អន្តរជាតិ
AUKUS៖ អូស្ត្រាលី​រំពឹង​​ទិញ​នាវាមុជទឹក​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​៥​គ្រឿងពីអាមេរិក
09, Mar 2023 , 8:29 pm        
រូបភាព
អូស្ត្រាលីរំពឹងនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia-class ចំនួន៥ គ្រឿងអំឡុងឆ្នាំ២០៣០ ក្រោមកិច្ចព្រមព្រៀងមួយរវាងទីក្រុងវ៉ាស៊ីនតោន កង់បេរ៉ា និងទីក្រុងឡុងដ៍នៅឆ្នាំ២០២១។ នេះបើតាមការលើកឡើងរបស់មន្ត្រីអាម៉េរិក ខណៈដែលនាយករដ្ឋមន្រ្តីអូស្ត្រាលីត្រៀមធ្វើទស្សនកិច្ចនៅអាម៉េរិក។


កិច្ចព្រមព្រៀងរវាងអាម៉េរិក អូស្រ្តាលី និងអង់គ្លេសដែលត្រូវស្គាល់ជាកិច្ចព្រមព្រៀង AUKUS អូស្រ្តាលីនឹងទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ហើយលុបចោលកិច្ចព្រមព្រៀងទិញជាមួយបារាំងវិញ។ កិច្ចព្រមព្រៀងនេះបានបែងចែកជាដំណាក់កាលជាច្រើន ហើយដល់ទស្សវត្សរ៍ឆ្នាំ ២០៣០ ទើបអូស្ត្រាលីទិញនាវាមុជទឹកប្រភេទថ្មីដែលសាងសង់ឡើងជាមួយនឹងការរចនារបស់អង់គ្លេស និងបច្ចេកវិទ្យាអាម៉េរិក។ អូស្ត្រាលីនឹងទិញនាវាមុជទឹករប្រភេទ Virginia-class ចំនួន៣គ្រឿង ហើយមានជម្រើសទិញ ២ គ្រឿងបន្ថែមទៀត។
 
បើតាមមន្ត្រីអាម៉េរិក បន្ទាប់ពីដំណើរទស្សនកិច្ចប្រចាំឆ្នាំទៅកំពង់ផែអូស្ត្រាលី អាម៉េរិកនឹងបញ្ជូននាវាមុជទឹកមួយចំនួននៅតំបន់ភាគខាងលិចអូស្ត្រាលីនៅអំឡុងឆ្នាំ២០២៧។  
 
បច្ចុប្បន្នអូស្ត្រាលីមាននាវាមុជទឹក Collins-class ដើរដោយថាមពលធម្មតាចំនួន៦ គ្រឿងរួចហើយដែលអាចប្រើប្រាស់បានរហូតដល់ឆ្នាំ២០៣៦។ កិច្ចព្រមព្រៀង AUKUS ដែលបានប្រកាសនៅឆ្នាំ ២០២១ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក៕
 

Tag:
 អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com