ជាតិ
សង្គមជាតិ
ក្រុមហ៊ុនCleanbodia ផលិតថង់បរិស្ថានធ្វើពីដំឡូងមីដែលឆាប់រលាយក្នុងដី
08, Mar 2023 , 7:59 pm        
រូបភាព
ភ្នំពេញ៖ ដោយមានទឹកចិត្តស្រឡាញ់កម្ពុជាផង និងមើលឃើញពីគុណវិបត្តិនៃថង់ប្លាស្ទិកផង ប៉ុន្តែថង់ច្រកទំនិញក៏ជាវត្ថុចាំបាច់សម្រាប់ជីវិតប្រចាំថៃ ក្រុមហ៊ុនមួយមានស្ថាបនិកជាជនជាតិជប៉ុនកាត់អាម៉េរិក បានផលិតថង់បរិស្ថានពីដំឡូងមីដើម្បីជាជម្រើសសមស្របសម្រាប់បំពេញតម្រូវការប្រជាជន និងមិនប៉ះពាល់បរិស្ថាន។
 
ថង់ ឬស្បោងច្រកទំនិញ ជាទូទៅត្រូវបានប្រជាជនខ្មែរយល់ថា វាត្រូវបានផលិតមកប្លាស្ទិក។ ហើយបច្ចុប្បន្ននេះ មនុស្សភាគច្រើនដឹងថា ថង់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់បរិស្ថាន។ ទោះយ៉ាងនេះក្ដី ថង់ប្លាស្ទិកនៅតែត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅកម្ពុជាដោយសារវាជាតម្រូវការចាំបាច់សម្រាប់ការវេចខ្ចប់ទំនិញដែលសឹងតែមិនអាចខ្វះបាន។
 
កំណើនប្រជាជន កំណើនជីវភាពនិងសេដ្ឋកិច្ច ទម្លាប់ក្នុងការប្រើប្រាស់ប្លាស្ទិកសម្រាប់វេចខ្ចប់ម្ហូបអាហារ ឬសម្ភារផ្សេងៗ និងកខ្វះខាតចំណេះដឹងក្នុងការញែកសំរាមបានធ្វើឱ្យសំណល់​ប្លាស្ទិកនៅកម្ពុជាកើនឡើងជាលំដាប់។ បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក៏ដូចគ្នានឹងអង្គការ UNDP បច្ចុប្បន្ននេះ ថង់ប្លាស្ទិកប្រមាណ ១០លានថង់ ត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃនៅក្នុងទីក្រុងភ្នំពេញ។ បានន័យថា ពលរដ្ឋកម្ពុជាម្នាក់ៗប្រើប្រាស់ថង់ប្លាស្ទិកជាមធ្យមជាង ២ពាន់ថង់ក្នុងមួយឆ្នាំ។ 



ជាដំណោះស្រាយ សំណល់ប្លាស្ទិកត្រូវបាន​គ្រប់គ្រងដោយក្រុមហ៊ុនឯកជន ដែលត្រូវប្រមូលយកទៅស្តុកនៅអាងស្តុកសំរាមនៅឯជាយក្រុង និងខេត្តដោយឱ្យវារលាយចោលក្នុងដី។ លើសពីនេះ វិធីសាស្ត្រសេដ្ឋកិច្ចចក្រា ក៏ត្រូវបានណែនាំឱ្យប្រជាជនខ្មែរបានដឹង និងអនុវត្តផងដែរ។ សេដ្ឋកិច្ចចក្រាសំដៅលើប្រព័ន្ធសម្ភារប្រើប្រាស់រួចយកទៅប្រើម្ដងទៀត ឬអាចកែច្នៃដើម្បីប្រើឡើងវិញ។ យ៉ាងណាមិញ យុទ្ធសាស្ត្រនានាចំពោះបញ្ហាសំណល់ប្លាស្ទិកនៅតែមិនទាន់មានប្រសិទ្ធភាពគ្រប់គ្រាន់ ធ្វើឱ្យវានៅតែគំរាមកំហែងដល់សង្គមខ្មែរ ជុំវិញការប៉ះពាល់ដល់គុណភាពដី គ្មានអនាម័យ បង្កជំងឺតាមរយៈទឹក និងបញ្ហាផ្សេងៗជាច្រើនទៀត។ 
 
