ជាតិ
កត្តាជីវភាព និងអំពើហិង្សា បានទាញពលរដ្ឋនៅបឹងទន្លេសាប ធ្លាក់ក្នុងជំងឺផ្លូវចិត្ត
09, Mar 2023 , 8:59 pm        
រូបភាព
ប្រជានេសាទ នៅភូមិមាត់ខ្លារ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា
ប្រជានេសាទ នៅភូមិមាត់ខ្លារ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ រូបភាព៖ ឈុំ ចន្ថា
សៀមរាប៖ កត្តាជីវភាព និងអំពើហិង្សាក្នុងគ្រួសារ បានទាញពលរដ្ឋ ដែលរស់នៅបឹងទន្លេសាប ធ្លាក់ចូលក្នុងវិបត្តិ«ផ្លូវចិត្ត» កាន់តែច្រើន ខណៈពួកគេពិបាកស្វែងរកអ្នកប្រឹក្សា និងសេវាព្យាបាល។ បើតាម អង្គការទន្លេគ្លីនិកកម្ពុជា (TLC) ប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ហាសុខភាពផ្លូវចិត្ត តាមដងទន្លេសាប បានកើនឡើងគួរឱ្យព្រួយបារម្ភ ដែលភាគច្រើនកើតលើស្រ្តី។


លោកស្រី គី កល្យាណ អ្នកទទួលខុសត្រូវគម្រោងសុខភាពសហគមន៍ នៃអង្គការទន្លេគ្លីនិកកម្ពុជា បានសង្កេតឃើញថា រាល់ថ្ងៃ ពលរដ្ឋដែលរស់នៅលើបឹងទន្លេសាប បានជួបបញ្ហាស្រ្តេស (Stress) ច្រើន។ ករណីនេះ បណ្ដាលមកពី កត្តាជីវភាព និងអំពើហិង្សាក្នុងគ្រួសារ ដែលកើតឡើងញឹកញាប់លើស្រ្តី។ បន្ថែមពីលើនេះ បណ្ដាញសង្គមក៏ជិះឥទ្ធិពលខ្លាំងដល់សុខភាពផ្លូវចិត្តផងដែរ ខណៈពួកគេពិបាកស្វែងរកអ្នកប្រឹក្សា ក្នុងការជួយឱ្យប្រសើឡើង។ 
  

លោកស្រី គី កល្យាណ អ្នកទទួលខុសត្រូវគម្រោង សុខភាពសហគមន៍ នៃអង្គការទន្លេគ្លីនិកកម្ពុជា។ រូបភាព ឈុំ ចន្ថា 
 
លោកស្រី ប្រាប់ដូច្នេះថា៖«បន្ទាប់ពីយើងធ្វើការនៅលើបឹងទន្លេ យើងឃើញថា ប្រជាជននៅទីនោះមានបញ្ហាស្រ្តេសហ្នឹងច្រើនដែរ។ មែនទែនទៅ មានវាកត្តាច្រើន ដែលនាំឱ្យស្រ្តេស ដូចជា កត្តាហិរញ្ញវត្ថុ និងរបៀបគិតរបស់ពួកគាត់ ហើយអំពើហិង្សា ក៏អាចប៉ះពាល់ដល់ផ្លូវចិត្តផងដែរ។ រាល់ថ្ងៃនេះ បណ្ដាញសង្គម ក៏វាយលុកខ្លាំងណាស់ដែរ អ៊ីចឹងតែកាលណាស់ គាត់ប្រើប្រាស់វាយូរពេក ហើយមើលតែរឿងមិនល្អ ក៏ជាមូលហេតុបង្កបញ្ហាផ្លូវចិត្តដែរ»។ 
 
មិនថានៅលើគោក ឬលើទឹកនោះទេ ស្រ្តីតែងតែមានសម្ពោធរឿងលុយកាក ផ្ទះសំបែង មើលថែកូន និងចង្រ្កានជើងឆ្នាំង។ នៅតំបន់បឹងទន្លេសាប បុរស បានចាត់ទុកខ្លួនឯងជាអ្នកនាំមុខ ហើយតែងតែប្រើអំពើហិង្សាដល់ស្រ្តី ដែលជាប្រពន្ធ នៅពេលពួកគេស្រវឹង ឬមកពីធ្វើការងារហត់។ 
 
