អន្តរជាតិ
តួកគី បង្ហាញសញ្ញាវិជ្ជមានលើកិច្ចចរចាចូលជាសមាជិកណាតូរបស់ស៊ុយអែតនិងហ្វាំងឡង់
10, Mar 2023 , 8:29 pm        
រូបភាព
ប្រធានអ្នកចរចារបស់ស៊ុយអែត នៅថ្ងៃទី៩ ខែមីនាបានលើកឡើងថា តួកគី បានទទួលស្គាល់ពីការប្រឹងប្រែងរបស់ស៊ុយអែត និងហ្វាំងឡង់ដើម្បីបំពេញតាមការទាមទាររបស់តួកគីកន្លងមកក្នុងដំណើរការចូលជាសមាជិកអង្គការណាតូ។ លើសពីនេះ ទីក្រុងអង់ការ៉ាបានលើកឡើងថា ភាគីទាំង៣នឹងបើកកិច្ចប្រជុំបន្ថែមទៀតពាក់ព័ន្ធនឹងបញ្ហានេះ។


ស៊ុយអែត និងហ្វាំងឡង់បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូកាលពីឆ្នាំមុន ប៉ុន្តែសំណើនេះបានប្រឈមមុខនឹងការជំទាស់ពីតួកគី។ ភាគីទាំង៣ ជួបគ្នាជាថ្មីដើម្បីជជែកពីការស្នើសុំនេះ។
 
បើតាមប្រធានអ្នកចរចារបស់ស៊ុយអែតលោក Oscar Stenstrom បានប្រាប់សន្និសីទកាសែតនៅទីស្នាក់ការអង្គការណាតូ បន្ទាប់ពីកិច្ចចរចាត្រីភាគីរវាងស៊ុយអែត ហ្វាំងឡង់ និងតួកគី តួកគីបានទទួលស្គាល់ថា ទាំងស៊ុយអែត និងហ្វាំងឡង់បានចាត់វិធានការជាក់ស្តែងដើម្បីបំពេញតាមការទាមទាររបស់តួកគី។ 
 
«នេះជាជំហានទៅមុខបន្តិច។ កិច្ចពិភាក្សាបានចាប់ផ្តើមឡើងវិញ។ ​យើងនឹងបន្តកិច្ចពិភាក្សា ប៉ុន្តែខ្ញុំមិនអាចបញ្ជាក់ច្បាស់ថានៅពេលណានោះទេ»។ លោក Oscar Stenstrom បានបន្ថែមបែបនេះក្នុងសន្និសីទកាសែតដដែល។ 
 
ចំណែកអ្នកនាំពាក្យរបស់ប្រធានាធិបតីតួកគី Tayyip Erdogan លោក Ibrahim Kalin បាននិយាយថា ជំហានដែលស៊ុយអែត និងហ្វាំងឡង់ បានធ្វើដើម្បីដោះស្រាយបញ្ហាសន្តិសុខរបស់ទីក្រុងអង់ការ៉ាមានភាពវិជ្ជមាន ប៉ុន្តែមិនគ្រប់គ្រាន់នៅឡើយសម្រាប់ការផ្តល់សច្ចាប័នរបស់តួកគីឱ្យប្រទេសទាំងពីរចូលជាសមាជិកអង្គការណាតូ។ 
 
«​យើង​បាន​គូស​បញ្ជាក់​ម្តង​ទៀត​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​និង​ការ​រំពឹង​ទុក​របស់​តួកគី។ ជំហានដែលប្រទេសទាំងពីរអនុវត្ត នឹងកំណត់ទិសដៅ និងល្បឿនដោះស្រាយបញ្ហានេះ»។ លោក​ Ibrahim Kalin បានបន្ថែមបែបនេះ។ 
 
​គួរបញ្ជាក់ថា កាលពីខែមករា តួកគីបានផ្អាកកិច្ចចរចាត្រីភាគីដែលបានព្រមព្រៀងគ្នានៅទីក្រុងម៉ាឌ្រីដកាលពីឆ្នាំមុន ដែលជាកិច្ចចរចាមានគោលបំណងធ្វើឱ្យដំណើរការចូលជាសមាជិករបស់ប្រទេសហ្វាំងឡង់ និងស៊ុយអែតមានភាពរលូន៕
 

Tag:
 តួកគី
  ស៊ុយអែត
  ហ្វាំងឡង់
© រក្សាសិទ្ធិដោយ thmeythmey.com