ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្តីស្រលាញ់របស់អ្នកស្រី ង៉ែត សុវណ្ណថន ចំពោះសូត្រដង្កូវនាងខ្មែរ ដោយគ្មានថ្ងៃបោះបង់
11, Mar 2023 , 9:59 pm        
រូបភាព
ភ្នំពេញ៖ អ្នកស្រី ង៉ែត សុវណ្ណថន ជាជាងកាត់ដេរដ៏ចំណានម្នាក់ ដែលបានធ្វើការងារជាមួយក្រណាត់ និងកន្ត្រៃ ជាង១០ឆ្នាំមកហើយ។ ដ្បិតចិត្តស្រលាញ់វិស័យកាត់ដេរ ជាពិសេសរបៀបផលិតសូត្រដង្កូវនាង  បានធ្វើឱ្យអ្នកស្រី សុវណ្ណថន ចំណាយពេលចុះស្រាវជ្រាវដល់ខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។ អ្នកស្រី ថន បានសហការជាមួយសិប្បករផលិតកន្សែង អាវ និងកាបូបសូត្រផ្កាដង្កូវនាង ដើម្បីលើកកម្ពស់ផលិតផលខ្មែរ។ ក្តីស្រលាញ់ដ៏ធំធេងរបស់អ្នកស្រី ង៉ែត សុវណ្ណថន ចំពោះសូត្រដង្កូវនាងខ្មែរ ដែលជាផលិតផលកេរ្តិ៍ដំណែលដូនតានេះ គឺគ្មានថ្ងៃបោះបង់ឡើយ។


ការប្រើប្រាស់ កន្សែង ហូលផាមួង ដែលធ្វើអំពីសូត្រដង្កូវនាងខ្មែរ ហាក់មានទីផ្សារតូចចង្អៀតសម្រាប់អាជីវករ។ ទន្ទឹមនោះ ការនាំចូលហូលផាមួងពីក្រៅប្រទេស ដែលមានតម្លៃថោក និងមានគោមស្អាតប្លែក ក៏បានទាក់ចិត្តពលរដ្ឋខ្មែរជាច្រើនផងដែរ ដ្បិតវាមានភាពស្រស់ស្អាតទាន់សម័យ ជួយសន្សំសំចៃច្រើន និងងាយស្រួលដូរម៉ូតតាមតាមយុគសម័យថ្មី។ 
 
ដោយឡែក បើក្រឡេកមើលការប្រើប្រាស់ហូលខ្មែរ ដែលមានក្បាចគោមចាស់បុរាណវិញ ហាក់មិនសូវមានអ្នកនិយមប្រើប្រាស់ឡើយ ដោយសារវាមានតម្លៃថ្លៃ និងមិនសូវទាន់សម័យ។ យ៉ាងណាមិញ ពលរដ្ឋខ្លះ ក៏នៅតែប្រើប្រាស់ និងស្រលាញ់គាំទ្រផលិតផលសូត្រដង្កូវនាង។ បើតាមសម្តីអ្នកស្រី ង៉ែត សុវណ្ណថន អ្នកមានកម្រិតជីវភាពខ្ពស់ ទើបមានលទ្ធភាពប្រើប្រាស់ហូល និងកន្សែង ដែលផលិតចេញពីសរសៃសូត្រដង្កូវនាងខ្មែរ។ 
 
ជាការពិតណាស់ តាមបទពិសោធន៍ក្នុងវិស័យកាត់ដេរជាង១០ឆ្នាំមកនេះ អ្នកស្រី សុវណ្ណថន បានយល់យ៉ាងក្រាស់ក្រែលអំពីទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក។ មិនត្រឹមតែមានទេព្យកោសល្យកាត់ដេរឡើយ ស្រ្តីវ័យ៣៩ឆ្នាំរូបនេះ ក៏មានភាពច្នៃប្រឌិតខ្ពស់ផងដែរ។ 
 
