ជាតិ
បទយកការណ៍ / បទសម្ភាសន៍
តូចចិត្តនឹងជីវភាព តែមិនបោះបង់ការសិក្សា ជួយឱ្យយុវជន សុទ្ធ ឆាយហេង ចប់បរិញ្ញាបត្រពីថៃ
07, Mar 2023 , 8:59 am        
រូបភាព
លោក សុទ្ធ ឆាយហេង ពីក្មេងរស់នៅបន្ទប់ជួល តស៊ូរៀនរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រពីប្រទេសថៃ
លោក សុទ្ធ ឆាយហេង ពីក្មេងរស់នៅបន្ទប់ជួល តស៊ូរៀនរហូតបញ្ចប់ថ្នាក់បរិញ្ញាបត្រពីប្រទេសថៃ
ភ្នំពេញ៖ ដ្បិតសាលារៀនឆ្ងាយពីផ្ទះ និងពិបាកធ្វើដំណើរ ឪពុកម្តាយ សុទ្ធ ឆាយហេង បានបង្ខំចិត្តជួលបន្ទប់ក្បែរសាលាឱ្យកូនស្នាក់នៅ ដើម្បីងាយស្រួលទៅរៀន។ ឆាយហេង ត្រូវបានប្តូរមករស់នៅឆ្ងាយពីគ្រួសារក្នុងបន្ទប់ឈើតូចមួយ តាំងពីអាយុ១០ឆ្នាំតែម្នាក់ឯង ដើម្បីរៀននៅសាលារៀនគ្រូយើង ក្នុងទីរួមខេត្តរតនៈគិរី។ ទោះជួបការលំបាកច្រើនយ៉ាងណាក្តី ប៉ុន្តែ ឆាយហេង បានខំប្រឹងរៀនសូត្ររហូតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីប្រទេសថៃដោយជោគជ័យ។ ពេលនេះ ឆាយហេង កំពុងបំពេញតួនាទីជាមន្ត្រីផ្នែកកម្មវិធីមួយរូប នៃមូលនិធីខុនរ៉ាក់(Konrad-Adenauer-Stiftung Cambodia) នៅរាជធានីភ្នំពេញ។


មានស្រុកកំណើតជាអ្នកខេត្តបាត់ដំបង គ្រួសាររបស់យុវជន សុទ្ធ ឆាយហេង បានចំណាកស្រុកមករស់នៅខេត្តរតនៈគិរី ចុងឆ្នាំ១៩៩៩។ ឆាយហេង បានលូតលាស់ និងធំដឹងក្តីក្នុងទឹកដីថ្មីនេះ ដោយមានបងប្អូន៣នាក់ និងមានឪពុកម្តាយជាអ្នកដាំ និងលក់ ក្រូចពោធិ៍សាត់ ក្រូចថ្លុង និងពោតជាដើម។ ហេតុតែស្រលាញ់ការសិក្សា និងចង់ឱ្យកូនទទួលបានការអប់រំល្អ លោក ឯក វិសុទ្ធ និងអ្នកស្រី ចែម សុធី ដែលជាឪពុកម្តាយរបស់ឆាយហេង បានប្តូរសាលាឱ្យកូនទៅសិក្សានៅសាលារៀនគ្រូយើង ដែលជាសាលាឯកជនមួយ ក្នុងទីរួមខេត្តរតនៈគិរី។ 
  

កុមារា សុទ្ធ ឆាយហេង កំពុងអានសៀវភៅ ក្នុងបន្ទប់ជួលឈើរបស់ខ្លួន។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

ដ្បិតផ្លូវពីផ្ទះទៅសាលា មានស្ថានភាពលំបាក និងមានចម្ងាយឆ្ងាយ លោក វិសុទ្ធ និងភរិយា បានសម្រេចចិត្តជួលបន្ទប់តូចមួយក្បែរសាលាឱ្យ ឆាយហេង រស់នៅ ដើម្បីងាយស្រួលទៅរៀន។ ឆាយហេង ប្តូរពីសាលាក្បែរផ្ទះទៅរៀននៅសាលាថ្មីក្នុងថ្នាក់ទី២ ដោយកុមារារូបនេះ បានរៀនមុខវិជ្ជាភាសាខ្មែរនៅពេលព្រឹក និងរៀនភាសាអង់គ្លេសនៅពេលថ្ងៃ។ 
 
