ជាតិ
កម្ពុជា មាន​ស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និង​អ្នក​ធ្វើ​ជំនួញ​
08, Mar 2023 , 6:59 pm        
រូបភាព
អ្នកលក់នំប័ុងអាំង នៅខេត្តកំពត។ រូបភាព៖ ផាត ដាណេ
អ្នកលក់នំប័ុងអាំង នៅខេត្តកំពត។ រូបភាព៖ ផាត ដាណេ
ភ្នំពេញ៖ ការ​អភិវឌ្ឍជាតិ​ ត្រូវ​ការ​ការ​ចូលរួម​របស់​ស្រ្តី។ គោលនយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​​ស្រ្តី​ជា​ឆ្អឹង​ខ្នង​នៃ​ការ​អភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមជាតិ។ របាយការណ៍​របស់​ក្រសួង​កិច្ចការ​នារី​ បញ្ជាក់ថា កម្ពុជា មានស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែលជាអត្រាខ្ពស់ក្នុងតំបន់។។​


បច្ចុប្បន្ន​ ការ​ចូលរួម​ និង​តួនាទី​របស់​ស្រ្តី​ បាន​ក្លាយ​ជា​ចន្ទល់​ និង​ប្រភព​កំណើន​សេដ្ឋកិច្ច​គ្រួសារ​ និង​សេដ្ឋកិច្ច​-សង្គម​ជាតិ។ ជាមួយ​គ្នានេះ វត្តមាន​ស្រ្តី​ក្នុង​វិស័យ​សេដ្ឋកិច្ច មាន​សារសំខាន់ ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។ ឯកសារ​ទស្សនា​​ទានយុទ្ធនា​ការ​ទិវា​អន្តរ​ជាតិ​នារី​ ៨ មីនា ២០២៣ បង្ហាញ​ថា កម្ពុជា មាន​កម្លាំង​ពលកម្ម​​របស់​ស្រ្តី ប្រមាណ ៨៤ភាគរយ និងស្រ្តី ៦១ភាគរយ ជាម្ចាស់អាជីវកម្ម និងអ្នកធ្វើជំនួញ ដែល​ជា​អត្រា​ខ្ពស់​ក្នុង​តំ​បន់។
  
រូបភាពដោយ៖ សុង សុធាវី

តាមរយៈ​កំណើន​ស្រ្តី​ក្នុង​វិស័យ​សេដ្ឋកិច្ចនេះ ក្រសួង​កិច្ច​ការ​នារី​​ សំដៅ​ធ្វើ​​យ៉ាង​ណា​ធានា​ឱ្យ​មាន​ការ​រៀបចំ​ប្រព័ន្ធ​អេកូឡូស៊ី ឆ្លើយ​តប​ប្រកប​ដោយ​សម​ធម៌​ បរិយាប័ន្ន និង​ចីរភាព​ ដោយ​គាំទ្រ​ដល់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម។ បើតាម​ឯកសារ​ទស្សនា​​ទានយុទ្ធនា​ការ​ទិវា​អន្តរ​ជាតិ​នារី ​ក្រសួង​កិច្ច​ការ​នារី នឹង​បន្ត​គាំទ្រ​ដល់​តួនាទី​ស្រ្តី​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល​ ក្នុង​ការ​ពង្រីក​កម្ម​វិធីអភិវឌ្ឍ​ធនធាន​មនុស្ស​ជា​ស្រ្តី តាមរយៈ​ការ​ជំរុញ​កម្ម​វិធី​លើក​កម្ពស់​ជំនាញ និង​បណ្ដុះ​បណ្ដាលជំនាញថ្មី។ 
 
ដើម្បី​ឱ្យ​វត្ត​មាន​ស្រ្តី​ក្នុង​វិស័យ​សេដ្ឋកិច្ច​ឌីជីថល កាន់តែ​មាន​សក្តានុពល ក្រសួង​កិច្ច​ការ​នារី នឹង​បន្ត​លើក​ទឹក​ចិត្ត​ដល់​​ស្រ្តី និង​ក្មេង​ស្រី​ ក្នុង​ការ​ចាប់​យក​ឱកាស​ការ​ងារ និង​មុខ​របរ​ថ្មី​ៗ ដែល​ត្រូវ​នឹង​ទីផ្សារ​ និង​សង្គម ពិសេសលើក​កម្ពស់​បរិយាប័ន្ន​ ហិរញ្ញវត្ថុ និង​ឌីជីថល​ផងដែរ​។ លើស​ពីនេះ ​ជំរុញ​ការ​អនុវត្ត​វិធាន​ការ​គោល​នយោបាយ​ផ្នែក​គាំពារ​សុខុមាលភាព​គ្រួសារ​ និង​ការ​គាំទ្រ​ដល់​ស្រ្តី​ នៅក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ។​
 
ទន្ទឹម​នឹង​ការ​កើន​ឡើង​នៃ​កម្លាំង​ពលកម្ម និង​ការ​ចូលរួម​របស់ស្រ្តី​ ក្នុង​វិស័យ​សាធារណៈ និង​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​ ក្រសួង​កិច្ច​ការ​នារី សង្កេត​ឃើញ​ថា​ ការងារ​ក្នុង​ផ្ទះ​ និង​ថែទាំ​សមាជិក​គ្រួសារ​ដោយឥត​មាន​កម្រៃ​ នៅតែ​ស្ថិត​ក្នុង​បន្ទុក​លើ​ស្រ្តី និង​ក្មេង​ស្រី។ ការណ៍នេះ បណ្ដាល​មកពី​កត្តា​រួម​ផ្សំ​ជាច្រើន រួមទាំង​ផ្នត់គំនិត​ និង​ឥរិយាបថសង្គម ពាក់ព័ន្ធ​នឹង​យេនឌ័រ។ នេះ​បើតាម​​ឯកសារ​ទស្សនា​​ទានយុទ្ធនា​ការ​ទិវា​អន្តរ​ជាតិ​នារី ៨ មីនា ២០២៣ របស់​ក្រសួង​កិច្ច​ការ​នារី៕​
 

Tag:
 ស្រ្តី
  អាជីវកម្ម
  អ្នកជំនួញ
© រក្សាសិទ្ធិដោយ thmeythmey.com