ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកជំនាញអប់រំ ស្នើឱ្យចាត់វិធានការតឹងរឹងលើស្រ្តីរកស៊ីតាមអនឡាញ ដែលស្លៀកសិចស៊ីហួសហេតុ
08, Mar 2023 , 2:00 pm        
រូបភាព
អ្នកស្រី លឹម វិរិយ៉ា  សាស្រ្តាចារ្យធុរកិច្ចនៅកម្ពុជា  និង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាងប់រំនៅកម្ពុជា
អ្នកស្រី លឹម វិរិយ៉ា សាស្រ្តាចារ្យធុរកិច្ចនៅកម្ពុជា និង លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាងប់រំនៅកម្ពុជា
ដោយ៖ សុង សុធាវី
ភ្នំពេញ៖ អ្នកជំនាញអប់រំ ស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ ចាត់វិធានការតឹងរឹងលើស្រ្តីលក់អនឡាញដែលស្លៀកសិចស៊ីហួសហេតុ។ ពួកគេចាត់ទុកស្រ្តីដែលបង្ហាញភាពសិចស៊ីជ្រុលហួសហេតុក្នុងមុខរបរខ្លួន ប្រៀបដូចកំពុងរកស៊ីផ្លូវភេទ  ដែលវាជះឥទ្ធិពលអាក្រក់ដល់ៗក្មេងតូចៗ និងនាំឱ្យប៉ះពាល់ដល់តម្លៃស្រ្តីខ្មែរផ្សេងទៀត។
 
ដើម្បីកាន់តែពិស្តារ សូមលោកអ្នកនាង ស្តាប់បទសម្ភាស២ដោយឡែកពីគ្នា រវាង កញ្ញា សុង សុធាវី  អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក គង់ សំនៀង ប្រធានសហព័ន្ធសេវាអប់រំ និង អ្នកស្រី លឹម វិរិយ៉ា សាស្រ្តាចារ្យផ្នែកធុរកិច្ច  ដូចតទៅ៖ 



 
កញ្ញា សុង សុធាវី៖ លោកប្រធាន ដោយសារតែលោកជាអ្នកជំនាញអប់រំ​មានបទពិសោធជាង២០ឆ្នាំ ហើយសហព័ន្ធសេវាអបំនៅកម្ពុជា មានសមាជិកជាង១០០ស្ថាប័ន ដែលក្នុងនោះមានចំនួនសិស្សស្រី ច្រើនជាងសិស្សប្រុស តើមានការពង្រឹងចំណេះដឹងផ្នែក សុជីវធម៌ សីលធម៌ ដូចពួកគេយ៉ាងដូចម្តេច?
 
លោក គង់ សំនៀង៖  ការពង្រឹងសុជីវធម៌ យើងមិនពង្រឹងតែទៅលើសិស្សស្រីទេ តែយើងត្រូវធ្វើទាំងអស់ ហើយវាជាការដែលត្រូវចូលរួមទាំងអស់គ្នា។ អ្វីដែលខ្ញុំព្រួយបារម្ភ ហើយតែងតែជជែកវែកញែក ជាមួយក្រុមប្រឹក្សាភិបាល និងសមាជិកផ្សេងៗដែរ នោះគឺការបំពុលផ្សេងៗនៅក្នុងប្រព័ន្ធបណ្តាញសង្គម ទាំងក្នុងយូធូប តិកតុក ហ្វេសប៊ុក ។ល។ ដែលវាកំពុងជះឥទ្ធិពលច្រើន ហើយធ្វើឱ្យគុណតម្លៃស្រ្តីមានការធ្លាក់ចុះ។
 
