ជាតិ
ស្ត្រីដែលមានសមត្ថភាព គួរជ្រោមជ្រែងស្រ្តីដែលទន់ខ្សោយ
06, Mar 2023 , 8:59 pm        
រូបភាព
លោកស្រី ទាង អេង ក្នុងវេទិកាក្រោមប្រធានបទ «ស្រ្តីនិងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ និងសិទ្ធិនារី៨មីនា» ធ្វើឡើងនៅថ្ងៃទី៥ មីនា ឆ្នាំ២០២៣។
លោកស្រី ទាង អេង ក្នុងវេទិកាក្រោមប្រធានបទ «ស្រ្តីនិងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ និងសិទ្ធិនារី៨មីនា» ធ្វើឡើងនៅថ្ងៃទី៥ មីនា ឆ្នាំ២០២៣។
សៀមរាប៖ ស្រ្តីដែលមានសមត្ថភាព និងពូកែ មិនគួររើសអើងស្រ្តីដែលខ្សោយជាងខ្លួនឡើយ។ ពួកគេគួរជួយលើកស្ទួយស្រ្តីដែលខ្សោយជាងខ្លួន យិតយោងមនុស្សស្រីឱ្យពូកែ និងរឹងមាំឱ្យបានច្រើន។
 
លោកស្រី ទាង អេង ចង់ឱ្យបញ្ឈប់វប្បធម៌រើសអើង និងប្រកាន់បក្សពួករវាងស្រ្តីនិងស្រ្តីគ្នាឯង។ លោកស្រីយល់ថា ឆ្លងកាត់ការងារសង្គមជាច្រើន លោកស្រីមើលឃើញបញ្ហានេះកំពុងកើតមានសង្គម សព្វថ្ងៃ ដែលគួរមានការកែប្រែ។ 
 


ភរិយាអភិបាលខេត្តសៀមរាបរូបនេះ លើកឡើងយ៉ាងដូច្នេះថា៖«​ គួរបញ្ឈប់ការរើសអើងស្រ្តីដូចគ្នា រួមគ្នា​ដើម្បីអភិវឌ្ឍន៍ក្នុងសង្គមទាំងអស់គ្នា។ មុនយើងទាមទារសិទ្ធិពីបុរស ដល់ឥឡូវយើង​មានសិទ្ធិ​លើសកម្រិត ឥឡូវស្រ្តីប្ដូរគំនិតរើសអើងគ្នាឯង។ នៅពេលស្រ្តីពូកែ គាត់ចាប់ផ្តើមមានអំនួត គាត់លែងស្ដាប់ និងឱ្យតម្លៃមនុស្សជុំវិញ លែងឱ្យតម្លៃក្រុមគ្រួសារ ចាប់ផ្តើមចូលសង្គម ដែលគាត់យល់​ថាអាចស្គាល់មនុស្សក្នុងសង្គមអភិជនជាច្រើន គោលដៅចង់តែស្គាល់អ្នកអភិជន តែស្រ្តីដែល​មាន​សមត្ថភាព ជាអ្នកសាមញ្ញម្នាក់ បែរជាគាត់មិនយកក្រសែភ្នែកមើល»។
 
លោកស្រីបន្ដថា៖« «ខ្ញុំចង់ឱ្យស្រ្តីមានសមត្ថភាព ដែលមានមុខនាទី និងឋានៈក្នុងសង្គម សុំប្ដូរឥរិយាបថ និងសិល្បៈនៃការចែករំលែកចំណេះដឹងទូទៅ និងការចូលក្នុងសង្គម ឃើញអ្នកពិបាកគ្នាខ្សត់ខ្សោយ តែគ្នាគ្មានឱកាសនោះ សូមផ្តល់ឱកាសឱ្យគាត់បានមានឱកាសធ្វើការងារសង្គម ឬមុខជំនួយទូទៅផង»។
 
ក្នុងវេទិកាស្រ្តី រៀបចំឡើងដោយសមាគមសហគ្រិនស្រ្តីកម្ពុជា សាខាខេត្តសៀមរាប នាថ្ងៃទី៥ មីនា ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ លោកស្រី ទាង អេង ដែលចូលចិត្តសកម្មភាពសង្គម​និងលើកស្ទួយស្នាដៃស្រ្តីនៅតាមជនបទ ផ្ដាំទៅស្រ្តីថា មិនត្រូវអន់ចិត្តចំពោះការមើលស្រាលពីអ្នកដទៃ ឡើយ។ ផ្ទុយទៅវិញ ប្រធានថ្នាក់កិត្តិយសសាខានារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ចង់ឃើញ​ស្រ្តីគ្រប់រូប​ជឿជាក់ខ្លួនឯង ឱ្យតម្លៃខ្លួនឯង ទោះត្រឹមជាស្រ្តីសាមញ្ញម្នាក់ មិនមានប្ដីជាមន្រ្តី ឬមិនមានប្ដីជាអភិជនក៏ដោយ។
 


ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លោកស្រី កែវ មុំ បានឱ្យដឹងថា បច្ចុប្បន្នម្ចាស់អាជីវកម្ម ជាស្រ្តីនៅកម្ពុជា មានជាង៦០ភាគរយ។ លោកស្រីបន្តថា ស្រ្តីជាផ្នែកមួយដ៏សំខាន់ ដែលជំរុញឱ្យវិស័យ សហគ្រិនកម្ពុជាមានភាពរីកចម្រើន ដែលក្នុងនោះក៏មានការចូលរួម និងលើកទឹកចិត្តពីបុរសផងដែរ។ 
 
អគ្គនាយកក្រុមហ៊ុន​ លីលីហ្វូដ រូបនេះលើកឡើងថា៖« ការដឹកនាំរវាងបុរស និងស្រ្តីក៏មានភាព​ខុសគ្នាខ្លះៗ បុរសមានភាពរឹង ស្រ្តីមានភាពទន់ អ៊ីចឹងទាល់តែបញ្ចូលគ្នាទើបបង្កើតអ្វីដែលអស្ចារ្យ។ ភាពអស្ចារ្យរបស់បុរស និងស្រ្តី មិនអាចខ្វះគ្នាបាន កាលណាខ្វះ មិនអាចបំពេញចន្លោះខ្វះខាតបានទេ។ បុរសក៏ជាកញ្ចក់សម្រាប់ឆ្លុះស្រ្តី ហើយស្រ្តីក៏ជាកញ្ចក់ឆ្លុះសម្រាប់បុរសដែរ»។
 
ក្នុងវេទិកាស្រ្តីដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធាន «ស្រ្តី និងបុរសក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យ» លោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានថ្លែងថា វេទិកានេះ មានបំណងចែករំលែកបទពិសោធន៍ក្នុងនាមសហគ្រិន របៀបដឹកនាំ ការទទួលខុសត្រូវ និងគំនិតច្នៃប្រឌិតក្នុងនាមសហគ្រិនក្នុងសម័យឌីជីថល។ លោកស្រីបន្ថែមថាការជ្រោមជ្រែង​ការលើកទឹកចិត្តពីដៃគូជាស្វាមីភរិយា ក៏ជាកត្តាសំខាន់ដែរ ដែលជំរុញឱ្យអាជីវកម្មមានការរីកចម្រើនល្អ៕
 

Tag:
 សហគ្រិនស្រ្តី
© រក្សាសិទ្ធិដោយ thmeythmey.com