រសៀលម៉ោង២ ក្រោយអាហារថ្ងៃត្រង់ ឆាយហេង បានឆ្លៀតពេលផ្តល់បទសម្ភាសជូនសារព័ត៌មានថ្មីៗ ​នៅការិយាល័យនៃអង្គការ Konrad-Adenauer-Stiftung Cambodia ដោយរម្លឹកប្រវត្តិខ្លួនថា  ៖«ខ្ញុំកើត និងធំធាត់ឡើងក្នុងខេត្តរតនៈគិរី ហើយគ្រួសារខ្ញុំនៅស្រុកលំផាត់ ភូមិអូរកាទៀង ដែលមានបងប្អូនជនជាតិដើមភាគតិចនៅក្នុងភូមិនេះច្រើនដែរ។ ដោយសារការធ្វើដំណើរពីផ្ទះរបស់ខ្ញុំមកទីរួមខេត្ត ក្រុងបានលុង ផ្លូវជំនាន់នោះមិនទាន់ក្រាលកៅស៊ូដូចរាល់ថ្ងៃទេ តែវាជាផ្លូវដីក្រហម ហើយខាងខេត្តខ្ញុំមានភ្នំផងអីផង វាពិបាកធ្វើដំណើរមែនទែន។ អ៊ីចឹងហើយឆ្នាំ២០០៨ ដោយសារប៉ាម៉ាក់គាត់ចង់ឱ្យរៀននៅសាលាឯកជន ទោះខ្វះខាតយ៉ាងណាក៏គាត់ចង់ឱ្យបានរៀនសាលាឯកជននឹងគេដែរ»។ 
  

កុមារា សុទ្ធ ឆាយហេង នាពេលរៀនថ្នាក់អុនវិទ្យាល័យនៅសាលារៀនគ្រូយើង ទីរួមខេត្តរតនៈគិរី។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

អំឡុងឆ្នាំដំបូងនៃការប្ដូរសាលា ឆាយហេង ត្រូវបានម្តាយឪពុកសម្រេចចិត្តឱ្យរស់ជាមួយម្តាយមីង ប៉ុន្តែនៅឆ្នាំ២០០៩ លោក វិសុទ្ធ និងភរិយា ក៏បានសម្រេចចិត្តជួលបន្ទប់ឱ្យកូននៅម្នាក់ឯងវិញ។ ជាការពិតណាស់ ការបណ្តែតបណ្តោយឱ្យកូនអាយុ១០ឆ្នាំរស់នៅម្នាក់ឯង គឺមិនងាយស្រួលឡើយ។ ប៉ុន្តែដើម្បីអនាគតកូន លោក វិសុទ្ធ និងអ្នកស្រី សុធី ត្រូវតែដាច់ចិត្តធ្វើដូច្នេះ ។ ដ្បិតជម្រើសសម្រាប់ ឆាយហេង គឺការរស់នៅកក់ក្តៅជាមួយឪពុកម្តាយ តែមិនបានទទួលការអប់រំល្អ និងការរស់នៅឯកា តែទទួលបានការអប់រំល្អ។ 
 
បើតាមសម្តី ឆាយហេង ម៉ោងបាយ និងពេលរៀបគេង ឪពុកម្តាយរបស់គេតែងយកពេលនោះដើម្បីប្រដៅ និងអប់រំ អំពីសារៈសំខាន់នៃការសិក្សា។ ចំពោះឪពុកម្តាយរបស់ឆាយហេង ការអប់រំ គឺស្ពានដែលអាចជួយឱ្យមនុស្សមានអនាគតល្អ។ ភាពហត់នឿយ និងការលំបាក នៃការធ្វើចម្ការ ជាកត្តាដែលឪពុកម្តាយខាងលើជំរុញ ឆាយហេង ឱ្យខិតខំរៀនសូត្រ ដើម្បីទទួលការងារល្អប្រសើរមួយ។ 
  