ដូចអ្នកលក់អនឡាញន៍ខ្លះ ដែលចង់ឱ្យផលិតផលខ្លួនលក់ដាច់បានប្រើប្រាស់សំដីមិនសមរម្យ អាសអាភាស ហើយអាហ្នឹងវាជះឥទ្ធិពលអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ ពិសេសគឺក្មេងស្រីតែម្តង។ វាមិនត្រឹមតែជាគំរូមិនល្អសម្រាប់តែក្មេងស្រីទេ តែក្មេងប្រុសៗក៏គាត់យកគំរូតាម  ហើយឥឡូវឃើញមានចេញផ្សាយច្រើនទាក់ទងការផលិតវីដេអូ ដែលដាក់ចំណងជើងថាជារឿងអប់រំ​ តែតាមពិតបែជាប្រើពាក្យសំដី និងកាយវិការមិនសមរម្យទៅវិញ ហើយទាំងនេះវាជះឥទ្ធិពលអាក្រក់ទៅកាន់ក្មេងស្រីៗ ពិសេសកូនៗដែលជាសិស្សានុសិស្សហ្នឹង។ អ៊ីចចឹងចង់បញ្ជាក់ដែរថា យើងជាអ្នកអប់រំតែងព្យាយាមលើកគុណតម្លៃ ហើយតែងបញ្ជ្រាបឱ្យបានគ្រប់សព្វ ហើយភាសាអប់រំ រាប់បញ្ចូលទាំងលោកគ្រូអ្នកគ្រូនៅក្នុងសាលា មាតាបិតានៅក្នុងផ្ទះ ព្រមទាំងសង្គមនៅខាងក្រៅផងដែរ។ សង្គមនៅខាងក្រៅហ្នឹងគឺបណ្តាញសង្គមដែលវាកំពុងតែជះឥទ្ធិពលអាក្រក់ ដែលទាមទារឱ្យយើងចូលរួមទាំងអស់គ្នា។ បើសិនយើងគិតថាវាមិនល្អហើយ យើងកុំទៅចុចវា យើងកុំចែករំលែកបន្ត ព្រោះវាធ្វើឱ្យការសាយភាយកាន់តែរីកធំ កាន់តែមានឥទ្ធិពលអាក្រក់ទៅកាន់ក្មេងៗស្រី ដែលអាចឱ្យគាត់យកជាគំរូតាម។ 
 

លោក  គង់  សំនៀង  ប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជា រូបភាពរបស់សារព័ត៌មានថ្មីៗ
 
កញ្ញា សុង សុធាវី៖ លោក គង់ សំនៀង នាងខ្ញុំចង់សង្កត់ធ្ងន់ថា ជះឥទ្ធិពលអាក្រក់ដល់សិស្សស្រី និងសិស្សប្រុសថែមទៀត តើលោកមើលឃើញថា វាកាន់តែអាក្រក់បែបណាទៀត នៅរយៈពេលប្រាំឆ្នាំ ទៅ១០ឆ្នាំខាងមុខ?
 
លោក គង់ សំនៀង៖ នៅក្នុងទម្រង់នៃការរីកចម្រើនផ្នែកបច្ចេកវិទ្យា ពិសេសតាមរយៈបណ្តាញសង្គមជាច្រើនហ្នឹង! យើងឃើញថា ពេលនេះវាកាន់តែធ្វើនូវគំរូអាក្រក់ច្រើន ហើយគំរូអាក្រក់នេះ វាធ្វើឱ្យក្មេងៗមានការទោទន់ យកនូវគំរូអាក្រក់ទាំងហ្នឹងទៅអនុវត្តន៍តាម ហើយយើងនិយាយបែបនេះ មិនមែនទម្លាក់កំហុសលើខាងណាទេ តែជាការចូលរួមទាំងអស់គ្នា។ ក្រសួងរបស់យើងក៏លោកបានចេញផ្សាយនូវគំរូ ក៏ដូចជាសារល្អៗដែរ ដល់ក្មេងៗស្រ្តី។ អ៊ីចឹងយើងក៏ឃើញ រាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធលោកក៏បានប្រឹងប្រែងដែរ ពាក់ព័ន្ធនឹងការចាត់វិធានការទប់ស្តាត់ ទង្វើ ពាក្យសំដី អាក្រក់ៗ ដែលវាកំពុងតែជះឥទ្ធិពលដល់សង្គមយើង។
 
កញ្ញា សុង សុធាវី៖ លោកប្រធាន  ដោយសារ យើងមើលឃើញថា សកម្មភាពមួយចំនួនកើតឡើងហើយក៏ស្ងាត់ទៅវិញ ហើយបន្តឡើតឡើងទៀត ដដែលៗ តើលោកនឹងចូលរួមបែបណាក្នុងនាមសហព័ន្ធសេវាអប់រំ ដែលមានសមាជិកទាំងសាលារៀង និង វិទ្យាស្ថានអប់រំជាង១០០ ស្ថាប័នក្នុងដៃ?
 
