ជាតិ
កញ្ញា រិន សិទ្ធិនារី ប្រឹងផលិតវីដេអូផ្ដល់ចំណេះដឹង ឱ្យយុវជនក្លាហាន និងជឿជាក់លើខ្លួនឯង
08, Mar 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ កញ្ញា រិន សិទ្ធិនារី ឬភាគច្រើនស្គាល់ថា Switching-ចម្លាស់ ជាអ្នកផលិតវីដេអូខ្លីៗម្នាក់ ដែលតែងតែលើកយកបញ្ហាសង្គមនានា មកចែករំលែកដល់អ្នកទស្សនា។ ផ្អែកតាមទិដ្ឋភាពជាក់ស្តែងជុំវិញខ្លួន សិទ្ធិនារី បានបង្កើតវីដេអូទាក់ទិននឹងបញ្ហាដែលយុវជនប្រឈមដូចជា ការបាក់ទឹកចិត្ត ការរងសម្ពាធពាក្យសម្តីពីអ្នកដទៃ និងសុខភាពបន្តពូជជាដើម។ តាមរយៈវីដេអូរបស់ខ្លួន សិទ្ធិនារី សង្ឃឹមថា យុវជននឹងមានភាពក្លាហាន ហើយមានទំនុកចិត្តលើខ្លួនឯងកាន់តែច្រើន។


ការផលិតវីដេអូ ឬនិយាយនៅមុខកាមេរ៉ា ជាចំណូលចិត្ត របស់កញ្ញា រិន សិទ្ធិនារី តាំងពីក្មេងមកម្ល៉េះ។ តាមរយៈការមើលទូរទស្សន៍ ក៏ដូចជារៀមច្បងដែលបង្កើតមាតិតាមបណ្តាញសង្គមនានា បានជំរុញ​ឱ្យ សិទ្ធិនារី កាន់តែស្រលាញ់ និងចូលចិត្តការងារនេះ។ 
  
កញ្ញា រិន សិទ្ធិនារី អ្នកផលិតវីដេអូខ្លី នៅលើទំព័រហ្វេសប៊ុក Switching-ចម្លាស់។ រូបភាពពី៖ ទំព័រហ្វេសប៊ុក Switching-ចម្លាស់

សិទ្ធិនារី បានបង្ហើបប្រាប់អ្នកសារព័ត៌មានថ្មីៗ នាជំនួបនៅហាងកាហ្វេមួយ  ម្តុំបឹងកេងកង ដោយអះអាងថា រូបគេមានចំណូលចិត្តនៅមុខកាមេរ៉ា និងនិយាយបញ្ចេញគំនិតតាំងពីវិទ្យាល័យមកម្ល៉េះ តែដោយសារមិនមានធនធាន និងជំនាញកាត់វីដេអូ ទើបមិនទាន់អាចចាប់ផ្តើម​ធ្វើបាន។ រហូតដល់ឆ្នាំ២០២០ កញ្ញា រិន សិទ្ធិនារី បានចាប់ផ្តើម​បង្កើតទំព័រហ្វេសប៊ុក Switching-ចម្លាស់ និងបានផលិតវីដេអូខ្លីៗ ជាហូរហែ។
 
«ខ្ញុំចង់តាំងពីក្មេង ព្រោះខ្ញុំជាមនុស្ស ដែលអត់ខ្លាចគេ អត់ខ្លាចកាមេរ៉ា អត់ខ្លាចឆាក ហើយការបង្កើតវីដេអូនេះ ដោយសារខ្ញុំយល់ថា យើងមានសមត្ថភាពមួយហើយ យើងគួរតែបង្ហាញអ្វីដែលយើងគួរបង្ហាញ។ នៅពេលដែលខ្ញុំកាន់មេក្រូ ខ្ញុំបង្ហាញគំនិត មិត្តភ័ក្រខ្ញុំតែងនិយាយថា វាជាគំនិតល្អ។ អ៊ីចឹងខ្ញុំគិតថា បើខ្ញុំមានគំនិតល្អច្រើន ហើយខ្ញុំចែករំលែកទៅឱ្យអ្នកផ្សេង វានឹងបានច្រើនជាងនេះ»។ កញ្ញា រិន សិទ្ធិនារី បានលើកឡើងពីកត្តាជំរុញឱ្យខ្លួនបង្កើតទំព័រហ្វេសប៊ុក និងផលិតវីដេអូខ្លីៗដូច្នេះ។
 