កុមារា សុទ្ធ ឆាយហេង ក្នុងឯកសណ្ឋានសាលាកំពុងលាងចាន។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

«សម្រាប់គាត់ ដោយសារកត្តាជីវភាពខ្វះខាត ហើយគាត់យល់ថា ភាពលំបាកក្នុងជីវិតរបស់គាត់បណ្ដាលមកពីការអប់រំអត់បានច្រើន។ អ៊ីចឹង សម្រាប់គាត់ក្តីសង្ឃឹមគឺមានតែមួយទេ គឺការអប់រំ។ គាត់តែងប្រដៅថា គាត់គ្មានអ្វីចែកឱ្យខ្ញុំទេ គាត់មានតែឱ្យឱកាសទៅរៀន ទោះបីរៀនសាលាឯកជនត្រូវបង់លុយច្រើន ក៏គាត់ខំប្រឹង ឱ្យតែយើងរៀនមែន។ បើរៀនមិនកើត គាត់គិតគូរផ្លូវផ្សេងទៀត»។ ឆាយហេង បានរៀបរាប់ពីកត្តា ដែលឪពុកម្តាយហ៊ានជួលបន្ទប់ឱ្យនៅម្នាក់ឯង ដើម្បីរៀនដូច្នេះ។ 
 
ការណែនាំ និងអប់រំម្តងហើយម្តងទៀតរបស់អ្នកមានគុណ បានក្លាយជាកម្លាំងចិត្តសម្រាប់កុមារា សុទ្ធ ឆាយហេង ក្នុងការខំប្រឹងរៀនសូត្រ និងត្រង់ត្រាប់តាមដំបូន្មានឪពុកម្តាយ ដ្បិតជឿជាក់លើការណែនាំរបស់លោកទាំងពីរ។ ទោះនៅតូច មិនទាន់អាចគិតវែងឆ្ងាយអំពីអនាគត តែ ឆាយហេង ស្តាប់បង្គាប់ឪពុកម្តាយ តស៊ូរៀន ជម្នះភាពភ័យខ្លាចក្នុងការរស់នៅម្នាក់ឯងក្នុងបន្ទប់ជួល។ 
 
រៀនរស់ដោយខ្លួនឯង ដើម្បីការសិក្សា

មករៀនដំបូង ឆាយហេង គ្មានអ្វីជាប់ខ្លួនច្រើនឡើយ មានតែឯកសណ្ឋានសិស្សសាលា២-៣សម្រាប់ និងចានឆ្នាំងតិចតួច សម្រាប់ចម្អិនអាហារ។ បន្ទប់ជួលនោះ ជាបន្ទប់ឈើ មិនតូចពេក ហើយក៏មិនធំពេកដែរ ដោយមានបន្ទប់ទឹក និងចង្រ្កានក្នុងនោះ។ ពាងទឹក និងកញ្ចក់ឆ្លុះមុខតូចមួយព្យួរជញ្ជាំង ដែលជាម៉ែត្រវាស់ដឹងថា ឆាយហេង នៅបន្ទប់នោះតាំងពីកល់ជើងម៉ាដងទឹក និងចំទើតឆ្លុះកញ្ចក់ រហូតដល់ធំដឹងក្តី ។ 
 
នៅអាយុ១០ឆ្នាំ ក្មេងជាច្រើនបានទទួលការមើលថែយ៉ាងចិត្តទុកពីឪពុកម្តាយ ខណៈ ឆាយហេង ត្រូវរ៉ាប់រងការរស់នៅដោយខ្លួនឯង។ មួយអាទិត្យម្តង កុមារារូបនេះ តែងទៅលេងផ្ទះដែលមានចម្ងាយ២០គីឡូម៉ែត្រពីទីរួមខេត្ត។ ឆាយ ហេង តែងទូរសព្ទទៅលេងម្តាយរៀងរាល់ម៉ោង ៥ល្ងាច និងឆ្លៀតសាកសួរពីដំណើរទៅលេងផ្ទះផង ដ្បិតពេលខ្លះកុមារារូបនេះ សុំអ្នកភូមិទៅជាមួយ ហើយអាទិត្យខ្លះក៏មិនបានទៅលេងផ្ទះ។ 
 