ជំនួសមកវិញ ថង់បរិស្ថានត្រូវបានបង្កើតឡើងនៅកម្ពុជាដោយក្រុមហ៊ុនមួយមានឈ្មោះថា Cleanbodia ដើម្បីជួយបន្ថយវត្តមានប្លាស្ទិក។ ក្រុមហ៊ុន Cleanbodia ត្រូវបានបង្កើតឡើងដោយជនជាតិជប៉ុនកាត់អាម៉េរិកឈ្មោះ Kai Kuramoto ដែលបានមកដល់កម្ពុជា​នៅក្នុងឆ្នាំ ២០១៤។ ថង់បរិស្ថានងាយរលាយ និងជួយកាត់បន្ថយការបំពុលដីនិងទឹក ដោយសារតែវាត្រូវបានផលិតចេញពីរុក្ខជាតិ។ 
 
បានមើលឃើញពីស្ថានភាពធ្ងន់ធ្ងរនៃសំណល់ប្លាស្ទិក ទើបសម្រេចចិត្តផ្ដួចផ្ដើមគំនិតបង្កើតក្រុមហ៊ុន Cleanbodia​ ដើម្បីផលិតថង់បរិស្ថាន ជាដំណោះស្រាយសមស្របមួយកាត់បន្ថយវត្តមានប្លាស្ទិកក្នុងប្រទេសកម្ពុជា។ ស្របគ្នានេះ លោក Kai បានមើលឃើញថាដំឡូងមីនៅកម្ពុជាជារុក្ខជាតិងាយស្រួលដាំ សម្បូរ និងមានតម្លៃថោក ស័ក្តិសមនឹងយកមកប្រើជាវត្ថុធាតុដើមផលិតថង់បរិស្ថាន។ ក្រុមហ៊ុន Cleanbodia ត្រូវបានលេចឡើងជាផ្លូវការនៅឆ្នាំ២០១៥។
 
ក្រុមហ៊ុន Cleanbodia ផលិតថង់ដំឡូងមីក្នុងបំណងបង្កើនជម្រើសឱ្យប្រជាជនកម្ពុជាមានស្បោងច្រកទំនិញ ហើយជួយបរិស្ថាន ក្រោមរូបភាពកាត់បន្ថយកាកសំណល់ប្លាស្ទិកតាមរយៈការប្រើប្រាស់ប្រចាំថ្ងៃ និងពិសេសផ្ដោតលើអាជីវករដែលប្រើថង់ប្លាស្ទិកច្រើនជាងគេសម្រាប់វេចខ្ចប់ទំនិញជូនភ្ញៀវ។ ក្រុមហ៊ុនមួយនេះចង់ជួយផ្លាស់ប្ដូរឥរិយាបថប្រជាជនខ្មែរឱ្យចេះជួយថែរក្សាបរិស្ថានរបស់ខ្លួនតាមការផ្ដល់ជម្រើសថង់ប្រភេទថ្មី។
 
លោក Kai បានពន្យល់ថា៖« ថង់បរិស្ថានមានសារសំខាន់ណាស់ដើម្បីបញ្ឈប់ការបំពុលដោយប្លាស្ទិក»។ លោកបានបន្ថែមថា ថង់បរិស្ថានផលិតចេញពីធនធានធម្មជាតិ (រុក្ខជាតិ) ដែលជាធនធានកកើតឡើងវិញ ហើយអ្វីដែលពិសេសនោះវារលាយលឿនជាប្លាស្ទិកដល់ទៅរាប់រយឆ្នាំ។
 