លោក គង់ សំនៀង៖ ឃើញថារយៈកាលកន្លងមក ហ្នឹងហើយ ឃើញមានការចាត់វិធានការដែរ ទៅលើអ្នកថតវីដេអូ និង អ្នកលក់អនឡាញ់ន៍មួយចំនួន តែក្រោយមកក៏មានការសុំទោសអីវិញអ៊ីចឹងទៅ។ ប៉ុន្តែក្នុងនាមជាអ្នកធ្វើខាងអប់រំ ដែលមានសមាជិកជាង១០០សាលា គឺយើងលើកទឹកចិត្តឱ្យមានវិធានការតឹងរឹងជាងហ្នឹងបន្តិច ហើយកុំគ្រាន់តែសុំទោស។ ទទួលស្គាល់ថាយើងជាខ្មែរដូចគ្នា តែពេលខ្លះការអនុវត្តន៍វិធានការណ៍មិនតឹងរឹង នោះនាំឱ្យសកម្មភាពអាក្រក់នៅតែកើតមានឡើង។ កំហុសកើតឡើងម្តងជាពីរដងហើយ ក្រៅពីពាក្យថាសុំទោស តើមានអ្វីផ្សេងអត់? ហើយសំនូមពរដែរ អ្នកដែលបង្កើតវីដេអូ និងអ្នកដែលផ្សាយផ្ទាល់នូវសកម្មភាពលក់ឡេ ឬ ផលិតផលអនឡាញន៍មួយចំនួន ចូលចិត្តសិចស៊ីជ្រុល ហើយប្រើពាក្យមិនសមរម្យ ។ល។ គួរតែជ្រើសរើសរកវិធីផ្សេងក្នុងការឱ្យមុខរបររបស់ខ្លួនអាចដើរទៅមុខ ជៀសវាងការធ្វើបែបនេះ ដែលវាមើលទៅមិនសមរម្យទាល់តែសោះ។ ទង្វើអាក្រក់ ហើយយកមកធ្វើឱ្យការលក់អនឡាញន៍របស់ខ្លួនជោគជ័យ នោះវាជាការរកស៊ីរយៈពេលខ្លី! អ៊ីចង វាមិនអាចដំណើរការក្នុងរយៈពេលវែងទៅមុខឡើយ គឺវាបានតែមួយឆាវៗទេ។ ខ្ញុំឃើញអ្នកលក់អនឡាញន៍ខ្លះគេល្អ ហើយគេរកតាមវិធីត្រឹមត្រូវរបស់គេ នោះគេល្បីមួយបែបរបស់គេ។ តែមិនមែនល្បីតាមបែប អាសអាភាស​ សំដីមិនសមរម្យ ឬ កាយវិការមិនសមរម្យនោះទេ។
អ៊ីចឹងក្នុងនាមវិស័យអប់រំ យើងមិនគាំទ្រទេ ហើយស្នើឱ្យក្រសួងលោកចាត់វិធានការណ៍លើបុគ្គលមួយចំនួន ដែលនៅតែបន្តសកម្មភាពមួយចំនួន នាំឱ្យប៉ះពាល់ដល់គុណតម្លៃស្រ្តី និង សង្គមខ្មែរយើង។  
 
បន្ទាប់មកទៀតនេះ សូមលោកអ្នកនាងស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ អ្នកស្រី លឹម វិរិយ៉ា សាស្រ្តាចារ្យធុរកិច្ច និងជាអ្នកជំនាញផ្នែកទីផ្សារ ដូចតទៅ៖





 អ្នកស្រី លឹម វិរិយ៉ា  សាស្រ្តាចារ្យធុរកិច្ច និងជាអ្នកជំនាញផ្នែកទីផ្សារ នៅកម្ពុជា រូបភាពផ្តល់ដោយ អ្នកស្រីផ្ទាល់..
 
កញ្ញា សុង សុធាវី៖  ក្នុងនាមជាអ្នកអប់រំមួយរូប តើអ្នកស្រីមើលឃើញពីភាពឆ្គាំឆ្គងដូចម្តេចខ្លះ ចំពោះការបង្ហាញភាពសិចស៊ី ជាមធ្យាបាយក្នុងការធ្វើទីផ្សារ របស់ស្រ្តីរកស៊ីលក់អនឡាញន៍មួយចំនួនសព្វថ្ងៃនេះ?
 