ឆាយហេង តែងទៅទិញបាយនៅផ្សារជិតបន្ទប់ជួលសម្រាប់អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ហើយពេលខ្លះក៏ធ្វើម្ហូបខ្លួងឯង។ នៅក្មេង ឆាយហេង មិនអាចធ្វើអ្វីបានច្រើនក្រៅពីដាំបាយ ចៀនពងទា និងចៀនសាច់ឡើយ។
  

ឪពុកម្តាយ និងប្អូនប្រុស ជួនដំណើរឆាយហេងទៅសិក្សានៅប្រទេសថៃនាចុងឆ្នាំ២០១៩ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

តូចចិត្ត តែមិនបោះបង់

ដ្បិតមើលឃើញពីភាពកក់ក្តៅដែលកុមារជាច្រើនទទួលបានពីគ្រួសារនោះ ឆាយហេង ក៏ធ្លាប់តូចចិត្ត និងខឹងឪពុកម្តាយទុកខ្លួនចោល ឱ្យរស់នៅឯកាម្នាក់ឯងផងដែរ ។ ឆាយហេង ជាក្មេងខ្លាចផ្គរលាន់ ដូច្នេះពេលមេឃភ្លៀង និងមានផ្គរលាន់ ជាពេលដែលកុមាររូបនេះ ភ័យខ្លាចបំផុត។
 
«កាលខ្ញុំនៅពីក្មេង ខ្ញុំខឹងដូចគ្នា ខ្ញុំមានអារម្មណ៍ថា ហេតុអ្វីបានត្រូវទុកខ្ញុំចោល ខ្ញុំតែម្នាក់ឯង។ យប់ខ្លះ ខ្ញុំយំ ព្រោះពីក្មេង ខ្ញុំខ្លាចផ្គរលាន់មែនទែន ហើយពេលភ្លៀងម្តងៗផ្ទះជួលខ្ញុំជាផ្ទះឈើ ខ្យល់ផងអីផង អារម្មណ៍យំបែបណាក៏មាន។ កាលនោះ ម៉ាក់ឱ្យទូរសព្ទតូចមួយ ទុកមានការអ្វីបន្ទាន់ខលទៅគាត់។ ទម្លាប់ខ្ញុំ ឱ្យតែពេលចេញពីរៀនម៉ោង៥ល្ងាច ហើយសួរគាត់ថា មានណាគេមកខេត្តអត់ យកកូនទៅផ្ទះផង។ តែអត់ ក៏អត់ទៅ បិទទូរសព្ទ ហើយទៅបោកខោអាវ ឬក៏ធ្វើអ្វីផ្សេង។ យប់ខ្លះ ខ្ញុំយំរហូតដល់ដេកលក់ក៏មាន ដូចថា យើងត្រូវការភាពកក់ក្តៅដែរ»។ នេះជាការលើកឡើងរបស់យុវជន សុទ្ធ ឆាយហេង អំពីអារម្មណ៍លំបាក់ក្នុងការរស់នៅបន្ទប់ជួលម្នាក់ឯង។ 
 
ការលំបាក និងភាពភ័យខ្លាច ជាមេរៀនជីវិតដ៏ជូរចត់សម្រាប់ ឆាយហេង ដែលវាបានជួយពង្រឹងស្មារតីយុវជនរូបនេះឱ្យកាន់តែរឹងមាំ មានម្ចាស់ការ ,ឯករាជ្យ និងមានការតស៊ូ។ ទោះឆ្ងាយពីគ្រួសារពិតមែន តែ ឆាយហេង មិនដែលហ៊ានភ្លើតភ្លើន វាសចាកពីគន្លងឡើយ។ 
 