អ្នកបង្កើតមាតិការូបនេះ តែងលើករឿងរ៉ាវជាច្រើនមកចែករំលែកក្នុងវីដេអូរបស់ខ្លួន ដែលភាគច្រើនផ្តោតទៅលើបញ្ហាសង្គមជាក់ស្តែង ។ ជាពិសេសការលើកទឹកចិត្តដល់យុវជនឱ្យកាន់តែមានភាពក្លាហាន និងមានទំនុកចិត្តលើខ្លួនឯង។ សិទ្ធិនារី តែងធ្វើជាអ្នកស្តាប់រាល់បញ្ហារបស់មិត្ត។ បញ្ហាខ្លះ បានក្លាយជាកត្តាជំរុញឱ្យយុវតីរូបនេះ មានចិត្តចង់ផ្លាស់ប្តូរផ្នត់គំនិតមួយចំនួនក្នុងសង្គម ឱ្យមានភាពល្អប្រសើរសម្រាប់យុវជន។ 
 
«ខ្ញុំមានអារមុ្មណ៍ថា កត្តា ដែលធ្វើឱ្យខ្ញុំមានភាពជឿជាក់ គឺខុសពីមិត្តរបស់ខ្ញុំ។ ឧទាហរណ៍ ម៉ាក់ប៉ា ផ្តល់សេរីភាពឱ្យខ្ញុំច្រើន ហើយលទ្ធផលដែលទទួលបាន គឺខ្ញុំមានភាពក្លាហាន រឹងមាំច្រើន ខណៈពេលដែលមិត្តខ្ញុំម្នាក់ទៀត ដែលមានម៉ាក់ប៉ាតឹងរឹង រឹតត្បិតគាត់ច្រើន គាត់បែរជាមនុស្សម្នាក់ ដែលអត់ក្លាហាន។ ខ្ញុំគិតថា ភាពក្លាហាន និងមានទំនុកចិត្ត គឺជាចំណុចពិសេស និងចំណុចចាប់ផ្តើម ដើម្បីឱ្យនរណាម្នាក់អាចអភិវឌ្ឈខ្លួនបាន»។ ម្ចាស់ទំព័រហ្វេសប៊ុក Switching-ចម្លាស់ វ័យ២២ឆ្នាំខាងលើ បានលើកពីកត្តាជាឥទ្ធិពលនៃភាពក្លាហានរបស់យុវជនដូច្នេះ។
  
កញ្ញា រិន សិទ្ធិនារី ជាវាគ្មិនក្នុងកម្មវិធីនិយាយជាសាធារណៈ RYL នៅឆ្នាំ២០២២។ រូបភាពពី៖ ទំព័រហ្វេសប៊ុក Switching-ចម្លាស់

សិទ្ធិនារី ក៏យល់ឃើញដែរថា ឪពុកម្តាយ តែងបារម្ភខ្លាចកូនមិនទទួលបានជោគជ័យ ហេតុនេះទើបតឹងរឹងចំពោះកូន។ ដូច្នេះ កូនៗគួរខំប្រឹងបង្ហាញពីសមត្ថភា​ព និងខំប្រឹងបង្កើតសមិទ្ធិផលផ្ទាល់ខ្លួន ដើម្បីទទួលបានការទុកចិត្តពីឪពុកម្តាយ ឬអាណាព្យាបាល។ 
 
ជាការពិតណាស់ ភាពជឿជាក់លើខ្លួនឯង គឺជាកត្តាសំខាន់សម្រាប់យុវជនគ្រប់រូប ក្នុងការអភិវឌ្ឈសមត្ថភាព។ លើសពីនេះ យុវជននឹងកាន់តែក្លាហានក្នុងការសម្រេចចិត្តជ្រើសរើស និងធ្វើអ្វីដែលខ្លួនស្រលាញ់ ប្រកបដោយសក្តានុពល និងទំនុកចិត្ត។ កញ្ញា រិន សិទ្ធិនារី យល់ថា ភាពក្លាហាន ជាកត្តាជំរុញឱ្យយុវជនអាចដឹងច្បាស់ថា ខ្លួនជានរណា? មានសក្ដានុពលកម្រិតណា? និងមានភាពខ្លាំងត្រង់ណា? 
 
