ជាតិ
បុណ្យភូមិឆ្នាំទី១០ រៀបចំនៅ៣ទីតាំងខុសគ្នា និងមានទស្សនីយភាពសិស្បៈពិសេសប្លែកៗគ្នា
09, Mar 2023 , 12:19 pm        
រូបភាព
ភ្នំពេញ៖ ឆ្នាំនេះជាឆ្នាំទី១០ នៃការរៀបចំបុណ្យភូមិ។ ក្នុងឆ្នាំទី១០នេះ បុណ្យភូមិបានបង្កើនរយៈពេលនៃការរៀបចំទស្សនីយភាពសិល្បៈ និងព្រឹត្តិការណ៍វប្បធម៌នានា ដល់ទៅ១០ថ្ងៃដែរគឺចាប់ពីថ្ងៃទី១-៩មេសា ដោយចែកជា៣សប្ដាហ៍ និងធ្វើនៅ៣ទីតាំងខុសៗគ្នា។


កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកាបុណ្យភូមិ បានប្រាប់សារព័ត៌មានថ្មីៗថា បុណ្យភូមិក្នុងឆ្នាំទី១០នេះ មានកម្មវិធីវិសេសៗជាច្រើន ដែលសម្រិតសម្រាំងដើម្បីផ្គាប់ចិត្តប្រជាជនកម្ពុជា។ បើទោះបីជាមិនអាចបង្ហាញឈ្មោះកម្មវិធីទាំងអស់បាន ក៏ប៉ុន្តែ លំអរពេជ្រ បានបង្ហើបកម្មវិធីមួយចំនួន ដែលនឹងសម្ដែងក្នុងថ្ងៃបុណ្យភូមិ។ 
 
កម្មវិធីវិសេស គឺការសម្ដែងរបាំរឿង “ទន្លេកោងមួយ” ដែលជាផ្ទាំងទស្សនីភាពរបាំរឿងដ៏ធំមួយ នាំមកជូនដោយក្រុមសិល្បៈអ្នកស្រី សូភីលីន រួមទាំងការបណ្ដែតប្រទីបផ្សងនៅក្នុងបរិវេណវត្តផងដែរ។ ចំណែកកម្មវិធីផ្សេងៗទៀតមាន ការសម្ដែងល្ខោនស្រមោលស្បែកធំ ល្ខោនខោល តន្ត្រីប្រពៃណី តន្ត្រីសម័យ ល្បែងកម្សាន្តនានា កម្មវិធីល្បែងបវរកញ្ញាធ្លាក់ទឹកជាដើម ដែលទទួលបានការគាំទ្រយ៉ាងច្រើនកុះករ ពីទស្សនិកជន កាលពីឆ្នាំកន្លងទៅ។
 
កញ្ញា រិទ្ធី លំអរពេជ្រ សហស្ថាបនិកាបុណ្យភូមិ

ពាក់ព័ន្ធនឹងការរៀបចំបុណ្យភូមិនេះ សហស្ថានិការូបនេះបញ្ជាក់ថា បុណ្យភូមិឆ្នាំ២០២៣នេះ មានរយៈពេល១០ថ្ងៃ ដោយចែកជា៣សប្តាហ៍។ សប្ដាហ៍ទី១ ឈ្មោះថា«សប្ដាហ៍សិល្បៈសម័យ» រៀបចំពីទី១-២ ខែមេសា នៅហ្វេកតូរីភ្នំពេញ ដោយតម្រូវឱ្យអ្នកចូលរួមទិញសំបុត្រ។ សប្ដាហ៍ទី២ ឈ្មោះថា«សប្ដាហ៍ពិសេស» រៀបចំនៅជីបម៉ុងមេហ្គាម៉ល២៧១ ពីថ្ងៃទី ៣-៦មេសា។ សប្ដាហ៍ទី៣ ជា«សប្ដាហ៍បុរាណ» រៀបចំពីថ្ងៃទី៧-៩មេសា នៅវត្តមួយនៅជាយរាជធានីភ្នំពេញ។ អ្នករៀបចំមិនទាន់បង្ហើបទីតាំងវត្តនោះឡើយ តែសម្រាប់សបា្តហ៍ទី២ និងទី៣ សាធារណជនអាចចូលរួមដោយសេរី។ ក្រៅពីមានការសម្តែងសិល្បៈ និងបង្ហាញព្រឹត្តិការណ៍វប្បធម៌ប្លែកៗពីគ្នាហើយនោះ ក៏មាន«សប្ដាហ៍គំនូរ»ដែលរៀបចំនៅវិចិត្រសាលនៃសណ្ឋាគារ រ៉ូសវូដភ្នំពេញ ពីថ្ងៃទី១មេសា ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ដែរ។
 