ឆាយហេង ចាប់ផ្តើមដឹងក្តី និងចេះគិតពីអនាគតនៅថ្នាក់អនុវិទ្យាល័យ ជាពិសេសនៅពេលចាប់ស្គាល់បណ្ណាគារមួយក្នុងក្រុងបានលុង។ ត្បិតត្បៀតពីលុយប្រចាំអាទិត្យ ដែលបាន ៤ ឬ៥ម៉ឺនរៀល ពេលត្រឡប់មកពីលេងផ្ទះវិញ ឆាយហេង បានសន្សំទុកខ្លះដើម្បីទិញសៀវភៅ។ ការអានសៀវភៅ គឺជាភ្លើងបំភ្លឺមួយបន្ថែម សម្រាប់យុវជនរូបនេះ ឱ្យកាន់តែយល់ថា មនុស្សជោគជ័យជាច្រើនសុទ្ធតែឆ្លងកាត់អប់រំទើបអាចទៅដល់គោលដៅ។ 
 
ក្រោយទម្លាប់នឹងការរស់នៅក្នុងបន្ទប់ជួល កូនអ្នកលំផាត់រូបនេះ បានខំប្រឹងរៀនរហូតទទួលបាននិទ្ទេស C​ ក្នុងការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៧-២០១៨។ ឆាយហេង មានគោលដៅរួចជាស្រេចតាំងពីថ្នាក់វិទ្យាល័យ ក្នុងការប្រឡងចូលវិទ្យាស្ថានភាសាបរទេស IFL លើជំនាញទំនាក់ទំនងអន្តរជាតិ (DIS)។ បើតាមការលើកឡើងរបស់យុវជនខាងលើ ក្នុងចំណោមមិត្តរួមថ្នាក់ប្រមាណ៤០នាក់ មានសិស្សមិនដល់១០នាក់ឡើយ ដែលបន្តការសិក្សានៅភ្នំពេញ។ 


 លោក សុទ្ធ ឆាយហេង ពេលសិក្សានៅប្រទេសថៃ។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

ទំព័រជីវិតថ្មី លើដីក្រុង

ចាប់ផ្តើមជីវិតជានិស្សិតនៅដើមឆ្នាំ២០១៩ ឆាយហេង បានជួលបន្ទប់នៅភ្នំពេញម្តង ប៉ុន្តែមានមិត្ត៤-៥នាក់នៅជាមួយគ្នា។ ជីវិតថ្មីលើដីក្រុង កូនអ្នកខេត្តរតនៈគិរីរូបនេះ ត្រូវសម្របខ្លួនជាថ្មីម្តងទៀតនឹងបរិយាកាសថ្មី ដែលសម្បូរទៅដោយឡានម៉ូតូ និងអាគារខ្ពស់ៗ។ ដ្បិតត្រូវបង់ថ្លៃសាលាផង និងបន្ទប់ជួលផង យុវជនរូបនេះ ត្រូវឆ្លៀតធ្វើការទាំងព្រឹកទាំងថ្ងៃ និងជ្រើសយកវេនយប់មកសិក្សា។ 
 
រស់នៅជាមួយមិត្តពីស្រុកបានប្រមាណ៣ខែ ឆាយហេង បានសម្រេចចិត្តផ្លាស់មកនៅបន្ទប់ជួលម្នាក់ឯងវិញ ដើម្បីកាន់តែមានភាពងាយស្រួលជាងមុន។ បើតាម សុទ្ធ ឆាយហេង កាលនោះមកពីស្រុកមានភ្ជាប់ជាមួយចានឆ្នាំងខ្លះ ដែលច្រកក្នុងការ៉ុង ដើម្បីទុកធ្វើម្ហូបអាហារ។ ទន្ទឹមនឹងការស្នាក់នៅភ្នំពេញហាក់ឆ្ងាយខ្លាំងពីគ្រួសារ និងមិនអាចទៅលេងរៀងរាល់សប្តាហ៍ដូចមុន ឆាយហេង ក៏បានជួបការលំបាកផងដែរ។​ 
 