បោះបង់ការសិក្សា ស្រវាជំនាញកាត់ដេរ 

ដោយសារជីវភាពភាពលំបាក និងជាកូនទោលក្នុងគ្រួសារផង ង៉ែត សុវណ្ណថន បានបោះបង់ការសិក្សានៅថ្នាក់ទី៩។ សុវណ្ណថន បានចាប់ផ្តើមរៀនកាត់ដេរនៅអាយុ១៦ឆ្នាំ ដើម្បីមានមុខជំនាញពិតប្រាកដជួយផ្គត់ផ្គង់គ្រួសារ​ ដែលមានម្តាយមេម៉ាយ និងជីដូន រស់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


អ្នកស្រី ង៉ែត សុវណ្ណថន ជាងកាត់ដេរ និងជាអ្នកកែច្នៃសូត្រខ្មែរ។ រូបភាពពី៖ Amporeachchhany Tailor

«ដោយសារពេលនោះជីវភាពក្រុមគ្រួសារ យើងអត់មានលទ្ធភាពបន្តការសិក្សាទៅមុខ។ អ៊ីចឹង ក៏គិតថារកមុខជំនាញអ្វីមួយដើម្បីចិញ្ចឹមខ្លួនឯងទៅថ្ងៃអនាគត ទើបសម្រេចចិត្តថាចាប់យកជំនាញកាត់ដេរនេះទៅ។ កាលនោះ ចូលរៀនថ្នាក់ទី៩ បាន១ខែ ម៉ាចាស់[យាយ]គាត់ឈឺ ចឹងម៉ាក់ក៏ឱ្យឈប់សម្រាក ជួយមើលថែគាត់ ហើយខ្ញុំក៏គិតថា ខ្លួនឯងអត់មានចំណេះជំនាញអ្វី ទើបចាប់យកជំនាញនេះ»។ អ្នកស្រី ង៉ែត សុវណ្ណថន បានថ្លែងដូច្នេះ។ 
 
ក្រោយរៀនកាត់ដេរបាន៨ខែ សុវណ្ណថន ចាប់ផ្តើមកាត់ដេរចែកភាគរយជាមួយមេជាង ដើម្បីទទួលបានចំណូលខ្លះជួយម្តាយ។ ក្រោយដេរចែកភាគរយជាមួយមេជាងបាន១ឆ្នាំ សុវណ្ណថន បានសម្រេចចិត្តបើកអាជីវកម្មផ្ទាល់ខ្លួន និងបានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ២០០៧។ ក្រោយរៀបការរួច អ្នកស្រី បានមកបើកតូបនៅផ្សារបឹងកេងកង ដោយមានការគាំទ្រជាហូរហែ និងមានភ្ញៀវមកកាត់សម្លៀកបំពាក់សម្រាប់ចូលរួមកម្មវិធីមិនចេះដាច់។ 


យុវតី ដែលឈរខាងស្តាំ ជាកូនស្រីច្បង ហើយស្រីដែលអោបកុមារីអាយុប្រហែល៨ឆ្នាំ ជាអ្នកស្រី ង៉ែត សុវណ្ណថន។ ចំណែកយុវតីខាងឆ្វេងដៃនោះ ជាកូនស្រីទី២។ រូបភាពពី៖ Amporeachchhany Tailor

បន្ទាប់ពីទទួលបានជោគជ័យជំហានដំបូងក្នុងវិស័យកាត់ដេរហូលផាមួង នៅឆ្នាំ២០១៥ អ្នកស្រី សុវណ្ណថន បានសង្កេតឃើញពីការបាត់បង់បន្តិចម្តងៗនៃគោមក្បាច់បុរាណខ្មែរ និងបានចាប់ផ្តើមស្វែងរកអ្នកជំនាញចងគោមបុរាណត្រឡប់មកវិញ។ អ្នកស្រីបានរកឃើញទីតាំងចិញ្ចឹមដង្កូវនាង និងតម្បាញ ក្នុងឃុំប៉ោយចា ស្រុកភ្នំស្រុក បន្ទាយមានជ័យ និងទីតាំងកែច្នៃបន្ទាប់ នៅសង្កាត់គោកចក ខេត្តសៀមរាប។ 
 