ដំឡូងមីត្រូវបានយកទៅផលិតតាមដំណាក់កាលជាច្រើនដើម្បីក្លាយជាថង់ដែលមិនបំពុលបរិស្ថានហើយរលាយក្នុងរយៈពេលត្រឹម៦ឆ្នាំ ខុសឆ្ងាយពីថង់ប្លាស្ទិកដែលរលាយក្នុងរយៈពេលដល់ទៅ ៤៥០ឆ្នាំ។ លោក Kai ជាស្ថាបនិកក្រុមហ៊ុនបានលើកឡើងថា ថង់បរិស្ថានមួយចំនួនត្រូវបានផលិតដោយបន្ថែមសារធាតុគីមីខ្លះ តែលោកជ្រើសមិនប្រើគីមីឡើយ។ គេអាចផលិតថង់ច្រកទំនិតដោយប្រើវត្ថុធាតុដើមផ្សេងៗដូចជាពោតឬ អំពៅដូចគ្នាដែរ ប៉ុន្តែដោយសារដំណាំទាំងនោះត្រូវបានប្រើប្រាស់ជាប្រភពអាហារសំខាន់របស់មនុស្ស លោក Kai យល់ថា ដំឡូងមីជាជម្រើសល្អបំផុត។
 
ថង់បរិស្ថានរបស់ក្រុមហ៊ុន Cleanbodia ត្រូវបានផលិតជា ៣ ទំហំ។ ទំហំទី១ ជាថង់តូចយួរដៃដែលអាចប្រើសម្រាប់ច្រករបស់របរផ្សេងៗនៅតាមទីផ្សារ ឬដាក់ក្នុងធុងសំរាមតូចៗ ផ្ទុកទម្ងន់៤គីឡូក្រាម។ ទំហំទី២ ជាថង់ទំហំមធ្យមដែលសមនឹងប្រើច្រកសំរាមច្រើននៅផ្ទះឬនៅក្នុងការិយាល័យ ផ្ទុកទម្ងន់បាន ១២គីឡូក្រាម ខណៈចុងក្រោយជាទំហំធំបង្អស់ ដែលអាចប្រើប្រាស់នៅភោជនីយដ្ឋាននិងកន្លែងអាជីវកម្មផ្សេងទៀត ហើយអាចផ្ទុកទម្ងន់បាន ១៥គីឡូក្រាម។ ទាក់ទិននឹងតម្លៃវិញ ថង់តូចចំនួន២០០​ ត្រូវលក់ក្នុងតម្លៃ​៦ដុល្លារ។ ថង់ទំហំមធ្យម​៥០ថង់ មានតម្លៃ​៧ដុល្លារ រីឯ​ថង់ទំហំធំ​ចំនួន​២៥​ថង់ មានតម្លៃ​៦ដុល្លារ។
 

 
បច្ចុប្បន្ន ក្រុមហ៊ុន Cleanbodia ទទួលបានការគាំទ្រច្រើនដែរ​នៅកម្ពុជា រួមទាំងពីសំណាក់ប្រជាជន រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល។ អតិថិជនភាគច្រើន​គឺជា​ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ អង្គការក្រៅរដ្ឋាភិបាល សាលារៀនឯកជន ក្រុមហ៊ុនឯកជន និង ប្រជាជនទូទៅមួយចំនួន។ ចំណែកភ្ញៀវអចិន្ត្រៃយ៍មានចំនួនជិត១០០ ស្ថានប័នឯណោះ។ 
 