អ្នកស្រី លឹម វិរិយ៉ា៖ តាមពិតទៅទោះបីជាចូលចិត្ត ឬ មិនចូលចិត្ត ក៏គួរតែគិតគូរដល់ផលប្រយោជន៍ផ្ទាល់ ឬ ប្រយោលរបស់សង្គមជាតិទាំងមូលដែរ។ មិនមែនថា ខ្លួនចូលចិត្តបង្ហាញភាពសិចស៊ី សឹងតែអាក្រាតកាយទៅហើយ នាំយកទៅបង្ហាញជាសាធារណៈទេ។ អ៊ីចឹងហើយ ទើបនៅក្នុងបណ្តាញសង្គមគេមានពាក្យថា  Report ឬ រាយការណ៍ ពីរូបភាពមិនសមរម្យផ្សេងៗ​ ដល់អ្នកបច្ចេកទេសឱ្យគេបានជ្រាប។ ការប្រើបណ្តាញសង្គមនេះ វាដូចជាកាំបិតមុខពីរអ៊ីចឹង! កាលណា បើប្រើវាត្រឹមត្រូវ វានឹងធ្វើឱ្យមនុស្សខ្លាំងពូកែ តែបើប្រើដោយខ្វះការអប់រំជាមូលដ្ឋាន វានឹងបំផ្លាញមនុស្សឱ្យខ្ទេចខ្ទាំអស់! អ៊ីចឹងមនុស្សដែលមានចិត្តអាក្រក់ស្មោគគ្រោគស្រាប់ វានឹងមិនខ្លាចក្នុងការយកលាមកមកប៉ាតលើខ្លួនគាត់ទេ។ 
 
កញ្ញា សុង សុធាវី៖ អ្នកស្រី ត្រង់ចំណុចនេះ ពួកគាត់លើកឡើងថាជាសិទ្ធបុគ្គល តើយ៉ាងមិចវិញ?
 
អ្នកស្រី៖ លឹម វិរិយ៉ា៖ ពេលដែលនិយាយថា វាជាសិទ្ធបុគ្គល ត្រូវពិចារណាពីលក្ខខណ្ឌសិទ្ធហ្នឹងផងថា តើវាបង្កផលប៉ះពាល់ដល់សាធារណៈដែរ ឬ អត់? យើងមើលទៅវីដេអូអាសអាភាសថា ហេតុអ្វីគេអាចដាក់រនាំងឧបសគ្គមិនឱ្យមនុស្សទូទៅអាចចូលទៅមើលវាបានងាយៗទេ?

ដោយសារតែវាបង្ករផលប៉ះពាល់ដល់មនុស្ស ! យើងមិនអាចនិយាយថា គេចង់ថតស្រាត  ថតអាសអាភាសបាន ព្រោះវាជាសិទ្ធសេរីភាពរបស់គេទេ! នេះមានន័យថា អ្នកនិយាយហ្នឹងមិនទាន់យល់ពីសិទ្ធនៅឡើយទេ ។ ទោះបីជាប្រកែកថាត្រឹមកម្រិតសិចស៊ី តែខ្ញុំបានទស្សនារួចហើយ វីដេអូឡាយលក់ឡេហ្នឹង គឺវាសិចស៊ីក្នុងទម្រង់វីដេអូអាសអាភាសហើយ បើទោះបីជាគ្មានការរួមរក្សគ្នាក្នុងវីដេអូនោះក៏ដោយ។ តែវាមានបង្ហាញពីកេរខ្មាសស្រ្តី ដូចជាបង្ហាញគូទកណ្តាលវាល  ហើយនិងប្រដាប់ភេទដែលមើលទៅឃើញច្បាស់ប្រឡែតហ្នឹង! ដូចនេះវាចូលក្នុងវីដេអូអាសអាភាសហើយ ទម្រង់តែមួយហ្នឹងឯង! អ៊ីចឹង សួរថា សកម្មភាពហ្នឹង គឺជាការឡាយលក់ឡេ ឬ ឡាយលក់សេវាពេស្យា? ខ្ញុំថា អ្នកណាក៏គេមើលដឹងដែរថានោះជាសេវាពេស្យាចារ្យ។ វាមិនដែលគ្រាន់តែចង់ចំនេញក្បាលកាក់ពីការលក់ឡេប៉ុណ្ណឹង មនុស្សសុខចិត្តលះបង់សេចក្តីថ្លៃថ្នូរខ្លួនឯងអស់រលីងអ៊ីចឹងទេ! គឺលក់សេវាផ្លូវភេទ ច្រើនជាង! កន្លែងយូធូប ហ្វេសប៊ុក តិកតុក។