អ្នកស្រី សុវណ្ណថន បានពិភាក្សាជាមួយលោក ចាន់ ផាន់នី និងអ្នកស្រី ម៉ន សារឿន ដែលគូស្វាមីភរិយានេះ ជាអ្នកយកកន្សែងសូត្រទៅកែច្នៃ បន្ទាប់ពីត្បាញរួចរាល់នៅខេត្តបន្ទាយមានជ័យ។ នៅឆ្នាំ២០១៨ ទាំងពីរនាក់ប្តីប្រពន្ធនេះ បានយកស្លឹករុក្ខជាតិ និងផ្កា ទៅដានរូបលើកន្សែងសូត្រ។ ការផលិតមានបីដំណាក់កាល ដោយដំណាក់កាលទី១ ជាការចិញ្ចឹមនិងយកសូត្រដង្កូវនាង រួមទាំងត្បាញ នៅខេត្តបន្ទាយមានជ័យ។ ដំណាក់កាលទី២ ជាការយកកន្សែងមកដានរូបស្លឹកឈើនិងផ្កា ហើយផលិតផលសម្រេច គឺនៅទីក្រុងភ្នំពេញ។


កាបូបសូត្រផ្កាដង្កូវនាង ដែលដានស្កឹកឈើ និងផ្កាធម្មជាតិ។ រូបភាពពី៖ Amporeachchhany Tailor.

ដំណាក់កាលទី២ មានការលំបាកជាងគេ ព្រោះត្រូវសិក្សាស្រាវជ្រាវឱ្យម៉ត់ចត់។ មុននឹងសម្រេចចិត្តជ្រើសរើសស្លឹករុក្ខជាតិ ឬផ្កា ណាមួយមកប្រើប្រាស់ អ្នកស្រី សុវណ្ណថន និងប្តីប្រពន្ធទាំងពីរ ដែលជាដៃគូសហការរកស៊ីជាមួយគ្នានេះ ត្រូវពិសោធន៍គុណភាពជាមុនសិន ថាតើរូបដានចេញពីរុក្ខជាតិទាំងនោះជាប់បានយូរឬទេ? ហើយវាអាចចេញពណ៌ឬទេ? នៅពេលបោកគក់។ អ្នកស្រី និងក្រុមការងារប្រើពេល១ឆ្នាំ ទើបរកឃើញរុក្ខជាតិអាចប្រើប្រាសបាន។
 
«យើងសិក្សាពណ៌ផ្កាធម្មជាតិ ផ្កាព្រៃធម្មជាតិ ថាតើផ្កាណាយើងអាចយកមកដាក់ជាសន្លឹកបាន។ មិនមែនមានន័យថាគ្រប់ដើមឈើ និងផ្កា អាចយកមកធ្វើបានទាំងអស់ទេ ដោយសារធម្មជាតិផ្កាខ្លះវាចេញពណ៌ ហើយផ្កាខ្លះអត់ចេញពណ៌ទេ។ ពេលខ្លះជោគជ័យ ពេលខ្លះបរាជ័យ ខូចក្រណាត់ ខូចសូត្រ។ ហើយយើងចាប់ផ្តើមកត់ទុកថាផ្កាណាធ្វើបាន ដូចជា ស្លឹកស្វាយចន្ទី ស្លឹកល្ហុងខ្វង ស្លឹកផ្កាអង្គាបុស្ស និងស្លឹកម៉ៃសាក់»។ នេះជាការរៀបរាប់របស់អ្នកស្រី ង៉ែត សុវណ្ណថន ទៅលើការពិសោធ។ 
 
ក្នុងដំណាក់កាលនៃការពិសោធ អ្នកស្រីត្រូវចំណាយដើមទុនច្រើនទៅលើការប្រើប្រាស់ក្រណាត់សូត្រ។ ក្រណាត់កន្សែងសូត្រ ដែលយកមកដានស្លឹកឈើ ឬផ្កា ត្រូវបោះចោលនៅពេលការពិសោធបរាជ័យ មិនចេញពណ៌ដូចការចង់បាន។ ដូច្នេះទម្រាំទទួលបានជោគជ័យ អ្នកស្រី សុវណ្ណថន ត្រូវចំណាយពេល និងកន្សែងសូត្រច្រើន ស្ទើរអស់សង្ឃឹមនឹងបន្ត។ ប៉ុន្តែ ក្រោយទទួលបានជោគជ័យបន្តិចម្តងៗ កន្សែងសូត្រដានរូបរុក្ខជាតិ ក៏បានលេចជារូបរាង។
  