ទោះយ៉ាងណា អ្នកគ្រប់គ្រងទូទៅរបស់ Cleanbodia គឺលោក នៅ វល័ក្ខ ក៏បានអះអាងឱ្យដឹងអំពីផលលំបាកខ្លះ និងទទួលស្គាល់គុណវិបត្តិមួយចំនួនរបស់ក្រុមហ៊ុនខ្លួនដែរ។ ថង់បរិស្ថានមានតម្លៃថ្លៃជាងថង់ប្លាស្ទិក ដែលនេះបានក្លាយជាបបញ្ហាប្រឈមមួយរបស់ក្រុមហ៊ុន។ ប្រជាជនខ្មែរភាគច្រើនមានជីវភាពមិនទាន់ល្អប្រសើរខ្លាំង ដែលអាចមានលទ្ធភាពគ្រប់គ្រាន់ចំណាយលើថង់បរិស្ថានឡើយ។ 
 
ម៉្យាងវិញទៀត បើមើលក្នុងរូបភាពធំជាងនេះ ប្រជាជនខ្មែរមិនទាន់ទទួលស្គាល់ទូលំទូលាយចំពោះការប្រើថង់បរិស្ថានឡើយ ព្រោះផលប៉ះពាល់ការប្រើប្លាស្ទិក ពោលគឺការប្រែប្រួលអាកាសធាតុជាដើមនោះ មិនទាន់ជះឥទ្ធិពលលើពួកគេខ្លាំងទេ។ បើតាមការរៀបរាប់របស់លោក Kai នៅពេលក្រុមហ៊ុនចាប់ផ្តើមដំណើរការ ជនបរទេសជាអតិថិជនដំបូងរបស់លោក ព្រោះជនបរទេសយល់ដឹង និងបានអនុវត្តការប្រើប្រាស់ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានច្រើនជាងប្រជាជនកម្ពុជា។ ឥឡូវនេះ ប្រជាជនកម្ពុជាក៏ចាប់ផ្ដើមចាប់អារម្មណ៍ និងប្រើថង់បរិស្ថានកាន់តែច្រើនព្រោះការយល់ដឹងនិងការអប់រំបានរីកដុះដាលកាន់តែខ្លាំង។
 
ហាងលក់អាហារសុខភាព Gerbie Salad and Sandwich ជាអតិថិជនអចិន្ត្រៃយ៍មួយរបស់ Cleanbodia បានលើកឡើងពីមូលហេតុដែលនាំឱ្យខ្លួនជ្រើសប្រើថង់បរិស្ថាននេះថាហាងមានគោលដៅក្លាយជាអ្នកគាំទ្របរិស្ថាន និងមានចំណែកជួយកាត់បន្ថយវត្តមានប្លាស្ទិកនៅកម្ពុជា។ លើសពីនេះ ការប្រើប្រាស់ថង់បរិស្ថានសម្រាប់ហាងគេផ្ទាល់មិនមានផលវិបាកអ្វីគួរឱ្យកត់សម្គាល់ឡើយ ហើយក៏ពេញចិត្តនឹងគុណភាពរបស់ថង់បរិស្ថាន Cleanbodia ផងដែរ។ អ្វីដែលពិសេស បើទោះជាថង់បរិស្ថានមានតម្លៃថ្លៃក៏ពិតមែន តែហាងអាហារ Gerbie មិនបានបន្ថែមតម្លៃថង់ចូលក្នុងថ្លៃទំនិញរបស់ខ្លួនឡើយ។
 
គួរបញ្ជាក់ថា ថង់បរិស្ថានផលិតពីរុក្ខជាតិ បានក្លាយជាវិធីសាស្ត្រយ៉ាងល្អនិងមានប្រសិទ្ធភាពក្នុងការចូលរួមជួយបំបាត់វត្តមានប្លាស្ទិកមួយចំនួន និងបន្ថយការបំពុលបរិស្ថាន។ ការផលិតថង់បរិស្ថានត្រូវបានធ្វើឡើងនៅតាមប្រទេសជាច្រើនក្នុងពិភពលោកដូចជា អាល្លឺម៉ង់ អ៊ីតាលី បារាំង អង់គ្លេស អេស៉្បាញ ចិន និងមានប្រទេសជាច្រើនទៀតដែរ៕
 
 

Tag:
 ប្លាស្ទិក
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com