ល។ គឺជាកន្លែងបើកចំហរមាតិការបែបថ្លៃថ្នូរ តែនេះកូនក្មេងតូចៗក៏អាចមើលបាន ដូចនេះ ចំណុចហ្នឹងហើយជាបញ្ហា! ព្រោះក្មេងបានមើលឃើញពីសកម្មភាពពាលារបស់មនុស្សចាស់ ដែលយកការផ្សាយផ្ទាល់លក់ឡេមកបិទបាំងហ្នឹង! នេះវាហួសព្រំដែនណាស់ វាចូលលក្ខណៈលើសពីការធ្វើអាជីវកម្មហើយ តែវាជាការបំពុលសង្គមទៅវិញ។   
 
អ្នកស្រី លឹម វិរិយ៉ា  សាស្រ្តាចារ្យធុរកិច្ច និងជាអ្នកជំនាញផ្នែកទីផ្សារ នៅកម្ពុជា រូបភាពផ្តល់ដោយ អ្នកស្រីផ្ទាល់..
   
កញ្ញា សុង សុធាវី៖  ដោយសារតែវាជះឥទ្ធិពលដល់ក្មេងជំនាន់ក្រោយ នឹងជាការបំពុលសង្គម តើមានវិធីធ្វើទីផ្សារបែបណាខ្លះជំនួសឱ្យការបង្ហាញភាពសិចស៊ីហួសហេតុដូចរាល់ថ្ងៃ របស់ស្រ្តីលក់អនឡាញន៍មួយចំនួន?
 
អ្នកស្រី លឹម វិរិយ៉ា៖ ផលិតផលមួយ អាចលក់ដាច់បាន ទាល់តែអ្នកទិញ បានទទួលចំណេះដឹង អត្ថប្រយោជន៍ពីផលិតផលនោះ! ទោះបីជាផលិតយើងល្អឥតខ្ចោះបែបណាក៏ដោយ តែបើយើងគ្មានសមត្ថភាពនិយាយពន្យល់ពីអត្ថប្រយោជន៍នៃផលិតផលហ្នឹងទេ នោះយើងមិនអាចអន្ទងចិត្តគេឱ្យមកទិញបានឡើយ។ បើសិនយើងគ្មានសមត្ថភាពផ្សាយដោយខ្លួនឯងទេ នោះយើងត្រូវតែជួលអ្នកជំនាញមកជួយ។ 
 
កញ្ញា សុង សុធាវី៖ សម្រាប់ការផ្សព្វផ្សាយផលិតផលហ្នឹង តើមានរូបភាពបែបណាខ្លះអ្នកស្រី?
 