កន្សែងសូត្រផ្កាដង្កូវនាង ដែលដានស្លឹកឈើ និងផ្កា។ រូបភាពពី៖ Amporeachchhany Tailor.

បន្ទាប់ពីការពិសោធជោគជ័យ អ្នកស្រី និងក្រុមការងារ ទទួលបានកន្សែងសូត្រ ដែលមានរូបរាងស្លឹកឈើធម្មជាតិពណ៌បៃតង ពណ៌ត្នោត ពណ៌មាស លាយឡំនឹងរូបផ្កាពណ៌លឿង និងពណ៌ទឹកក្រូច យ៉ាងស្រស់ស្អាត គួរឱ្យចង់ប៉ះស្ទាប។ 
 
កន្សែងនេះ បានចេញលក់លក់នៅឆ្នាំ២០២០ ដែលជាពេលជំងឺរាតត្បាតកូវីដ-១៩ រាលដាលដល់កម្ពុជា។ ការណ៍នេះ បានធ្វើឱ្យខ្វះទីផ្សារ និងពិបាកស្វែងរកអតិថិជន ដូច្នេះ អ្នកស្រី សុវណ្ណថន បានខំប្រឹងផ្សព្វផ្សាយជាវីដេអូ និងរូបភាពតាមបណ្តាញសង្គមហ្វេសប៊ុក អំពីគុណតម្លៃនៃសូត្រខ្មែរ រួមទាំងដំណាក់កាលនៃការផលិតដល់អតិ​​ថិជន។
 
«យើងចាប់ផ្តើមដាក់លក់កន្សែងមុនគេ ហើយយើងចាប់ផ្តើមពន្យល់លម្អឹតពីការចិញ្ចឹមមនក្នុងរយៈពេលប៉ុន្មាន ចិញ្ចឹមដង្កូវនាងក្នុងរយៈពេលប៉ុន្មានថ្ងៃ។ យើងខាល់សរសៃសូត្ររួច យើងយកវាតម្បាញប៉ុន្មានថ្ងៃ ហើយទម្រាំងតែមានពណ៌នៅលើសរសៃសូត្រ យើងត្រូវប្រើពេលស្ងោរវាទៀតដើម្បីឱ្យវាខាំពណ៌ចូលគ្នា។ ពេលវាយូរណាស់ កន្សែងមួយ បើនិយាយពីច្រវ៉ាក់ផលិតកម្មពីដំបូងរហូតដល់ចប់ វាចូលជិត ៣ខែ»។ អ្នកស្រី ង៉ែត សុវណ្ណថន បានពន្យល់ដូច្នេះ។ 
ការស្រេលាញ់ គួបផ្សំនឹងការខំប្រឹងប្រែងរបស់អ្នកស្រី សុវណ្ណថន បានធ្វើឱ្យអតិថិជនយល់ពីគុណតម្លៃនៃផលិតផលដោយដៃរបស់សិប្បករខ្មែរ និងទទួលបានគាំទ្រជាច្រើន។ ការណ៍នេះ បានជួយឱ្យអ្នកស្រីកាន់តែមានទឹកចិត្តបន្តអភិរក្សកេរដូនតាខ្មែរ ជាពិសេសអ្នកស្រីក៏បានជួយឱ្យជីវភាពសិប្បករមានភាពល្អប្រសើរ។
 
