កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
វៀតណាម នឹងផ្តល់ជំនាញឱ្យកម្ពុជារៀបចំស៊ីហ្គេម និងប៉ារ៉ាហ្គេមឆ្នាំ២០២៣
06, Mar 2023 , 7:59 pm        
រូបភាព
សម្តេច ស ខេង និងប្រធានាធិបតីវៀតណាម Vo Van Thuong ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសវៀតណាម។ រូបភាពហ្វេសប៊ុក សម្តេច ស ខេង
សម្តេច ស ខេង និងប្រធានាធិបតីវៀតណាម Vo Van Thuong ក្នុងអំឡុងទស្សនកិច្ចនៅប្រទេសវៀតណាម។ រូបភាពហ្វេសប៊ុក សម្តេច ស ខេង
លោក Vo Van Thuong ប្រធានាធិបតីវៀតណាមថ្មី នឹងចែករំលែកជំនាញរបស់វៀតណាម ដើម្បីជួយដល់កម្ពុជារៀបចំព្រឹតិ្តការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។ ការអះអាងរបស់ប្រធានរដ្ឋវៀតណាម ធ្វើឡើងតបតាមការស្នើរបស់សម្តេច ស ខេង ក្នុងអំឡុងពេលសម្តេចទៅបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាម នៅថ្ងៃទី៤ ខែមីនា។
 
ក្នុងដំណើរទស្សនកិច្ចការងារទៅប្រទេសវៀតណាម សម្តេច ស ខេង ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានរដ្ឋវៀតណាមលោក Vo Van Thuong ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីវៀតណាម។ ដំណើរទស្សនកិច្ចទៅប្រទេសវៀតណាមរបស់សម្តេចឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងស្របពេលកម្ពុជាត្រៀមរៀបចំព្រឹត្តិការណ៍សំខាន់ៗដ៏មមាញឹកក្នុងឆ្នាំ២០២៣។ 
 
ដោយសារកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ធំៗជាច្រើននៅឆ្នាំ២០២៣ ដូចជាការបោះឆ្នោតសភា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នោះ សម្តេច ស ខេង បានអំពាវនាវឱ្យវៀតណាមចែករំលែកបទពិសោធន៍ និងគាំទ្រកម្ពុជាដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ដោយជោគជ័យ។
 
តបតាមការស្នើរបស់សម្តេច​ ស ខេង លោកប្រធានរដ្ឋ Thuong បានប្តេជ្ញាចែករំលែកជំនាញរបស់វៀតណាមដល់កម្ពុជាដើម្បីរៀបចំព្រឹត្តិការណ៍នានា ជាពិសេសស៊ីហ្គេម និងប៉ារ៉ាហ្គេមដែលកម្ពុជាទទួលសិទ្ធិរៀបចំលើកដំបូងក្នុងប្រវត្តិសាស្ត្រ។
 
តាមរយៈការផ្សាយរបស់កាសែត VietNam News នៅថ្ងៃទី៦ ខែមីនា ប្រធានរដ្ឋវៀតណាមរូបនេះលើកឡើងថា វៀតណាមនឹងត្រៀមខ្លួនជាស្រេចក្នុងការចែករំលែកបទពិសោធន៍ដើម្បីជួយកម្ពុជារៀបចំព្រឹត្តិការណ៍សំខាន់ៗនៅឆ្នាំ២០២៣ ដែលរួមមានការបោះឆ្នោតសភានីតិកាលទី៧ ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម។
 
ម្ចាស់ផ្ទះកម្ពុជា នឹងចាប់ផ្តើមការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការនៅថ្ងៃទី៥ ខែឧសភា ខាងមុខនេះ នឹងបញ្ចប់ទៅវិញនៅថ្ងៃទី១៧ ខែឧសភា។ ដោយឡែក អាស៊ានប៉ារ៉ាហ្គេម នឹងចាប់ផ្តើមយុទ្ធនាការក្រោយបញ្ចប់កីឡាស៊ីហ្គេម១ខែ។
 
ក្នុងដំណើរទស្សនកិច្ចនេះ សម្តេច ស ខេង ក៏បានលើកលោកសរសើរចំពោះជំនួយរបស់វៀតណាមសម្រាប់កម្ពុជាក្នុងការរៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងឆ្នាំ២០២២ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ 
 
ក្រៅពីនោះ សម្តេច ក៏បានស្នើឱ្យវៀតណាមសម្របសម្រួលជាមួយកម្ពុជា ដើម្បីរៀបចំសន្និសីទខេត្តជាប់ព្រំដែន និងបើកច្រកព្រំដែនថ្មីចំនួនពីរលើខ្សែបន្ទាត់ព្រំដែនរួមគ្នា ដើម្បីជំរុញការកសាងព្រំដែន កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ៕
 

Tag:
 ស៊ីហ្គេម២០២៣
  សម្តេច ស ខេង
© រក្សាសិទ្ធិដោយ thmeythmey.com