អ្នកស្រី លឹម វិរិយ៉ា៖ ក្រុមអ្នករកស៊ីធ្វើទីផ្សារ អ្នកបង្កើតមាតិការ អ្នកសរសេរអត្ថបទ អ្នកនិយាយផ្សព្វផ្សាយ អ្នកសម្តែង។ល។ ទាំងនេះ វាបែងចែកទៅតាមទេពកោសល្យរបស់មនុស្ស ម្នាក់ៗ ដែលយើងអាចស្វែងរកបាន ប្រសិនបើចិត្តយើងពិតជាចង់មែន។ គ្រាន់តែនិយាយពីគ្រឿងសម្អាងមួយ គឺមានមាតិការរាប់រយក្នុងការពិពណ៌នាបាន តែបើថាល្ងង់ណាស់ សូមបើកមើល យូធូប ហ្គូហ្គល ទៅស្រាវជ្រាវបន្តិចទៅថាគេធ្វើមិចទើបលក់ផលិតផលរបស់គេដាច់? ហើយយើងត្រូវយកគំនិតទាំងអស់ហ្នឹងទៅច្នៃប្រឌិតឡើងមក។ ធ្វើជាវីដេអូខ្លីៗ ហើយពន្យល់ប្រាប់គេ ថាផលិតផលហ្នឹងផ្សែផ្សំពីអ្វីខ្លះ? តើផលិតផលហ្នឹងមានគុណភាពបែបណាខ្លះ? ក្នុងការពន្យល់ប្រាប់គេ។ រួចយើងយកវាទៅផ្សព្វផ្សាយក្នុង Media ណាមួយ ដែលអតិថិជនគោលដៅរបស់យើងបានមើលឃើញ។ ខ្ញុំជឿថា គ្រាន់តែហ្វេសប៊ុកផេកតែមួយក៏មាន toll ឱ្យផ្សាយពាណិជ្ជកម្មបាន ដល់អតិថិជនគោលដៅដែរ។ នេះយើងមិនទាន់និយាយដល់មធ្យោបាយផ្សេងៗទៀតទេ។ ទម្រង់ off line ទោះបីជាវាមិនទាន់ហួសសម័យ តែវាមិនសូវមានប្រសិទ្ធភាព ដូចជាការចុះទស្សាវដ្តី ធ្វើខិតបណ្ណចែកចាយ។ល។ តែវាក៏មានខ្លះដែរ​ ដូចជាការលើកផ្ទាំងពាណិជ្ជកម្មធំៗ គ្រាន់តែថាវាចាយដើមទុនអស់ច្រើន។ តែសម្រាប់អ្នករកស៊ីតូចតាច  ត្រូវងាកមករកស៊ីលើអនឡាញន៍ ដែលវាមានទម្រង់ នៅលើបណ្តាញសង្គមដូចជា Instagram , You tube , Tik Tok ក៏យើងអាចប្រើវា ដើម្បីកើបប្រាក់ចំណេញបានដែរ។ តែសំខាន់លើមាតិការ ដែលត្រូវតែបង្កប់ដោយការអប់រំ។ ឬ ការបង្កើតរឿងកំប្លែង តែក៏មិនមែនកំប្លែងបែបអាសអាភាសដែរ ហើយក៏មិនចាំបាច់ទាល់តែស្រាតខោ ឬ ក៏ដោះអាវទេ។ 
 
កញ្ញា សុង សុធាវី៖ យើងមើលឃើញថា​ រឿងទាំងហ្នឹងកើតឡើងហើយ ពេលមានការចាត់វិធានការណ៍ក៏ស្ងាត់ទៅវិញមួយរយៈ តែក៏ឃើញមានការកើតឡើងដដែលៗទៀត តើអ្នកស្រីយល់ឃើញបែបណា?
 