វិបត្តិកូវីដ-១៩ មិនមែនជាឧបសគ្គសម្រាប់ក្តីស្រមៃរបស់អ្នកស្រី ង៉ែត សុវណ្ណថន

គួរឱ្យសោកស្តាយ ការដាក់លក់មិនទាន់បានប៉ុន្មានផង ស្ថានភាពកាន់តែលំបាកខ្លាំងនៅពេលបិទខ្ទប់ប្រទេស និងបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មអ្នកស្រី រួមទាំងសិប្បករ ដែលជាដៃគូសហការខ្លួនផងដែរ។ មិនមានទេសចរ កម្សោយអតិថិជនក្នុងស្រុក ចំណូលធ្លាក់ចុះ គួបផ្សំនឹងទំនួលខុសត្រូវចំពោះអ្នកតម្បាញផងនោះ អ្នកស្រី សុវណ្ណថនបានបង្ខំចិត្តលក់ឡៃឡុងអីវ៉ាន់ ដើម្បីមានថវិកាផ្តល់ឱ្យផលិតករ ។
 
«ពេលខាតលុយកូវីដរាប់ម៉ឺន ហូលរបស់ខ្ញុំ ដែលទុន១០០ភាគរយ នៅសល់តែ១០ភាគរយ ហើយ១០ភាគរយនេះអត់យកពីណាទេ គឺយកពីឡៃឡុងអីវ៉ាន់លក់ ឡៃឡុងអីវ៉ាន់ខាតដើម្បីដើរទៅមុខ។ ខ្ញុំគិតតែពេលហ្នឹង ខាតអីខាតទៅ គិតតែថាយកមកដេរច្នៃ ដាក់លក់ ឱ្យបានលុយយកមកជួយក្រុមការងារ។ ប្រជាពលរដ្ឋក្នុងតំបន់ហ្នឹង រស់ដោយសារអាជីវកម្មមួយហ្នឹង។ បើសិនអាជីវកម្មមួយនេះអត់ដើរ ឬមួយក៏ដួល អ៊ីចឹងស្មើនឹងពួកគាត់អត់មានការងារធ្វើហើយ»។ នេះជាការលើកឡើងរបស់អ្នកស្រី ង៉ែត សុវណ្ណថន។
 
បញ្ហានៃជំងឺកូវីដ-១៩ បានធ្វើឱ្យអាជីវកម្មនេះ បាត់បង់ចំណូលស្ទើរទាំងស្រុង ព្រោះមិនមានភ្ញៀវទេសចរ។ ទន្ទឹមនោះ អ្នកស្រីក៏បានផ្តល់ដំណឹងទៅខាងសិប្បកម្មផលិតសូត្រដង្កូវនាងឱ្យផ្អាកការងារ ប៉ុន្តែទឹកចិត្តស្រលាញ់ គឺមិនចង់ឱ្យបាត់បង់ឡើយ។ 
 
«ករណីទី១ យោងទៅតាមកេរដូនតា ជាពិសេសបងស្រីនិងបងប្រុស ដែលលោកឪពុកអ្នកម្តាយគាត់ជាអ្នកចិញ្ចឹមដង្កូវនាងតាំងពីបុរាណមកដល់បច្ចុប្បន្ន។ ករណីទី២ ការតម្បាញសូត្ររបស់យើងមិនមានការគាំទ្រទេ ប្រជាជនមានតែជាង១០គ្រួសារដែលចិញ្ចឹម[ដង្កូវនាង] ហើយដោយសារផលលំបាកទីផ្សារ អត់មានអ្នកទិញ ហើយអត់មានអ្នកជួយលក់ទៀត គឺយើងប្រឈមនឹងបិទអាជីវកម្មមួយនេះ បាត់បង់កេរដំណែលមួយហ្នឹង។ អ៊ីចឹងម្នាក់ៗតាំងពីដូនតាមក យើងម៉េចសុខចិត្ត យើងនៅទឹកចិត្តស្រលាញ់ តស៊ូ។ យើងត្រូវតែរកយុទ្ធសាស្រ្តលក់ ដើម្បីឱ្យដំណើរការងារនេះ»។ នេះជាការលើកឡើងរបស់ម្ចាស់ហាង អម្ពររាជិនី កាត់ដេរ។ 
 
