មណ៍រំភើ​ប និងអរមិននឹកស្មាន។ ពេលនៅរៀនគេមើលងាយណាស់ មិត្តភក្តិ ពេលទៅរៀនគេថាមិនដឹងរៀនធ្វើអីទេ បើគង់តែធ្វើសំណង់ដដែល មួយទៀតអត់មានម៉ូតូជិះ នឹងគេ ជិះកង់រហូតដល់ចប់។ ពេលខ្លះធ្លាប់អន់ចិត្តដែរ តែមិនបង្ហាញគេឱ្យឃើញទេ តែមកផ្ទះ សំងំយំ រួចហើយខំរៀនបន្ថែម»។
 
ទោះឆ្លងកាត់ការមើលងាយពីមិត្តភក្ដិ និងអ្នកជិតខាងយ៉ាងណា ក៏ សុធា មិនចុះចាញ់ឡើយ។​ ផ្ទុយទៅវិញ យុវតីសម្បុរស្រអែម និងជាអ្នកភូមិអង្គររូបនេះ បានយកការមើលងាយទាំងនោះ ជាកម្លាំងចិត្ត​ក្នុងការ​ប្រឹងប្រែងរៀនសូត្រទ្វេរដង ព្រោះយល់ថា មានតែការសិក្សាប៉ុណ្ណោះទើបអាចផ្លាស់ប្ដូរវាសនានេះបាន។
 
ក្រោមម្លប់ដើមឈើក្បែរផ្ទះទាបជាប់ដី ជញ្ជាំងបាំងដោយស្លឹកត្នោត ដំបូលស័ង្កសី និងមិនសូវមាន​របៀបរៀបរយ អ្នកស្រី សំ នី ត្រូវជាម្ដាយ សុធា និយាយដោយមោទកភាពថា៖« នៅកន្លែងធ្វើការ កូនតេមកប្រាប់ ថាគេប្រឡងជាប់គ្រូហើយ អរណាស់ មិត្តរួមការងារគេជួយអរ គេលើកខ្ញុំផុតដី ហើយគេថា ម៉ែឯងរួចខ្លួនហើយ ម៉ែដើរធ្វើការឱ្យគេ កូនខំរៀន រហូតបានជាប់គ្រូ»។
 
ពុំមានការងារច្បាស់លាស់ ដើរត្រាច់ចរនៅស្រុកគេទាំងប្ដីប្រពន្ធ និងកូនតូចៗ៤នាក់ ស្រ្តីវ័យ ៥៦ឆ្នាំ បានរំឭកដោយទឹកមុខមាំយ៉ាងដូច្នេះថា៖« តស៊ូ ព្រោះនឹកឃើញអ៊ីចេះ អ៊ុំអត់ចេះអក្សរ សុខចិត្តឱ្យកូនចេះចុះ កុំឱ្យអ៊ុំអត់ចេះហើយ យើងជំរុញកុំឱ្យកូន ធ្វើសំណង់ដូចយើង។ គេអ្នកស្រុកនិយាយថា ពិបាកយ៉ាងនេះឱ្យកូនឈប់រៀនទៅ អ៊ុំថាអត់ទេ ឱ្យទៅ​រៀនទៅ បានប៉ុណ្ណាហូបប៉ុណ្ណឹង ឱ្យកូនរៀនឱ្យចប់ ណាម៉ែអត់ចេះហើយ កូនអត់ចេះទៀត»។
 

 អ្នកគ្រូ សូ សុធា ថតជាមួយម្ដាយអ្នកស្រី សំ នី នៅផ្ទះនាភូមិក្រវ៉ាន់ ក្រោយផ្តល់បទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
 
ក្រៅពីមានការតាំងចិត្តដូច្នេះ អ្នកស្រី សំ នី តែងប្រាប់កូនថា៖« អ៊ុំតែងប្រាប់កូន ខំរៀនកូន តស៊ូរៀនឱ្យចប់ បើមិនបានជាប់ [ធ្វើការ] អីក៏អត់ទៅ ឱ្យតែបានសញ្ញាបត្រឱ្យម៉ែមើល អ៊ុំគិតតែអ៊ីចឹងឯង»។
 
អាជីពជាគ្រូបង្រៀនរបស់ សុធា មិនត្រឹមតែផ្លាស់ប្ដូរឆាកជីវិតរបស់នាងតែម្នាក់ឯងទេ តែបានលើក​មុខមាត់​​គ្រួសារនាង​​មួយ​ផ្នែកធំ​ផងដែរ។ ដូរពីសំដីដែលធ្លាប់មើលងាយ អ្នកភូមិបានសរសើរពីវីរៈភាព របស់អ្នកស្រី សំ នី និងប្ដី ដែលមានកូនជាគ្រូបង្រៀន។ 
 