អ្នកស្រី លឹម វិរិយ៉ា៖ អាហ្នឹងវាដូចវែកចក វាដូចចាប់ក្តាមដាក់ចង្អេរ ហើយវាដូចយើងប្រដៅក្មេងតូចៗ អ៊ីចឹង! បើថ្ងៃក្រោយគាត់ខុសទៀតត្រូវតែនិយាយទៀត និង ចាត់វិធានការណ៍។  អ៊ីចឹងហើយ ទើបគេបង្កើតស្ថាប័នមានសមត្ថកិច្ច ដើម្បីចាត់វិធានការណ៍ លើរឿងអស់ហ្នឹង។ រដ្ឋាភិបាលគួរមានវិធានការណ៍ណាមួយលើរឿងទាំងអស់នេះ! ក្រែងរដ្ឋាភិបាលយើងចំណាប់ណាស់តើ រឿងតាមដាន សើបអង្កេតរឿងសកម្មជននយោបាយ អ្នកបរិស្ថានអីហ្នឹង! ចុះរឿងចង្រៃបែបនេះ មិចបានជាធ្វើដូចជាមើលមិនឃើញអ៊ីចឹង? សូមកុំប្រាប់ថាសិទ្ធអី តែវាចូលលក្ខណៈបៀតបែន សីលធម៌សង្គមហើយ។ វាបំផ្លាញដល់តម្លៃស្រ្តីទូទៅផ្សេងទៀត ហើយជះឥទ្ធិពលអាក្រក់ជាច្រើនដល់ក្មេងៗរាប់មិនអស់។ ក្រសួងកិច្ចការនារី គួរតែបង្កើតគណៈកម្មាធិការមួយ ហៅពួកគាត់មកអប់រំ ណែនាំ ហើយបើលើកទី១មិនរៀង លើកទី២ បញ្ជូនទៅប៉ុស្តិ៍នគរបាលទៅ។ ខ្ញុំធ្លាប់ទៅចូលរួមកម្មវិធីស្រុកគេ គេមានក្រុមគណៈកម្មការនគរបាលសីលធម៌ តែស្រុកយើងមិនទាន់មានទេ។ នគរបាលសីលធម៌ហ្នឹង ធ្វើកិច្ចការងារពាក់ព័ន្ធរឿងបែបហ្នឹង! ហ្នឹង វាមិនមែនជាទោសធ្ងន់ធ្ងរដែលដល់ថ្នាក់យកទៅដាក់គុក ឬ ច្រវ៉ាក់អីទេ។ តែវាជាទោសមួយ ដែលអ្នកធ្វើខុសគួរតែបញ្ជូនឱ្យយកទៅធ្វើការអប់រំពិសេស កសាងខ្លួនឱ្យបានថ្លៃថ្នូរមកវិញ។ មនុស្សដែលចូលចិត្តធ្វើអ្វីមួយពីកំណើតហើយ យើងទៅផ្លាស់ប្តូរ ឧប្បនិស្ស័យគេ វាជារឿងលំបាកណាស់ ព្រោះគេចង់បែបហ្នឹង! បើអ្នកដែលចូលចិត្តសិចស៊ីក៏ដោយចុះ តែត្រូវឋិតក្នុងក្រមសីលធម៌ មានន័យថា លក្ខខណ្ឌមួយ ដែលសង្គមអាចទទួលយកបាន។ តែបើគាត់មានះចង់ថតសិចស៊ី បែបស្រាត ហើយរោលរាលអ៊ីចឹង មានវិធីមួយគឺ បង្វែកាមេរ៉ាពួកគេទៅគេហទំព័រ បែបអាសអាភាសហ្នឹងទៅ ព្រោះកន្លែងហ្នឹង វាមានរនាំងឧបសគ្គដែលក្មេងៗ តូចៗ មិនទាន់គ្រប់អាយុមិនអាចចូលទៅមើលបាន។ កន្លែងហ្នឹងហើយ ដែលក្នុងនាមអាជ្ញាធរមានសមត្ថកិច្ចត្រូវតែប្រើវិធីសាស្រ្ត ចំណេះដឹងដែលយើងរៀនចេះដឹងមកហ្នឹង ទៅបង្រ្កាបអ្នកអស់ហ្នឹង ឱ្យសង្គមយើងមានសណ្តាប់ធ្នាប់។
 
គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២៣នេះ ក្រសួងកិច្ចការនារី ក្នុងកិច្ចសហការជាមួយក្រសួង-ស្ថាប័ន អង្គការសង្គម​ស៊ីវិល    ដៃគូអភិវឌ្ឍន៍ វិស័យឯកជន រួមទាំងបណ្តាញផ្សព្វផ្សាយ និងដៃគូពាក់ព័ន្ធ នឹងរៀបចំយុទ្ធនាការអបអរសាទរទិវា​អន្តរជាតិនារី ៨ ​មីនា​ ខួបទី​១១២ ក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» ក្នុងគោលបំណងបន្តរំលេចពីតម្លៃនៃការចូលរួមរបស់ស្រ្តីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូលរួមយ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។

ក្នុងភាពជាដៃគូ ប្រជាពលរដ្ឋកម្ពុជា ទាំងស្រ្តីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធិជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេសនៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គមក្រោយវិបត្តិកូវីដ-១៩ ក៏ដូចជាការកសាងភាពធន់ រឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព។
 
ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាថា ស្រ្តីនិងក្មេងស្រីគ្រប់រូបទទួលបានសមភាពនៅក្នុងគ្រប់ទិដ្ឋភាព ទាំងនៅក្នុងវិស័យនយោ​បាយ   សេដ្ឋកិច្ច និងសង្គមកិច្ច ព្រមទាំងអនុវត្តនូវ​សិទ្ធិ ​ចូលរួមដោយស្មើភាព ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនឤចខ្វះបានជាមួយ​បុរស ក្នុងការ​អភិវឌ្ឍប្រទេសជាតិ និងរស់នៅក្នុងសង្គម ដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខុមាលភាព៕
 

Tag:
 វិស័យអប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com