ជុំវិញការលក់សំបុត្រចូលរួមបុណ្យភូមិសប្តាហ៍ទី១ កញ្ញា រិទ្ធី លំអរពេជ្រ បានសង្កត់ធ្ងន់​ថា ចង់ឱ្យមានការចូលរួមជួយលើកតម្កើងសិល្បៈវប្បធម៌ជាតិពី​សាធារណជន ហើយថវិកា​ទាំងនោះ នឹងបែងចែកមួយផ្នែកដើម្បីពង្រីកបុណ្យភូមិ ឱ្យរីកសាយទៅដល់គ្រប់ខេត្តក្រុងរាជធានី ​ទូទាំងប្រទេស​។


 
«សប្ដាហ៍ទី១ មានការលក់សំបុត្រតម្លៃ១ម៉ឺនរៀល សម្រាប់សំបុត្រមួយ។ ប្រាក់កម្រៃដែលនឹងរកបាន នឹងយកទៅគាំទ្រសិល្បករនៅថ្ងៃកម្មវិធី។ អ្វីដែលសំខាន់នោះ កម្រៃនោះក៏នឹងយកទៅឧបត្ថម្ភដល់គម្រោងរបស់បុណ្យភូមិមួយទៀត ដែលជាការរៀបចំរបស់បុណ្យភូមិដែរ មានឈ្មោះថា “បុណ្យភូមិមានជើង”។ កម្មវិធីប្រគំតន្ត្រីយើងហ៊ានចំណាយ ប្រាក់ទិញសំបុត្រ៥ដុល្លារ ឬ១០ដុល្លារ ឬលើសនេះបាន ចុះកម្មវិធីសិល្បៈវប្បធម៌ជាតិយើង តម្លៃសំបុត្រតែ១ម៉ឺនរៀល រឿងអីយើងចូលរួមមិនបាន? ត្រូវទេ? ខ្ញុំសូមឱ្យប្រជាជនខ្មែរយើងចូលរួមជាមួយយើង តើបានទេ? សប្ដាហ៍នេះយើងឱ្យឈ្មោះថា “នាំមកជូនដោយអ្នកស្រុកបុណ្យភូមិ”។ នេះជាការស្នើសុំរបស់កញ្ញា លំអរពេជ្រ។
 
“បុណ្យភូមិមានជើង” គឺជាគម្រោងដែលបុណ្យភូមិ គិតទុកជាយូរមកហើយ ក៏ព្រោះប្រិយមិត្តតាមខេត្តជាច្រើន បានអញ្ជើញមហោស្រពបុណ្យភូមិ ទៅកាន់ខេត្តរបស់ពួកគេ។ “បុណ្យភូមិមានជើង” នឹងបោះជំហានទៅគ្រប់ខេត្តក្រុងរាជធានី នៅកម្ពុជា និងជំរុញឱ្យមានកា​របង្កើតសហគមន៍ច្នៃប្រឌិត នៅទីតាំងទាំងនោះ ដែលជាយន្តការមួយក្នុងការកសាងជាបណ្ដាញនៃទឹកចិត្ត និងព្រលឹងខ្មែរក្នុងចំណោមយុវជនកម្ពុជា ដោយប្រើប្រាស់វប្បធម៌និងសិល្បៈ តន្ត្រីនិងភាពយន្ត។ វិនិយោគលើការអភិរក្ស និងការអភិវឌ្ឍទៅលើសិល្បករនៅតាមតំបន់ និងតាមបណ្ដាខេត្តនានា ដែលការវិនិយោគនោះផ្ដោតសំខាន់ ទៅលើការវិនិយោគទៅលើសិល្បករនៅតាមតំបន់ សមាគមសិល្បៈ អ្នកស្រាវជ្រាវនៅតាមតំបន់ ដើម្បីឱ្យមានការបន្តបង្កើត និងអភិវឌ្ឍន៍ស្នាដៃថ្មីៗ។


 
សហស្ថាបនិការូបនេះ រំពឹងទទួលបានអ្នកចូលរួម ក្នុងសប្ដាហ៍ទី១ ចំនួនប្រមាណ១ម៉ឺននាក់យ៉ាងតិច ក្នុងមួយថ្ងៃ។ ចំណែកសប្ដាហ៍ទី២ ​រំពឹងទទួលបានអ្នកចូលរួមយ៉ាងតិច២ម៉ឺននាក់ ក្នុងមួយថ្ងៃ។ រីឯកម្មវិធីនៅក្នុងវត្ត ដែលមានទំហំប្រមាណ៣០ហិកតាវិញ បុណ្យភូមិ រំពឹងទទួលបានអ្នកចូលរួមយ៉ាងតិចបំផុត ៣ទៅ៤ម៉ឺននាក់ ក្នុងមួយថ្ងៃ។ រំពឹងទុកបែបនេះ ក៏ព្រោះបុណ្យភូមិឆ្នាំមុនៗ ក៏មានអ្នកចូលរួមរាប់ម៉ឺននាក់ដែរ។
 
