ជាតិ
ជប៉ុន-កម្ពុជា នឹងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យរក្សាសន្តិភាព និងសកម្មភាពកំចាត់មីន
08, Mar 2023 , 4:59 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន បានពិភាក្សាគ្នាអំពីភាពជាដៃគូក្នុងកិច្ចការរក្សាសន្តិភាព និងសកម្មភាពកំចាត់មីន នៅក្នុងក្របខ័ណ្ឌទ្វេភាគី និងអង្គការសហប្រជាជាតិ។ ភាគីទាំងពីរ ពេញចិត្តចំពោះទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ ដែលត្រូវបានដំឡើងដល់កម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” នៅក្នុងឆ្នាំ២០២៣។


លោក កាណូ តាគេហ៊ីរ៉ូ (KANO Takehiro) អគ្គនាយកនៃទីស្នាក់ការកិច្ចសហប្រតិបត្តិការសន្តិភាពអន្តរជាតិ នៃគណៈរដ្ឋមន្រ្តីជប៉ុន បានសរសើរកម្ពុជាពីការបង្ហាញគំរូដ៏ល្អនៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ ដែលត្រូវបានទទួលស្គាល់ថា ជាអ្នកផ្តល់សន្តិភាព។ លោកថ្លែងបែបនេះ នៅក្នុងជំនួបលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
 
លោក កាណូ តាគេហ៊ីរ៉ូ បានលើកឡើងថា ជប៉ុន ត្រៀមខ្លួនធ្វើការជាមួយកម្ពុជា ដែលនឹងធ្វើជាប្រទេសម្ចាស់ផ្ទះរៀបចំ “កម្មវិធីភាពជាដៃគូត្រីភាគីរបស់អង្គការសហប្រជាជាតិ” នៅឆ្នាំ២០២៤ ដើម្បីពង្រឹងសមត្ថភាពវិស្វកម្មក្នុងតំបន់ នៅក្នុងបេសកកម្មរក្សាសន្តិភាព។
 
សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ភាគីទាំងពីរ បានប្តេជ្ញាចិត្ត ក្នុងការពង្រីកកិច្ចសហការបន្ថែមទៀត នៅក្នុងវិស័យសន្តិភាព និងសន្តិសុខអន្តរជាតិ តាមរយៈការបណ្តុះបណ្តាល និងការផ្តល់គ្រឿងបរិក្ខារ។
 
សូមជម្រាបថា ២០ឆ្នាំមកនេះ ជប៉ុនបានផ្តល់ជំនួយជាង ១៤០គម្រោងហើយដល់កម្ពុជា តាមរយៈកម្មវិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង សម្រាប់គម្រោងអង្គការក្រៅរដ្ឋាភិបាលជប៉ុន។ រដ្ឋាភិបាលជប៉ុន បានផ្តល់កម្ចីហិរញ្ញប្បទាន សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដូចជាការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងការកែលម្អផ្លូវជាតិលេខ៥ ក៏ដូចជាការគាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ-១៩ ជាមួយនឹងទឹកប្រាក់សរុបចំនួន ៤៥ពាន់លានយេនផងដែរ៕
 
 

Tag:
 វិស័យសន្តិភាព
 សន្តិសុខអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com