ជាតិ
បទយកការណ៍ / បទសម្ភាសន៍
យុវជនខ្មែរមួយរូប នឹងធ្វើស៊ីក្លូធំជាងគេ ដើម្បីបំបែកកំណត់ត្រាពិភពលោក
11, Mar 2023 , 8:59 pm        
រូបភាព
លោក តាំង ហួងហាវ ស្ថាបនិក Local4Local ។ រូបភាពពី លោក តាំង ហួងហាវ។
លោក តាំង ហួងហាវ ស្ថាបនិក Local4Local ។ រូបភាពពី លោក តាំង ហួងហាវ។
ភ្នំពេញ៖ យុវជនខ្មែរ លោក តាំង ហួងហាវ នឹងធ្វើស៊ីក្លូធំជាងគេបំផុតមួយ ដែលមានកម្ពស់ស្មើនឹងអាគារ៤ជាន់ ឬប្រហែល១២ ឬ១៣​ម៉ែត្រ ដើម្បីដាក់បំបែកកំណត់ត្រា របស់ Guinness World Record នាខែវិច្ឆិកា ខាងមុខ។ គម្រោងយុវជននេះ​ ធ្វើឡើងក្នុងគោលបំណង អភិរក្សស៊ីក្លូ និងទាក់ទាញទេសចរ និងជាការរំឭកអនុស្សាវរីយ៍ខ្លួន និងជីដូន។
ដើម្បីជ្រាបច្បាស់សូមលោកអ្នកនាងទស្សនាកិច្ចសម្ភាសដូចខាងក្រោម៖ 



«ជិះស៊ីក្លូទៅផ្សារថ្មី ឃើញស្រីៗពាក់អាវផើម ខ្ញុំស្មានតែផើម មិនមែនផើមទេ...» ។ នេះជាអត្ថបទចម្រៀងមួយបទ មានចំណងជើងថា «ជិះស៊ីក្លូ» របស់លោក យស អូឡារាំង នាអំឡុងឆ្នាំ១៩៧៤ ។ តាមរយៈបទចម្រៀងនេះ បានបង្ហាញពីវត្តមាន និងការពេញនិយម នៃការជិះស៊ីក្លូនៅជំនាន់នោះ។ 
 
ប៉ុន្តែស៊ីក្លូ នាពេលបច្ចុប្បន្នមិនពេញនិយមទៀតឡើយ ខណៈអ្នកធាក់ស៊ីក្លូក៏បានថយចុះ។ ដោយបារម្ភពីការបាត់បង់វត្តមានស៊ីក្លូពីកម្ពុជា និងចង់ជួយដល់អ្នកធាក់ស៊ីក្លូ យុវជនខ្មែរមួយរូប គឺលោក ហួងហាវ បានបង្កើត ឡូខលហ្វ័រឡូខល (Local4Local) ដែលជួយដល់អ្នកធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ តាមរយៈធុង «អ្នកមានដាក់ អ្នកខ្វះដក»​ និងការស្វែងរកអតិថិជនដើម្បីជិះស៊ីក្លូជាដើម។
 
មានអនុស្សាវរីយ៍ជ្រាលជ្រៅជាមួយស៊ីក្លូ និងចង់ចូលរួមអភិរក្ស បច្ចុប្បន្នយុវជនរូបនេះ កំពុងសិក្សាគម្រោងធ្វើស៊ីក្លូធំជាងគេបំផុត ដែលមានកម្ពស់ប្រហែលអាគារ៤ជាន់  ដើម្បីដាក់បំបែកកំណត់ត្រាពិភពលោក របស់ Guinness World Record។ 
 
លោក តាំង ហួងហាវ បានបញ្ជាក់ថា ស៊ីក្លូ ដែលនឹងដាក់បំបែកកំណត់ត្រាក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ គឺមានកម្ពស់ចន្លោះ ១២ ទៅ១៣ម៉ែត្រ, បណ្ដោយចន្លោះ១៨ ទៅ២០ម៉ែត្រ។ ស៊ីក្លូធំជាងគេនេះ​ គឺមិនត្រឹមតែមានទំហំធំប៉ុណ្ណោះទេ តែស៊ីក្លូនេះគឺបន្លាស់ទីដូចជាស៊ីក្លូធម្មតា​ដែរ។ 
 
បើតាមសម្ដីលោក តាំង ហួងហាវ ដើម្បីអាចក្លាយជាត្រីចក្រយានធំជាងគេ គឺត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន របស់ Guinness World Record។ លក្ខខណ្ឌទាំងនោះរួមមាន ស៊ីក្លូត្រូវមានទំហំធំជាង ត្រីចក្រយានដែលធ្លាប់ត្រូវបានបំបែកកំណត់ត្រា នាពេលកន្លងមក, ស៊ីក្លូត្រូវមានរូបរាងដូចស៊ីក្លូធម្មតា និងអាចដំណើរការ, ស៊ីក្លូ ត្រូវបង្ហាញនៅសាធារណៈ ដើម្បីឱ្យសាធារណជនបានដឹងពីស៊ីក្លូនោះ។ 
 
ពាក់ព័ន្ធនឹងកន្លែងដាក់តាំងបង្ហាញនោះ លោក ហួងហាវ មិនទាន់អាចបញ្ជាក់បាននៅឡើយ ។ លោកគ្រាន់តែអាចបញ្ជាក់បានថា មានខេត្ត៣ដែលអាចនឹងត្រូវជ្រើសរើស ក្នុងការដាក់តាំងបង្ហាញត្រីចក្រយាននេះ ក្នុងនោះរាជធានីភ្នំពេញ, ខេត្តសៀមរាប និងបាត់ដំបង។ 
 
លោក ហួងហាវ មានភាពជឿជាក់យ៉ាងមុតមាំថា ក្រុមខ្លួននឹងអាចសម្រេចជោគជ័យ ក្នុងការបំបែកកំណត់ត្រាពិភពលោក របស់ស្ថាប័ន Guinness World Record។ 
ជាគម្រោង​អនាគត លោក ហួងហាវ ក៏ចង់បង្កើតសារមន្ទីរមួយ សម្រាប់ដល់បង្ហាញស៊ីក្លូនេះ រួមនឹងយានជំនិះដទៃៗដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា។ គម្រោងសារមន្ទីរនេះ លោកបានហៅវាថា «សារមន្ទីរនៃយានជំនិះ និងស៊ីក្លូ»៕ 
 

Tag:
 ThmeyThmey
  ស៊ីក្លូយក្ស
  កំណត់ត្រាពិភពលោក
  តាំង ហួងហាវ
© រក្សាសិទ្ធិដោយ thmeythmey.com