សូមបញ្ជាក់ថា អស់រយៈពេល១០ឆ្នាំហើយ ដែលបុណ្យភូមិបានកើតឡើង ដោយចេញពីគំនិតតូចមួយ ពីស្ថាបនិកទាំងបួនរូប ដើម្បីឱ្យក្លាយជាមហោស្រពសិល្បៈដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីឆ្នាំទី១ដល់ទី៩ ប្រជាជនកម្ពុជាបានចូលរួមគាំទ្របុណ្យភូមិ យ៉ាងច្រើនកុះករ។ កាលពីឆ្នាំ២០១៤ បុណ្យភូមិឆ្នាំដំបូង បានប្រព្រឹត្តឡើងនៅវត្តព្រែកថ្លឹង ដោយកាលនោះមានអ្នកស្ម័គ្រចិត្ត មិនដល់៣០នាក់ឡើយ ដែលភាគច្រើនគឺជាមិត្តជិតស្និទ្ធរបស់សហស្ថាបនិកនៃបុណ្យភូមិ។ កាលចាប់ផ្ដើមដំបូង បុណ្យភូមិមានឆាកឈើតូចៗដែលជាគ្រែ ហើយមិនមានអ្វីធំដុំអស្ចារ្យនោះទេ ប៉ុន្តែមានប្រិយមិត្តចូលរួមយ៉ាងច្រើនកុះករ។


 
ដំបូងឡើយ បុណ្យភូមិកើតចេញពីការសន្ទនាមួយ ដែលស្ថាបនិកទាំងបួននាក់ រិទ្ធី លំអរពេជ្រ, រិទ្ធី លំអរ កេសរ, បូ សកលកិត្យា និង អ៊ុំ ច័ន្ទទេវី បាននិយាយគ្នាពីវប្បធម៌ នៃការក្រាលកន្ទេលមើលល្ខោន ដែលបានបាត់ប្រជាប្រិយភាពបន្តិចម្ដងៗទៅហើយនោះ។ ហើយបុណ្យភូមិក៏កើតឡើង។ ដំបូងពួកគេគិតថា ធ្វើតែមួយល្ងាចប៉ុណ្ណោះ ប៉ុន្តែដោយសារតែមានអ្នកស្រុកបុណ្យភូមិ មកច្រើនកុះករ ក៏បើកវង់រាំលេង និងលេងល្បែងប្រជាប្រិយបន្ថែមទៀត។
 
ក្នុងឆ្នាំទី១០នេះ បុណ្យភូមិបានបង្ហាញចក្ខុវិស័យរបស់ខ្លួន ដោយចង់ឱ្យមហោស្រពសិល្បៈបុណ្យភូមិ ក្លាយជាស្ពានចម្លងការយល់ដឹង និងឈ្វេងយល់សិល្បៈ និងវប្បធម៌របស់កម្ពុជា ទៅកាន់ប្រជាជនកម្ពុជា ដែលជាយុវជនជំនាន់ក្រោយ ក៏ដូចជាផ្សារភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតផងដែរ។ ជាអ្នកវិនិយោគលើការអភិរក្ស និងការអភិវឌ្ឍ ដែលការវិនិយោគនោះ ផ្ដោតសំខាន់លើ ការវិនិយោគទៅលើសិល្បករ សមាគមសិល្បៈ អ្នកស្រាវជ្រាវ ដើម្បីឱ្យមានការបន្តបង្កើត និងអភិវឌ្ឍស្នាដៃថ្មីៗ។ ជាសហគមន៍ច្នៃប្រឌិត ដើម្បីបង្កើតជាបណ្ដាញនៃទឹកចិត្ត និងព្រលឹងខ្មែរក្នុងចំណោមយុវជន នៃប្រទេសកម្ពុជា ដោយវប្បធម៌ សិល្បៈ តន្ត្រី និងភាពយន្ត៕
 

Tag:
 បុណ្យភូមិ
  សិល្បៈ
  វប្បធម៌
  ភ្លើងគប់
© រក្សាសិទ្ធិដោយ thmeythmey.com