«ពីបឋម បញ្ហាធំ គឺនឹកផ្ទះ តែអត់បានទៅ ដែលជារឿងតូចចិត្ត អត់មានគ្រួសារនៅក្បែរ។ តែពេលមកដល់មហាវិទ្យាល័យ តូចចិត្តដែរ តែតូចចិត្តរបៀបផ្សេង។ ឆ្នាំដែលខ្ញុំពុះពារជាងគេ គឺពាក់កណ្តាលឆ្នាំ២០១៩ ហើយនៅផ្ទះជួលម្នាក់ឯង។ ទោះបីយើងនៅម្នាក់ឯងយូរហើយ តែ២០១៩ មានអារម្មណ៍ថាឯកាមែនទែន ដូចថាពេលខ្លះពិបាក តែមិនដឹងប្រាប់នរណា។ មួយទៀតក៏ហ៊ានប្រាប់អ្នកផ្ទះដែរ។ អ៊ីចឹងមានរឿងក៏ខាំមាត់ទ្រាំជាមួយខ្លួនឯង»។ នេះជាការលើកឡើងរបស់យុវជន សុទ្ធ ឆាយហេង ពីការលំបាកក្នុងការរស់នៅទីក្រុងភ្នំពេញ។ 
 
ទោះត្រូវធ្វើការផង និងរៀនផងក្តី តែយុវជនរូបនេះ ក៏មិនបោះបង់ឱកាសប្រឡងយកអារូបករណ៍នៅក្រៅប្រទេសឡើយ ដ្បិតវាអាចជួយសម្រួលជីវភាពច្រើន។ ឆាយហេង ប្រឡងយកអាហារូបករណ៍នៃសាកលវិទ្យាល័យធម្មសាស្រ្តក្នុងប្រទេសថៃ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ ផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ នៅចុងខែមិថុនា ឆ្នាំ២០១៩។ និស្សិតរូបនេះ ទទួលដំណឹងពីលទ្ធផលនៃការប្រឡងនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ហើយខាងសាលាបានតម្រូវឱ្យហោះហើរទៅនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩។ 
  

លោក សុទ្ធ ឆាយហេង ក្នុងសម្លៀកបំពាក់ទទួលសញ្ញាបត្រនៃសាកលវិទ្យាល័យធម្មសាស្រ្តក្នុងប្រទេសថៃ នៅមហាវិទ្យាល័យវិទ្យាសាស្រ្តនយោបាយ ផ្នែកនយោបាយ និងទំនាក់ទំនងអន្តរជាតិ ។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

មិនរាថយនឹងការលំបាក តស៊ូយកអាហារូបករណ៍នៅប្រទេសថៃ

រយៈពេល១ខែ ក្រោយទទួលដំណឹងពីការប្រឡងជាប់ ឆាយហេង និងនិស្សិតខ្មែរផ្សេងទៀត ត្រូវត្រៀមខ្លួនយ៉ាងប្រញាប់ប្រញាល់ដើម្បីឱ្យទាន់ថ្ងៃបើកប​វេសនកាល។ ដ្បិតរវល់ក្នុងការត្រៀមឯកសារ និងរៀបចំសម្ភារៈផ្សេងៗ ឆាយហេង និងនិស្សិតខ្មែរ៤នាក់ទៀត បានទៅដល់ទីក្រុងបាងកកដោយមិនបានកក់កន្លែងស្នាក់នៅ។ 
 
ក្រោយទទួលបានការណែនាំពីខាងសាលា ឆាយហេង និងមិត្តរួមជំនាន់ ក៏រកបានកន្លែងស្នាក់នៅរួមគ្នាសមរម្យមួយ។ ដោយសារត្រូវរៀបចំកន្លែងស្នាក់នៅ ឆាយហេង ត្រូវការចំណាយច្រើនក្នុងខែដំបូង ដើម្បីទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលជាហេតុធ្វើឱ្យរូបគេជួបការលំបាក ដ្បិតត្រូវសុំជំនួយពីអ្នកផ្ទះ។ 
 
