ជាតិ
រដ្ឋមន្រ្តីសាធារណការ កំពុងពិចារណាបំពាក់ QR-codeលេខឡានចាស់ៗ ដោយឥតគិតថ្លៃ
07, Mar 2023 , 10:29 pm        
រូបភាព
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបយកពីក្រសួងសាធារណការ
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។ រូបយកពីក្រសួងសាធារណការ
ដោយ:
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរកមធ្យោបាយ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្ដូរលេខរថយន្តចាស់ៗទាំងអស់ ដែលពុំទាន់មាន QR code ឱ្យប្រើប្រាស់ដោយឥតគិតថ្លៃ។


លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងកម្មវិធីអបអរសាទរ ខួប៣ឆ្នាំ លេខពិសេសផ្ទាល់ខ្លួន នៅសួនវត្តបទុម នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ថា បច្ចុប្បន្ន ស្លាកលេខរថយន្តមាន ២ គឺលេខចាស់ៗ មិនទាន់មាន QR code និងមួយទៀត ជាលេខដែលក្រសួងបានរៀបចំដាក់តាមប្រព័ន្ធអនឡាញ មាន QR codeទាំងអស់។ 
 
រដ្ឋមន្រ្តីរូបនេះ បានបន្តថា ក្រសួង កំពុងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីប្ដូរលេខឡានចាស់ៗទាំងអស់ ដែលគ្មាន QR code ឱ្យដាក់ QR codeវិញ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង។ ក្រសួងទាំងពីរនេះ បានពិភាក្សាគ្នា ដើម្បីឱ្យម្ចាស់រថយន្តប្រើប្រាស់ស្លាកលេខចាស់ៗ ដែលគ្មាន QR code ប្ដូរមកប្រើប្រាស់ស្លាកលេខបំពាក់ QR code ដោយឥគិតថ្លៃ។ លោកបានបញ្ជាក់ថា ការដាក់ QR codeនេះ កំពុងស្ថិតក្នុងការពិភាក្សាគ្នា ដោយសារត្រូវប្រើប្រាស់ថវិកាជាតិច្រើន។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា៖ «QR code វាជួយបានច្រើនណាស់ នៅពេលដែលយើងដាក់ទូរសព្ទស្កែន វានឹងបញ្ជាក់ប្រាប់ថា ស្លាកលេខក្លែងក្លាយ ឬមិនក្លែងក្លាយ។ មួយវិញទៀត ពេលដែលត្រូវផាកពិន័យ យើងអាចរកទីលំនៅពួកគាត់ឃើញ»។
 
ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល ក៏រំពឹងថា ការលក់លេខពិសេស នឹងកើនឡើងជាង ៥ភាគរយបន្ថែមទៀត នៅឆ្នាំ២០២៣នេះ ដោយសារសេដ្ឋកិច្ចកម្ពុជា មានការរីកចម្រើន។
សូមជម្រាបថា គិតចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ ក្រសួងសាធារណការ បានលក់លេខចុះបញ្ជីរថយន្តសរុប ១១៨ពាន់លេខ ដែលទទួលបានថវិកាជាង ៥៤លានដុល្លារអាម៉េរិក ។

ក្នុងនោះ លក់លេខពិសេសបានជាង ១០ម៉ឺនលេខ ទទួលថវិកាជិត ២៦លានដុល្លារអាម៉េរិក និងលក់លេខពិសេសផ្ទាល់ខ្លួន ជាង ១៦ពាន់លេខ បាបថវិកាជាង ២៨លានដុល្លារអាម៉េរិក៕
 
 

Tag:
 QR-codeលេខឡាន
  ក្រសួងសាធារណការ
© រក្សាសិទ្ធិដោយ thmeythmey.com