អ្នកស្រី សំ នី ទើបមករស់នៅនឹងធឹងនៅភូមិក្រវ៉ាន់រយៈពេល១៣ឆ្នាំនេះទេ ពីមុនដើរចាំដីឱ្យគេ រស់នៅជាមួយសាច់ញាតិ និងធ្វើការសំណង់នៅរាជធានីភ្នំពេញ។ អ្វីដែលជំរុញឱ្យគ្រួសារនេះសម្រេចវិល​មកស្រុកវិញ ក៏ព្រោះតែកូនស្រីតូចរបស់ពួកគេ គឺ សុធា នេះឯង ដែលទារទៅរៀន។ នាងចេះទារពុកម៉ែ​ទៅរៀន ក្រោយពេលឃើញក្មេងៗនៅតំបន់ពោធិ៍ចិនតុន ស្លៀកពាក់ស្អាតបាតទៅសាលា។ អ្នកស្រី សំ នី រំឭកថា៖« មីអូនយំ ទាររៀននៅពោធិ៍ចិនតុង ឃើញគេរៀននៅសាលាឯកជន ទើបបបួលប្ដីមកនៅស្រុក ដើម្បីបានកូនរៀន»។
 
ទំព័រជីវិតថ្មីរបស់ សុធា បានចាប់ផ្តើមបើកបន្ដិចម្ដងៗក្នុងអាជីពជាគ្រូបង្រៀនដែលនាងស្រឡាញ់។ បច្ចុប្បន្ន សុធា កំពុងរៀនថ្នាក់បរិញ្ញាបត្រឯកទេស ភូមិប្រវត្តិ នៅសាកលវិទ្យាល័យមួយនាខេត្ត បាត់ដំបង។ នាងត្រូវទៅរៀននៅថ្ងៃចុងសប្ដាហ៍ និងពេលខ្លះរៀនអនឡាញ។ ប្រសិនមានឱកាស សុធា ប្រាប់ថា មានបំណងប្រឡងយកគ្រូឧត្តម។ 
 
ក្រៅពីមានមោទកភាពសម្រាប់ខ្លួនឯង និងគ្រួសារ សុធា ក៏បានទម្លាក់ចិត្តខឹងដល់អ្នកដែលធ្លាប់ មើលងាយខ្លួនកន្លងមកដែរ។ សុធា ប្រាប់ដូច្នេះ៖« ពេលខ្លះក្រឡេកមើលអ្នកធ្លាប់មើលងាយយើង គេអត់ហ៊ាននិយាយរកយើងទេ ធ្លាប់ដៀលយើងកប់ៗ ជេរយើងសុទ្ធតែកូនអ្នកក្រ អ្នកទាំងនោះឥឡូវ ធ្វើការអត់ច្បាស់លាស់ផង»។
 

អ្នកគ្រូ សូ សុធា កំឡុងពេលបង្រៀនកូនសិស្សនៅវិទ្យាល័យបន្ទាយស្រី។ រូបភាពផ្តល់ដោយ អ្នកគ្រូ សូ សុធា

ជាមួយគ្នានេះ សុធា ក៏ចង់ប្រាប់ទៅកូនសិស្ស ដែលបានបង្ហាញការភ្ញាក់ផ្អើលពពេលបានឃើញផ្ទះខ្លួន តាមបណ្ដាញសង្គម។ សុធា និយាយដោយញញឹមថា៖« កូនសិស្សតូចៗរបស់ខ្ញុំនាំគ្នានិយាយថា មិនជឿថាផ្ទះអ្នកគ្រូទេ ធ្លាប់ឃើញតែគ្រូៗចេញមក ជិះសុទ្ធតែឡាន ម៉ូតូស្អាតៗ។ គាត់និយាយត្រូវហើយ ព្រោះខ្ញុំទើបចេញបង្រៀនដែរ។ ចង់ថា គ្រូមិនមែនសុទ្ធតែចេញពីត្រកូលអ្នកមានទាំងអស់ទេ វាមិនស្ថិត​លើជីវភាពទេ សំខាន់លើជំនាញ និងចំណេះដឹងរបស់យើងពិតប្រាកដ ពេលខ្លះវាសនាយើង​មើលមិនឃើញ»។
 
យ៉ាងណា ទើបចេញបង្រៀនមួយឆ្នាំ សុធា មានលទ្ធភាពជួយសម្រាកបន្ទុកគ្រួសារ និងបានជ្រោមជ្រែង ដល់ប្អូនៗរៀនបន្ត។ នាងប្រាប់ថា ក្ដីស្រមៃធំ គឺចង់សង់ផ្ទះឱ្យគ្រួសាររស់នៅបានស្រួលដូចគេឯង មិនចង់ឃើញ​ពេលភ្លៀងនិងខ្យល់ខ្លាំង រកកន្លែងគេងមិនបានដូចសព្វថ្ងៃឡើយ។ ក្រៅពីនេះ នាងចង់ មានមុខរបរតូចមួយនៅផ្ទះ៕

Tag:
 គ្រូបង្រៀន
  សូ​ សុធា
© រក្សាសិទ្ធិដោយ thmeythmey.com