អន្តរជាតិ
EU ដាក់ទណ្ឌកម្មមនុស្ស៩នាក់ជុំវិញអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិស្ត្រី
08, Mar 2023 , 12:29 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសហូឡង់ Wopke Hoekstra។ រូបថត AFP
រដ្ឋមន្រ្តីការបរទេសហូឡង់ Wopke Hoekstra។ រូបថត AFP
សហភាពអឺរ៉ុប (EU) នៅថ្ងៃទី៧ ខែមីនា បានដាក់ទណ្ឌកម្មលើមនុស្សប្រាំបួននាក់រួមទាំងមេបញ្ជាការ​រុស្ស៊ីពី​រ​នាក់​ដែលជាប់ពាក់ព័ន្ធក្នុងសង្គ្រាមនៅអ៊ុយក្រែននិងអង្គការ​ចំនួនបីដែលត្រូវទទួលខុសត្រូវ​ចំពោះអំពើហិង្សាផ្លូវភេទ និងការរំលោភសិទ្ធិស្ត្រី។
 
នេះជាលើកទីមួយហើយដែល EU ដាក់ចេញកញ្ចប់ទណ្ឌកម្មសំដៅលើជនល្មើសនៃអំពើហិង្សាផ្លូវភេទចាប់តាំងពីឆ្នាំ២០២០។ ទណ្ឌកម្មនេះក៏ផ្តោតទៅលើប៉ូលិសពីរនាក់នៅទីក្រុងមូស្គូ មន្ត្រីតាលីបង់ពីរ​នាក់ និងបុគ្គលផ្សេងទៀតនៅមីយ៉ាន់ម៉ា និងស៊ូដង់ខាងត្បូង។ នេះបើយោងតាមបញ្ជីរបស់ EU ដែលរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន Reuters។ EU មិនបានបញ្ចេញឈ្មោះអ្នក​ដែល​រង​ទណ្ឌកម្ម​នោះឡើយ ប៉ុន្តែអត្ត សញ្ញាណរបស់ពួកគេត្រូវបានផ្សព្វផ្សាយ​ក្នុងទិនានុប្បវត្តិផ្លូវការរបស់​ប្លុកមួយនេះ​មុនទិវាសិទ្ធិនារីអន្តរជាតិ។
 
«តាមរយៈការដាក់ទណ្ឌកម្មទាំងនេះ យើងកំពុងផ្ញើសារយ៉ាងច្បាស់ទៅកាន់ជនល្មើសថា ពួកគេនឹងមិន​រួចផុតពីឧក្រិដ្ឋកម្មរបស់ពួកគេឡើយ»។ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Wopke Hoekstra បាន​និយាយបែបនេះរួចបន្តថា នេះក៏ជាសារមួយទៅកាន់ជនរងគ្រោះថា EU នឹងគាំទ្រពួកគេមិន​ថា​នៅ​ទីណានោះឡើយ។
 
វិធានការនេះរួមមានការបង្កកទ្រព្យសម្បត្តិណាមួយដែលបុគ្គលនិងអង្គការរងទណ្ឌកម្មកំពុងកាន់កាប់​នៅបណ្ដាប្រទេសសមាជិក EU និងការហាមឃាត់ការធ្វើដំណើរចូលទៅក្នុងអឺរ៉ុបផងដែរ។ ក្រុមហ៊ុន​នៅ EU ក៏ត្រូវបានហាមឃាត់មិនឱ្យផ្តល់សេវាកម្មដល់អ្នកដែល​ស្ថិតនៅក្រោមការដាក់​ទណ្ឌកម្មផងដែរ។
 
បើតាមបញ្ជី មេបញ្ជាការរុស្ស៊ីនៅក្នុងសង្គ្រាមរបស់ទីក្រុងមូស្គូនៅអ៊ុយក្រែនឈ្មោះ​​ Nikolay Kuznetsov និង លោក Ramil Ibatullin ។ លោក Kuznetsov ជាសមាជិក​នៃ​អង្គភាព​បាន​ចូល​រួម​ជា​ប្រព័ន្ធនៅក្នុងអំពើហិង្សាផ្លូវភេទ និងការរំលោភ​នៅអ៊ុយក្រែន​ចន្លោះខែមីនា ទៅខែមេសា ឆ្នាំ២០២២។ ចំណែកលោក Ibatullin បានដឹកនាំសកម្មភាពអំពើហិង្សា​ផ្លូវភេទ និងយេនឌ័រប្រឆាំង​នឹង​ប្រជាជន​ស៊ីវិលអ៊ុយក្រែន៕
 

Tag:
 អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com