អន្តរជាតិ
ហ្វីលីពីន​ ចេញ​យុទ្ធសាស្ត្រ​ថ្មីបង្ហាញសកម្មភាពបំពានរបស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូងជាសាធារណៈ
09, Mar 2023 , 10:29 am        
រូបភាព
កងឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបានចាប់ផ្តើមអនុវត្តយុទ្ធសាស្រ្តថ្មីដោយផ្សព្វផ្សាយជាសាធារណៈអំពី​សកម្មភាពឈ្លានពានរបស់ចិននៅក្នុង​សមុទ្រចិន​ខាង​ត្បូង សំដៅជំរុញឱ្យមាន​ការយក​ចិត្ត​ទុក​ដាក់​លើ​ទីក្រុងប៉េកាំងខ្លាំងជាងមុន។
 
ជាមួយការកើនឡើងសកម្មភាពរបស់ចិន ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនក៏បានបង្កើនការល្បាតនៅក្នុងដែនទឹក​ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង ហើយបានខិតខំចងក្រងឯកសារដើម្បីផ្សព្វផ្សាយជា​សាធារណៈអំពីអាកប្បកិរិយាឈ្លានពានរបស់ចិននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ រាប់ទាំងឧបទ្ទវហេតុ​ថ្ងៃទី៦  ខែកុម្ភៈពេលដែលនាវាឆ្មាំសមុទ្ររបស់ចិនបានតម្រង់ឡាស៊ែរយោធាដាក់នាវិកហ្វីលីពីន​។
 
ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានតវ៉ា និងបញ្ចេញវីដេអូនៃឧបទ្ទវហេតុនេះដែលធ្វើឱ្យប្រទេសក្រៅតំបន់បង្ហាញក្ដីបារម្ភ។ ប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr បានកោះហៅ​អគ្គរដ្ឋ​ទូត​ចិន​ប្រចាំ​ទីក្រុង​ម៉ានីលទៅជួបទៀតផង ។ 
 
បើតាមឆ្មាំសមុទ្រហ្វីលីពីន ការបង្ហាញទង្វើរបសចិន ជាមធ្យបាយមួយក្នុងការលាតត្រដាងអ្វីដែលកើតឡើងនៅសមុទ្រចិនខាងត្បូង។ មន្រ្តីជើងទឹកហ្វីលីពីន Jay Tarriela លើកឡើងថា តួនាទី​របស់​ឆ្មាំឆ្នេរ​សមុទ្រហ្វីលីពីនជាឧបករណ៍មួយប្រឆាំងនឹងការឈ្លានពានរបស់ចិន និងអនុញ្ញាតឱ្យរដ្ឋដែលមានទស្សនៈដូចគ្នាអាចថ្កោលទោស និងរិះគន់ទង្វើរបស់ចិនច្រើនជាងមុន។ 
 
លោក Tarriela បានបញ្ជាក់ផងដែរថា ការបង្ហាញជាសាធារណនូវវីដេអូនិងរូបថតនៃសកម្មភាព​របស់ឆ្មាំសមុ​ទ្រចិនដែលមិនមានការកែសម្រួលនេះ នឹងអាចកែប្រែមតិសាធារណម្តងទៀត​ដើម្បីថ្លឹង​ថ្លែងបញ្ហាផ្អែកលើការពិត និងមិនមែនគ្រាន់តែជាការឃោសនានោះទេ៕
 
 

Tag:
 ហ្វីលីពីន
© រក្សាសិទ្ធិដោយ thmeythmey.com