អន្តរជាតិ
រដ្ឋមន្ត្រី​ការងារ​កូរ៉េខាងត្បូងថា ការធ្វើ​ការងារ​យូរម៉ោង​ជាងមុនផ្ដល់ប្រយោជន៍ដល់ស្ត្រីជាម្ដាយ
10, Mar 2023 , 2:52 pm        
រូបភាព
ស្របពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីអត្រាកំណើតធ្លាក់​ចុះ រដ្ឋមន្ត្រីការងារកូរ៉េខាងត្បូង​បានលើកឡើងនាថ្ងៃទី៩ ខែមីនាថា ការបង្កើនចំនួនម៉ោងធ្វើការប្រចាំសប្តាហ៍ពី៥២ ម៉ោងទៅ៦៩ម៉ោង​អនុញ្ញាតឱ្យស្ត្រីជាម្តាយធ្វើការកាន់តែបានច្រើនជម្រើស និងជួយពួកគេក្នុងការចិញ្ចឹមកូនផងដែរ។
 
ក្រសួងការងារកូរ៉េខាងត្បូង ចេញមុខការពារផែនការបន្ថែមការងារដែលរងការរិះគន់។ កន្លងមក រដ្ឋាភិបាលសេអ៊ូលអះអាងថា ការអនុញ្ញាតឱ្យប្រជាជនធ្វើការទទួលបានការបន្ថែម​ម៉ោងជាថ្នូរនឹងការ​សម្រាកនៅពេលក្រោយ ជាការជំរុញសកម្មភាពការងារ និងផ្ដល់ជម្រើសដល់ស្រ្តីជាម្ដាយ។
 
«យើងនឹងណែនាំវិធានការដើម្បីជួយកាត់បន្ថយម៉ោងធ្វើការអំឡុងពេលស្ត្រីមានផ្ទៃពោះ ឬពេលកំពុង​ចិញ្ចឹមកូន»។ រដ្ឋមន្ត្រីក្រសួងការងារកូរ៉េខាងត្បូងលោក Lee Jung-sik ថ្លែងក្នុងសន្និសីទកាសែតមួ​យ​បែបនេះពេលត្រូវបានចោទសួរពីកំណែទម្រង់ការងារនឹងជួយដោះស្រាយវិបត្តិការមានកូនរបស់កូរ៉េខាងត្បូងឬ យ៉ាងណា។
 
ជុំវិញរឿងនេះ ក្រុមអ្នក​រិះគន់​បាន​លើក​ឡើង​ថា វិធានការ​នេះ​នឹង​ធ្វើ​ឱ្យប៉ះពាល់​ដល់​ស្ត្រី​ជា​អ្នកធ្វើ​ការ និង​ស្ត្រី​ផ្សេងៗ​ទៀត ដែលនឹងបន្ទុកគ្រួសារច្រើនជាងមុន ពេលដែលបុរសជាប្ដីជ្រើសរើសការធ្វើការយូរជាងមុននោះ។ វិធានការថ្មី ក៏ត្រូវរិះគន់ថា អាចប៉ះពាល់ដល់អត្រាកំណើតប្រជាជនផងដែរ។ កូរ៉េ​ខាង​ត្បូងមានអត្រាមានកូនទាបបំផុតក្នុងពិភពលោកត្រឹម០,៧៨សម្រាប់ស្រ្តីម្នាក់ក្នុងឆ្នាំ២០២២។ ប្រធានាធិបតី យូន សុកយ៉ល កាលពីថ្ងៃទី៨ ខែមីនា បានបញ្ជាឱ្យ ចាត់​វិធានការ​មាន​ប្រសិទ្ធភាព​ដើម្បី​ដោះស្រាយបញ្ហានេះដែរ។
 
បើតាមក្រសួងការងារកូរ៉េខាងត្បូ សំណើកំណែទម្រង់ការងារដែលបានប្រកាសជាផ្លូវការកាលពីថ្ងៃទី៦ ខែមីនា ជាផ្នែកនៃកិច្ចខិតខំដើម្បីនាំមកនូវភាពបត់បែនការងារកាន់តែច្រើន និងធ្វើឱ្យមា​នតុល្យភាព​ជីវិត និងការងារនៅក្នុងប្រទេសដែលស្ត្រីជាច្រើនត្រូវបានបង្ខំឱ្យជ្រើសរើសរវាងអាជីពរបស់ពួកគេ និង​ការចិញ្ចឹមកូន៕
 

Tag:
 កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com