«ធ្វើអ្វីក៏ដោយ បើសិនយើងគ្មានទំនុកចិត្ត ខ្លាចគេសើច ខ្លាចនេះ ខ្លាចនោះ អ៊ីចឹងក៏យើងមិនអាចមានភាពក្លាហានបានដែរ។ ភាពក្លាហាន និងភាពមានទំនុកចិត្ត វាជាកត្តាសំខាន់មែនទែន ដើម្បីអាចឱ្យគោលដៅរបស់មនុស្សម្នាក់ៗសម្រេចបានជោគជ័យ និងអាចបង្ហាញឱ្យពិភពលោកឃើញថា ខ្លួនឯងជានរណា»។ នេះបើតាមការលើកឡើងរបស់ម្ចាស់ទំព័រហ្វេសប៊ុក Switching-ចម្លាស់ វ័យក្មេងខាងលើ ពីសារៈសំខាន់នៃភាពក្លាហាន។

ក្រៅពីការផលិតវីដេអូលើកទឹកចិត្តយុវជន កញ្ញា រិន សិទ្ធិនារី ក៏បានលើកយកប្រធានបទអំពីសុខភាពបន្តពូជ មកចែករំលែកក្នុងវីដេអូផងដែរ។ កញ្ញាយល់ថា វាជាចំណេះដឹងសំខាន់សម្រាប់យុវជនគ្រប់រូបឈ្វេងយល់ និងជជែកឱ្យកាន់តែមានភាពទូលំទូលាយ។
  
កញ្ញា រិន សិទ្ធិនារី ជាមួយអ្នកគាំទ្រ នៅស្តង់លក់សៀវភៅ BABE Don't Leave នាឆ្នាំ២០២២។  រូបភាពពី៖ ទំព័រហ្វេសប៊ុក Switching-ចម្លាស់
 
ដំណើរផ្សងព្រេងជាមួយទំព័រហ្វេសប៊ុក Switching-ចម្លាស់

រយៈពេល៣ឆ្នាំមកនេះ កញ្ញា សិទ្ធិនារី ចាត់ទុកដូចជាការផ្សងព្រេង ដ្បិតខ្លួនទទួលបានទាំងការគាំទ្រ និងការរិះគន់ផងដែរ។ វីដេអូដំបូង ដែលផលិតឡើងក្រោមប្រធានបទ សុខភាពបន្តពូជនោះ បានធ្វើឱ្យ សិទ្ធិនារី រងការរិះគន់ពីមហាជនមួយចំនួន ដែលបង្ហាញការមិនពេញចិត្ត តាមរយៈការបញ្ចេញមតិក្នុងវីដេអូ(Commet) ដោយសារយល់ថា ស្ត្រី មិនគួរនិយាយបញ្ហាសុខភាពផ្លូវភេទ ជាសាធារណៈ។ ការណ៍នេះ បានប៉ះពាល់ផ្លូវចិត្ត យុវតីរូបនេះ យ៉ាងខ្លាំង ដ្បិតវាជាការចាប់ផ្តើមដំបូងផងនោះ។
 
«ប៉ះពាល់ ហើយប៉ះពាល់ខ្លាំងណាស់ ព្រោះជាពេលចាប់ផ្តើមដំបូង ហើយយើងនៅក្មេងខ្ចីទៀត»។យុវតីរូបនេះ បានលើកឡើងពីការលំបាកក្នុងការទទួលយកមតិរិះគន់ដូច្នេះ ដោយបន្ថែមថា បើសិនគ្មានមតិលើកទឹកចិត្តពីអ្នកគាំទ្រផ្សេងទេ នោះនឹងពិបាកក្នុងការផលិតវីដេអូបន្តទៀត។ 
 