«ពេលទៅដល់ថៃភ្លាមក៏លំបាកខ្លាំងសម្រាប់ខ្ញុំដែរ។ ខ្ញុំអត់ចេះថៃ ហើយគ្រប់យ៉ាងត្រូវការលុយ។ សាលាគេទម្លាក់លុយមកមែន តែក៏ត្រូវការពេលខ្លះដែរ ដូច្នេះខ្ញុំត្រូវពឹងផ្អែកលើគ្រួសារច្រើនដែរ។ នៅពេលខ្ញុំសុំអ្វីពីគ្រួសារខ្ញុំ វាជារឿងមួយដែលលំបាកសម្រាប់ខ្ញុំ ហើយវាក៏លំបាកសម្រាប់ពួកគាត់ដែរ។ ពេលនោះ គឺពិបាកណាស់ ពិបាកចិត្តណាស់»។ ឆាយហេង បានលើកឡើងដូច្នេះអំពីការលំបាកពេលទៅដល់ថៃដំបូង។
 
ទោះជួបលំបាកក្នុងការរស់នៅ ដោយសារមិនចេះភាសាថៃ ប៉ុន្តែ ឆាយហេង មិនពិបាកក្នុងការសិក្សាឡើយ ដោយសារសាលាបង្រៀនជាភាសាអង់គ្លេស។ អំឡុងពេលនោះ ឆាយហេង មិនហ៊ានចេញក្រៅ ឬទៅណាក្រៅពីសាលារៀនឡើយ ដោយសារត្រូវត្បិតត្បៀតលើការចាយវាយ និងត្រូវសន្សំសំចៃច្រើន។ ក្រោយឆ្លងកាត់ការលំបាកប្រហែល ៣ខែដំបូង នៅខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថានភាពបានធូរស្រាលច្រើន ហើយនិស្សិតអាហារូបករណ៍រូបនេះ បានរស់នៅយ៉ាងល្អប្រសើរ និងសប្បាយចិត្ត។ 
 

ឆាយហេង កំពុងបំពេញតួនាទីជាមន្ត្រីផ្នែកកម្មវិធីមួយរូប នៃមូលនិធីខុនរ៉ាក់(Konrad-Adenauer-Stiftung Cambodia)។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

រហូតដល់ឆមាសទី២ ក្នុងឆ្នាំសិក្សាទី១ ដែលពេលជំងឺកូវីដ-១៩ រាតត្បាតខ្លាំងក្នុងទីក្រុងបាងកក ឆាយហេង និងមិត្តនិស្សិតខ្មែរ ក៏បានពិភាក្សាគ្នាពីវិលត្រឡប់មកប្រទេសខ្មែរ។ ដើមឆ្នាំ២០២០នោះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដខ្លាំង ដោយសារជំងឺកូវីដ រាលដាលខ្លាំង ខ្វះមន្ទីរពេទ្យ និងមនុស្សជាច្រើនបានបាត់ជីវិតរៀងរាល់ថ្ងៃ។ 
 
មកដល់ស្រុកកំណើតបាន១ថ្ងៃ កម្ពុជា ក៏បានប្រកាសបិទខ្ទប់ ដើម្បីការពារការរីករាលដាលនៃជំងឺកូវីដ។ អំឡុងពេលនោះ ឆាយហេង បានចំណាយពេលរៀនតាមប្រព័ន្ធអនឡាញ។ ដោយសារចំណាយពេលរៀនតែមួយមុខ ឆាយហេង ក៏បានសម្រេចចិត្តដាក់ពាក្យ​ចូលហាត់ការងារនៅ Konrad-Adenauer-Stiftung Cambodia និងបានចាប់ផ្តើមការងារនៅខែកក្កដា ឆ្នាំ២០២០។ ក្រោយហាត់ការងារបាន ៣ខែ យុវជនរូបនេះ ក៏បានក្លាយជាបុគ្គលិកពេញសិទ្ធិម្នាក់។
 
