ជាតិ
រដ្ឋមន្រ្តីវប្បធម៌ជំរុញឱ្យវិស័យឯកវិនិយោគលើវិស័យសិប្បកម្មខ្មែរ
11, Mar 2023 , 3:39 pm        
រូបភាព
លោកស្រី ភឿង សកុណា មើលពីរបៀបឆ្លាក់ចម្លាក់នៅមជ្ឈមណ្ឌល សច្ចៈ
លោកស្រី ភឿង សកុណា មើលពីរបៀបឆ្លាក់ចម្លាក់នៅមជ្ឈមណ្ឌល សច្ចៈ
សៀមរាប៖ រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឱ្យវិស័យឯកជនវិនិយោគលើវិស័យ សិប្បកម្មខ្មែរឱ្យបានច្រើន ខណៈដែលរាជរដ្ឋាភិបាលប្រកាសពីចេតនាលើកតម្កើងវិស័យនេះឱ្យបាន ទូលំទូលាយ។
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ បានបង្ហាញការគាំទ្រចំពោះ​វិស័យឯកជន​ ដែលកំពុងចូលរួមវិនិយោគលើវិស័យសិប្បកម្មខ្មែរ ខណៈដែលវិស័យនេះ ត្រូវការការលើកស្ទួយឡើងវិញ។ ក្នុងពិធីបើកដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសិប្បកម្មកម្ពុជា សច្ចៈ នៅខេត្តសៀមរាប នាថ្ងៃទី១១ មីនា លោកស្រីរដ្ឋមន្រ្តីបានចាត់ទុកមជ្ឈមណ្ឌលនេះ ថាបានដើរ​តួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សិប្បកម្ម ហត្ថកម្មខ្មែរ និងជួយផ្សព្វផ្សាយផលិតផល​កើតចេញ​ពីការច្នៃប្រឌិតខ្ពស់ របស់សិប្បករខ្មែរ ឱ្យកាន់តែទូលំទូលាយ។



លោកស្រីបន្ថែមថា៖« នេះក៏ជាបំណងរបស់ក្រសួងមួយ មិនមែនតែវប្បធម៌ទេ តែក្រសួងឧស្សាហកម្ម ទេសចរណ៍ កិច្ចការនារី ពាណិជ្ជកម្ម និងក្រសួងការងារ។ ទីតាំងនេះបើកឡើងក្នុងបំណងជំរុញ អត្តសញ្ញាណជាតិ​របស់យើងក្នុងទីផ្សារ ចូលរួមក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច ផ្ដល់ការងារដល់​សិប្បករខ្មែរ»។


 
ថ្លែងមកកាន់ក្រុមអ្នកសារព័ត៌មាន លោកស្រី ភឿង សកុណា បន្តទៀតថា គោលនយោបាយរបស់​រាជរដ្ឋាភិបាលនៅអាណត្តិក្រោយ ដែលប្រមុខរដ្ឋាភិបាលបានប្រកាសកាលពីពេលថ្មីៗនេះ គឺការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជន ១,៥លាននាក់ ក្នុងនោះ ២ទៅ៤ភាគរយ ផ្តោតលើការ បណ្ដុះបណ្ដាលជំនាញសិប្បកម្ម គឺជំនាញដូនតាបន្សល់ទុកឱ្យ ដូចជាតម្បាញ ការឆ្លាក់។ល។ បំណងសំខាន់សម្រាប់ការងារនេះ គឺចង់ឱ្យយុវជនរៀនពីជំនាញទាំងនោះ យល់ពីតម្លៃ និងរក្សាកុំឱ្យ​បាត់បង់។


 
«យើងចង់បង្ហាញថា ជនជាតិយើងក៏ជាសិប្បករ អ្នកដែលមានថ្វីដៃក្នុងការច្នៃប្រឌិត។ ប្រាសាទអង្គរវត្ត ប្រាសាទនានាក្នុងប្រទេសជាភស្ដុតាង ស្នាដៃបេតិកភណ្ឌអរូបីនានាជាភស្ដុតាង យើងមើលរូបចម្លាក់តាម ប្រាសាទ យើងឃើញក្បាច់ក្បូរប្រឌិតឆ្លាក់ សូម្បីគ្រឿងអលង្ការឡើងទៅ ការប្រើប្រាស់ប្រជាជនយើង សំពត់សូត្រ សូម្បីតែវែកមួយក៏មានចម្លាក់នៅក្នុងនោះដែរ។ ដូច្នេះនេះជាការបង្ហាញនូវអត្តសញ្ញាណ ជាតិយើង មិនត្រឹមនៅក្នុងប្រទេសទេ គឺសម្រាប់ទៅក្រៅប្រទេសផង។ ហើយការងារទាំងនេះក៏ធ្វើឡើង ដើម្បីជំរុញសេដ្ឋកិច្ច ដោយយកមូលដ្ឋានជាតិជាមូលដ្ឋាន»។ លោក ភឿង សកុណា ថ្លែងយ៉ាងដូច្នេះ។
 


លោក Pierre Andre អគ្គនាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញសិប្បកម្មកម្ពុជា សច្ចៈ ពន្យល់ពីអត្ថន័យនៃពាក្យសច្ចៈដូច្នេះថា៖« សច្ចៈ គឺអាចទុកចិត្តបាន ជាមួយភាពស្មោះត្រង់ រាល់ផលិតផលដែលបង្កើតបាន មានគុណភាព អាចទុកចិត្តបាន»។
 
កើតក្នុងគ្រួសារសិប្បករ និងបានរស់នៅកម្ពុជាជាង៣០ឆ្នាំ បុរសជនជាតិបារាំងរូបនេះ មានមនោសញ្ចេតនាជ្រាលជ្រៅជាមួយសិល្បៈ វប្បធម៌ខ្មែរ ពិសេសផ្នែកសិប្បកម្ម។ លោកប្រាប់ថា ការស្រឡាញ់ទាំងនោះហើយ ដែលធ្វើឱ្យលោកចង់បន្តជួយសិប្បកម្មខ្មែរឱ្យបន្តរស់រាន និងអភិវឌ្ឍន៍ តទៅមុខទៀត។



លោក Pierre Andre ប្រាប់ទៀតថា មជ្ឈមណ្ឌលនេះបានបង្កើតឡើងរយៈពេលប្រមាណជិត៣ខែ មកហើយ ដែលមានសិប្បករ១១ជំនាញផ្សេងគ្នា ដូចជាចម្លាក់ឈើ ថ្ម ជាងគំនូ ម្រ័ក្សណ៍ខ្មុក ផ្ដៅ រំពាក់ កំប្លោក ចម្លាក់ស្បែក គ្រឿងអលង្ការ និងគុលាលភាជន៍។ល។ លោកបន្ថែមថា សិប្បករទាំងអស់ នឹងទទួលបានការបណ្ដុះបណ្ដាលជំនាញបន្ថែម និងការផ្តល់ជំនាញទន់ ដើម្បីឱ្យពួកគេក្លាយជា សិប្បករដែលមានជំនាញច្បាស់លាស់ និងអាចអភិវឌ្ឍន៍ជាសិប្បករឯករាជ្យមួយរូបនាពេលអនាគត ដោយពុំចាំបាច់ពឹងផ្អែកលើក្រុមហ៊ុនទៀតនោះទេ៕






 
 
 
 
 
 
 
 
 
 
 

Tag:
 សិប្បកម្មខ្មែរ
© រក្សាសិទ្ធិដោយ thmeythmey.com