ទោះបី នៅបឹងទន្លេសាប ដាច់ស្រយាល់ពីដីគោក តែប្រជាសហគមន៍នៅទីនោះ ក៏ជាប់បំណុលគេដែរ ព្រោះអ្នកខ្លះចិញ្ចឹមត្រី ហើយត្រូវបណ្ដាក់ចំណី ឬពូជពីឈ្មួញ។ ក្នុងករណីត្រីងាប់ ឬលក់បានថោក ពួកគេត្រូវប្រឈមនឹងការខាតបង់ និងបំណុលធ្ងន់ធ្ងរ។ អ្វីដែលជាបញ្ហាចោទនោះ គឺពួកគេមិនបានគិតដល់ដំណោះស្រាយនោះទេ ផ្ទុយទៅវិញ ពួកគេចូលចិត្តគិតស្មុគស្មាញ និងពិបាកចិត្ត។ នេះជាការៀបរាបរបស់លោកស្រី គី កល្យាណ។ 


ពលរដ្ឋ នៅភូមិមាត់ខ្លារ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មកទទួលសេវាព្យាបាល និងប្រឹក្សាយោលបល់ នៅស្នាក់ការអង្គការទន្លេគ្លីនិកកម្ពុជា។ រូបភាព៖ ឈុំ ចន្ថា 
 
តាមរយៈបេសកកម្មព្យាបាល និងថែទាំជំងឺ ដល់ពលរដ្ឋ ក្នុងសហគមន៍នេសាទបឹងទន្លេសាប ជាច្រើនឆ្នាំមកនេះ អង្គការទន្លេគ្លីនិកកម្ពុជា បានជួយសង្រ្គោះអ្នកកើតជំងឺផ្លូវចិត្តធ្ងន់ធ្ងរប្រហែល ៣ ទៅ៤នាក់ និងកម្រិតស្រាល ជាច្រើននាក់។ បច្ចុប្បន្ន អ្នកមានវិបត្តិផ្លូវចិត្ត ត្រូវបានប៉ានប្រមាណថា មានច្រើនជាង ១០០នាក់ នៅជុំវិញបឹងទន្លេសាប។  
 
មនុស្សដែលកើតជំងឺផ្លូវចិត្ត តែងតែឈឺក្បាល វិលមុខ ដេកមិនលក់ និងគិតច្រើន។ ជំងឺនេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺកម្រិតធ្ងន់ និងកម្រិតស្រាល។ កម្រិតធ្ងន់ អាចធ្វើឱ្យមនុស្សវង្វែង ឬឈានដល់ការសម្លាប់ខ្លួន ផងដែរ។ 
 
លោកស្រី គី កល្យាណ បញ្ជាក់ថា ការស្វែងរកអ្នកកើតជំងឺផ្លូវចិត្ត នៅតាមបឹងទន្លេសាប មិនងាយស្រួលនោះទេ ដោយសារតែអ្នកខ្លះមានភាពលាក់លាម ខ្មាសអៀន នឹងនិយាយរឿងក្នុងចិត្តប្រាប់ទៅកាន់អ្នកដ៏ទៃ។ ករណីនេះ អង្គការទន្លេគ្លីនិកកម្ពុជា លើកទឹកចិត្តពលរដ្ឋឱ្យក្លាហ៊ាន ក្នុងការមកពិគ្រោះយោបល់ និងទទួលសេវាព្យាបាល ដោយឥតគិតថ្លៃ។ ក្រុមគ្រូពេទ្យ នៃអង្គការ TLC រីករាយនឹងការស្ដាប់សាច់រឿងរបស់ពួកគេ ប្រសិនបើ មានការចង់ឱ្យជួយ។ 
 
លោកស្រី ប្រាប់ដូច្នេះថា៖«​ យើងឃើញថា មានច្រើនបញ្ហាផ្លូវចិត្តនេះ ប៉ុន្តែ ពិបាកបន្តិច ដោយសារតែអ្នកខ្លះលាក់មុខ ហើយខ្លះបើកបង្ហាញ។ អ៊ីចឹង យើង(TLC) ជួយបានសម្រាប់តែអ្នកបើកបង្ហាញទេ។ អ៊ីចឹង អង្គការយើង មានក្រុមខាងសុខភាពផ្លូវចិត្តហ្នឹង បានណែនាំដល់ម្ដាយ ឬអ្នកភូមិទាំងអស់ហ្នឹង ថាប្រសិនបើ គាត់មានរឿងអី ចង់ពិភាក្សា ឬចង់ឱ្យពួកយើងជួយ អាចទាក់ទងមកយើងបាន យើងរីករាយនឹងស្ដាប់រឿង»៕ 
 

Tag:
 បឹងទន្លេសាប
  សុខភាពផ្លូវចិត្ត
  អង្គការទន្លេគ្លីនិកកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com