រហូតដល់ស្ថានភាពធូរស្រាលនៅឆ្នាំ២០២២ សាលារៀនតម្រូវឱ្យសិស្សទាំងអស់ទៅសិក្សាក្នុងថ្នាក់វិញ ដែលជាហេតុធ្វើឱ្យ ឆាយហេង ត្រូវហោះឡើងចុះ ដើម្បីទៅរៀនផង និងបំពេញតួនាទីនៅភ្នំពេញផង។ យ៉ាងណាមិញ វាមិនបានបង្កផលប៉ះពាល់ដល់ការចំណាយឡើយ ដោយសារក្រៅពីរៀនដោយមិនបង់ថ្លៃនិងប្រាក់ប្រចាំខែ អាហារូបករណ៍នេះ ក៏មានការរ៉ាប់រងលើការធ្វើដំណើរដែរ។ 
 
ទោះមានកាតព្វកិច្ចច្រើន និងរវល់យ៉ាងណា ឆាយហេង នៅតែអាចបញ្ចប់ការសិក្សាដោយជោគជ័យ ជាមួយលទ្ធផលល្អប្រសើរផងដែរនៅខែ មករា ឆ្នាំ២០២៣។ ឆាយហេង បាននិយាយទាំងញញឹមថា៖«ពេលទៅផ្ទះថ្ងៃចូលឆ្នាំចិន ខ្ញុំបានប្រាប់ពួកគាត់ថា ខ្ញុំរៀនចប់ហើយ។ ម៉ាក់ខ្ញុំ កម្រអត់ទៅលក់ណាស់[លក់ក្រូច] ទោះឈឺក៏គាត់មិនងាយឈប់ដែរ តែឆ្នាំនេះគាត់អត់ទៅលក់២ថ្ងៃ ហើយខ្ញុំឃើញថាគាត់សប្បាយចិត្ត។ ទីបំផុតខ្ញុំបានធ្វើឱ្យគាត់សប្បាយចិត្តហើយ ដែលជាអ្វីមិនអាចកាត់ថ្លៃបាន»។ 
 


លោក សុទ្ធ ឆាយហេង និងក្រុមការងារKonrad-Adenauer-Stiftung Cambodia។ រូបភាពពី៖ លោក សុទ្ធ ឆាយហេង

ក្រោយសម្រេចបំណងឪពុកម្តាយ យកសញ្ញាបត្រជូនគ្រួសារ កូនប្រុសច្បងរូបនេះ មានឆន្ទៈផ្សព្វផ្សាយ និងចែករំលែក អំពីសារសំខាន់នៃការសិក្សានៅសាកលវិទ្យាល័យ។ ឆាយហេង ចង់ជំរុញឱ្យយុវជនជំនាន់ក្រោយ មិនត្រូវបោះបង់ការសិក្សាត្រឹមថ្នាក់ទី១២ ទោះរស់នៅខេត្តដាច់ស្រយាលយ៉ាងណាក្តី។ កូនអ្នកខេត្តរតនគិរីរូបនេះ នឹងនាំយកកម្មវិធីជាច្រើនទៅកាន់បណ្តាខេត្តមួយចំនួន ដើម្បីបណ្តុះ និងជំរុញយុវជនឱ្យយល់ដឹងអំពីតម្លៃនៃការអប់រំ។ 
 
ក្រៅពីនេះ យុវជន សុទ្ធ ឆាយហេង ក៏មានគោលដៅបន្ទាប់ ក្នុងការបន្តប្រឡងយកអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសលោកខាងលិចផងដែរ។ ដោយសារធ្លាប់ទទួលបានអាហារូបករណ៍ពីប្រទេសនៅអាស៊ី ឆាយហេង មានបំណងចង់សិក្សានៅបរិយាកាសថ្មីម្តង ដូចជា អូស្រ្តាលី និងណូវែលហ្សេឡង់ជាដើម៕
 

Tag:
 ជីវព័ត៌មាន
  សុទ្ធ ឆាយហេង
  ជួលផ្ទះ
  រតនគិរី
  បរិញ្ញាបត្រ
© រក្សាសិទ្ធិដោយ thmeythmey.com