យ៉ាងណាមិញ សិទ្ធិនារី នៅតែប្រកាន់ជំហរក្នុងការផលិតវីដេអូ​ ដែលខ្លួនយល់ថា មានអត្ថប្រយោជន៍សម្រាប់មនុស្សជុំវិញខ្លួន ជាពិសេសគឺសង្គមផ្ទាល់។ កញ្ញា រិន សិទ្ធិនារី បានលើកឡើងពីកម្លាំងចិត្តដែលបានពីអ្នកគាំទ្រថា៖«មានមនុស្សច្រើន ដែលត្រូវការគំនិតទាំងនេះ បើទោះជាមានមនុស្សច្រើនទៀតបដិសេធចំពោះគំ​និតយើង ប៉ុន្តបើសិនជាយើងនៅតែបដិសេធជាមួយគេ គំនិតនោះមិនរីកចម្រើនទៅមុខឡើយ។ ហើយបើយើងចូលរួមជាមួយអ្នកគាំទ្ររបស់យើង ទោះបីមានគេបដិសេធច្រើន តែថ្ងៃអនាគត គេអាចគាំទ្រវិញក៏ថាបាន»។ 

សំឡេងខ្ញុំទៅបានឆ្ងាយ

សិទ្ធិនារី មានអារម្មណ៍រំភើប និងរីករាយជាខ្លាំង នៅពេលដែលវីដេអូរបស់ខ្លួនបានផ្តល់ចំណេះដឹង ក៏ដូចជាជួយមនុស្សជាច្រើន ព្រោះវាជាគោលដៅ និងជាកម្លាំងចិត្ត ដើម្បីបន្តដំណើរជាមួយទំព័រហ្វេសប៊ុក Switching-ចម្លាស់។ សិទ្ធិនារី កាន់តែត្រេកអរ នៅពេលសំឡេងរបស់ខ្លួនបានសាយភាយទៅខេត្តនានា ជាពិសេសទីដាច់ស្រយាល។ 
«ពេលខ្ញុំទៅខេត្ត ហើយមានក្មេងៗស្គាល់ច្រើន មានន័យថា សំឡេងខ្ញុំនៃការអប់រំរបស់ខ្ញុំ សំឡេងនៃការផ្តល់ចំណេះដឹង និងការចែករំលែករបស់ខ្ញុំ វាបានទៅដល់ខេត្ត។ អ្នកនៅខេត្ត ជាគោលដៅរបស់ខ្ញុំ ដោយសារខ្ញុំមិនមានឱកាសទៅពន្យល់ពួកគាត់ផ្ទាល់ឡើយ គឺមានតែតាមប្រព័ន្ធផ្សព្វផ្សាយនេះ។ នេះជារឿង ដែលខ្ញុំសប្បាយចិត្តជាងគេ»។ នេះជាការលើករបស់កញ្ញា រិន សិទ្ធិនារី ប្រាប់សារព័ត៌មានថ្មីៗ។ 
 
ក្រៅពីការចែករំលែកចំណេះដឹងថ្មីៗ តាមរយៈវីដេអូខ្លីលើទំព័រហ្វេសប៊ុក Switching-ចម្លាស់ កញ្ញា រិនសិទ្ធិនារី ក៏បានចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធីជាច្រើន ជាពិសេស កម្មវិធីនិយាយជាសាធារណៈ។ ជាមួយគ្នានោះ កញ្ញា ក៏ជាអ្នកនិពន្ធសៀ​វភៅម្នាក់ផងដែរ ដោយស្នាដៃដំបូងមានចំណងជើងថា«Babe Don’t Leave»។ សៀវភៅនេះ ត្រូវបានចងក្រងឡើងជាភាសាអង់គ្លេស ដែលជាសៀវភៅលើកទឹកចិត្តដល់នារី៕
 

Tag:
 កញ្ញា រិន សិទ្ធិនារី
  ក្លាហាន
  ជឿជាក់ខ្លួនឯង
  យុវជន
  សង្គម
© រក្សាសិទ្ធិដោយ thmeythmey.com