ជាតិ
សម្ដេច ហ៊ុន សែន៖ «បុណ្យទន្លេ» ជាព្រឹត្តិការណ៍ទេសចរណ៍ ផ្សព្វផ្សាយសក្ដានុពលទេសចរណ៍ជាប់ដងទន្លេ
09, Mar 2023 , 3:13 pm        
រូបភាព
ពិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ។ រូបភាព សហការី ThmeyThmey។
ពិធីបុណ្យទន្លេលើកទី៧ នៅក្នុងខេត្តកំពង់ធំ។ រូបភាព សហការី ThmeyThmey។
ភ្នំពេញ៖ បុណ្យទន្លេលើកទី៧ ក្នុងឆ្នាំនេះ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០មីនា ក្រោមប្រធានបទ«ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត»។ ការប្រារព្ធបុណ្យទន្លេឆ្នាំនេះ បន្ទាប់ពីខានធ្វើពីរឆ្នាំ ដោយសារបញ្ហារាលដាលនៃជំងឺកូវីដ-១៩។


តាមសារលិខិត នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រឹត្តិការណ៍បុណ្យទន្លេនេះ បានក្លាយជាព្រឹត្តិការណ៍ទេសចរណ៍ដ៏សំខាន់សម្រាប់កម្ពុជា ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍ខេត្តជាប់ដងទន្លេ។ បុណ្យទន្លេនេះ ក៏មានចំណែកគាំទ្រគោលនយោបាយរដ្ឋាភិបាលកម្ពុជា ក្នុងការយកចិត្តទុកដាក់អភិវឌ្ឍន៍តំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ 
 
ព្រឹត្តិការណ៍នេះក៏ជាឱកាស ដើម្បីពង្រឹងគុណភាពសេវាកម្ម និងការបង្កើត និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ជាពិសេសទេសចរណ៍តាមនាវា (River-Cruise) និងសហគមន៍ទេសចរណ៍តាមដងទន្លេជាដើម។ 
 
ដោយឡែកប្រធានបទឆ្នាំនេះ គឺសមស្របទៅនឹងបរិបទបច្ចុប្បន្នរបស់រដ្ឋាភិបាលកម្ពុជា បន្តផ្ដល់អាទិភាពលើការអភិវឌ្ឍតំបន់តាមដងទន្លេ​ ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ។ រដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាចិត្តរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងបច្ចុប្បន្ន និងអនាគត។ 
 
ជាមួយគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំផងដែរ នៅតាមបណ្ដាខេត្តជាប់ដងទន្លេក្នុងប្រទេស។
 
គួរជម្រាបផងដែរថា ពិធីបុណ្យទន្លេលើកទី៧ នៅខេត្តកំពង់ធំនេះ​ ទាក់ទាញអ្នកទេសចរចំនួន ៤០៣,៥០០នាក់។ ចំនួននេះ គឺបូកបញ្ចូលគ្នានៅមុនថ្ងៃពិធីបុណ្យមួយថ្ងៃ ពោលគឺថ្ងៃ៧មីនា ដែលមានអ្នកចូលរួម ១៨,៥០០នាក់។ នេះបើតាមក្រសួងទេសចរណ៍៕ 
 

Tag:
 ThmeyThmey
  បុណ្យទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com