ជាតិ
សេដ្ឋកិច្ច
កូរ៉េខាងត្បូង បានផ្ដល់ឥណទានសម្បទាន ១,៨០០លានដុល្លារឱ្យកម្ពុជា ពីឆ្នាំ២០០១-២០២២
10, Mar 2023 , 8:59 pm        
រូបភាព
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុន សាធារណរដ្ឋកូរ៉េ។ រូបភាព៖ក្រសួងសេដ្ឋកិច្ច
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុន សាធារណរដ្ឋកូរ៉េ។ រូបភាព៖ក្រសួងសេដ្ឋកិច្ច
ដោយ:
រយៈពេល ២១ឆ្នាំ គឺពីឆ្នាំ២០០១-២០២២ កម្ពុជា បានទទួលបានឥណទានសម្បទាន ប្រមាណ ១ ៨០០ លានដុល្លារអាម៉េរិក ពីសាធារណរដ្ឋកូរ៉េ។  លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ដូច្នេះនៅក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសម និងពិភាក្សា ជាមួយលោកស្រី KIM Kyung Hee អគ្គនាយក នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កូរ៉េខាងត្បូងកាលពីថ្ងៃទី៩ ខែមីនា។ ក្នុងជំនួបនេះភាគីទាំងពីបានជជែកគ្នាអំពី កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានទ្វេភាគីកម្ពុជា-កូរ៉េ និងកិច្ចពិគ្រោះយោបល់គោលនយោបាយស្តីពីផែនការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ពីសាធារណរដ្ឋកូរ៉េ ។
 
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងក្នុងជំនួបនេះថា កម្ពុជាជាប្រទេសដែលឈរនៅលំដាប់ទី២ ក្នុងចំណោមប្រទេសទាំង១០ ដែលជាដៃគូកិច្ចកិច្ចសហប្រតិបត្តិការជាមួយមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច (EDCF)។  ចាប់ពីឆ្នាំ២០០១ ដល់២០២២ កូរ៉េខាងត្បូង បានសន្យាផ្តល់ឥណទានសម្បទានដល់កម្ពុជាប្រមាណ ១ ៨០០លានដុល្លារអាម៉េរិក។  ផ្តើមចេញពីការសន្យានេះ កិច្ចព្រមព្រៀងឥណទានសម្បទាន រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង EDCF ចំនួន៣២ ត្រូវបានចុះហត្ថលេខា ដែលមានទឹកប្រាក់ប្រមាណ ១ ៦០០លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ចំនួន២៨ និង១កម្មវិធី ទៅតាមយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់កម្ពុជា។
 
ចំពោះគម្រោងនៃការអភិវឌ្ឍទាំងនោះផ្អែកតាមវិស័យអាទិភាពសំខាន់ៗដូចជា វិស័យគមនាគមន៍ ដែលមានផ្លូវ ថ្នល់ និងស្ពាន, វិស័យអប់រំ, វិស័យសុខាភិបាល, ថាមពល, ធារាស្រ្ត និងប្រព័ន្ធចម្រោះទឹកកខ្វក់ជាដើម។
 
លោករដ្ឋមន្ត្រីក៏មិនភ្លេចអរគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានសម្រេចសន្យាស្តីពីការផ្តល់សម្បទាន តាមរយៈកិច្ចព្រមព្រៀងក្របខណ្ឌឆ្នាំ២០២២ -២០២៦ ដែលមានទំហំទឹកប្រាក់ ១ ៥០០លានដុល្លារ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី៩ ខែធ្នូឆ្នាំ២០២២ ជាមួយនឹងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងទឹកប្រាក់ជិត ២៤៦លានដុល្លារ។ 
 
នៅក្នុងលទ្ធផលនៃកិច្ចប្រជុំនេះ ភាគីប្រទេសទាំងពីរ ក៏បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានា តាមរយៈការផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការ ក្នុងក្របខណ្ឌឥណទានសម្បទាន ដើម្បីរួមចំណែកលើក ស្ទួយសកម្មភាពអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសសិក្សាទៅលើគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធធំៗនានា សម្រាប់ទុកជាប្រវត្តិសាស្រ្តនៃទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ៕


Tag:
 ឥណទានសម្បទាន
  សាធារណរដ្ឋកូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com