អតិថិជនអ្នកស្រី សុវណ្ណថន ភាគច្រើនជាភ្ញៀវទេសចរ ហើយក៏យល់ពីគុណតម្លៃនៃផលិតផលសូត្រដង្កូវនាង និងវត្ថុធាតុដើមធម្មជាតិនេះដែរ។
 
វិបត្តិកូវីដ ជំរុញឱ្យមានការកៃច្នៃផលិតផលថ្មីដោយសារមិនដាច់ចិត្តឈប់ត្រឹមនេះ អ្នកស្រី សុវណ្ណថន និងប្តីប្រពន្ធមួយគូរខាងលើ បានសាកល្បងដានរុក្ខជាតិ និងផ្កា លើអាវ ដើម្បីឱ្យមានការប្រើប្រាស់សូត្រដង្កូវនាងកាន់តែច្រើន និងទាក់ទាញអតិជនបន្ថែមលើកន្សែងសូត្រ។ ដោយសារមានបទពិសោធន៍ពីការផលិតកន្សែងសូត្ររួចហើយ ការដានរូបភាពធម្មជាតិលើអាវ បានធ្វើទៅដោយរលូន និងបានដាក់ឈ្មោះសមិទ្ធិផលថ្មីនេះថា សូត្រផ្កាដង្កូវនាង។
  

កន្សែងសូត្រផ្កាដង្កូវនាង ដែលដានស្លឹកឈើ និងផ្កា។ រូបភាពពី៖ Amporeachchhany Tailor.

ការចាប់ផ្តើមផលិតផលថ្មី «សូត្រដង្កូវនាង»នេះ ក្នុងទ្រង់ទ្រាយតូចប៉ុណ្ណោះ ដោយអ្នកស្រីបានផលិតសម្រាប់កូនស្រីទាំងបី និងខ្លួនឯង។ ដើម្បីផ្សព្វផ្សាយពីផលិតផលថ្មីនេះ អ្នកស្រី និងកូនច្បងដែលមានអាយុ១៦ឆ្នាំ បានថតជាវីដេអូ និងរូបភាព ដាក់លើបណ្តាញសង្គមហ្វេសប៊ុក។ ក្រោយពីបានឃើញពីភាពស្រស់ស្អាតនៃសំពត និងអាវសូត្រផ្កាដង្កូវនាង អ្នកស្រីក៏ទទួលបានការបញ្ជាទិញជាបន្តបន្ទាប់។
 
រហូតដល់ឆ្នាំ២០២២ អ្នកស្រី និងក្រុមការងារក៏បានកែច្នៃឱ្យមានកាបូបសូត្រផ្កាដង្កូវនាងមួយទៀត។ បើតាមជាងកាត់ដេររូបនេះ កន្សែង អាវ និងកាបូបសូត្រផ្កាដង្កូវនាង គឺផលិត នៅពេលដែលមានអតិថិជនបញ្ជាទិញប៉ុណ្ណោះ ដ្បិតវាមានតម្លៃថ្លៃ និងត្រូវប្រើពេលយូរ។
 
ក្តីស្រមៃចងក្រងគោមបុរាណទុកសម្រាប់កូនចៅជំនាន់ក្រោយ អ្នកស្រី ង៉ែត សុវណ្ណថន បានប្រាប់សារព័ត៌មានថ្មីៗអំពីក្តីស្រលាញ់ និងគោលបំណងទៅថ្ងៃមុខថា៖« នាងខ្ញុំធ្វើការងារនេះ គឺធ្វើចេញពីបេះដូង ដោយក្តីស្រលាញ់ ដែលមានសម្រាប់កីតម្បាញខ្មែរ អ្វីដែលជាស្នាដៃកូនខ្មែរ។ ខ្ញុំនឹងចូលរួមថែរក្សា អភិរក្សលើកស្ទួយ។ ចំពោះក្បាច់គោមបុរាណខ្មែរ នាងខ្ញុំនឹងខិតខំស្វែងរក ក៏ដូចជាទុកឯកសារ សម្រាប់ទុកកេរដំណែលបង្ហាញកូនចៅជំនាន់ក្រោយ បានសិក្សាឈ្វេងយល់ យល់ដឹងអំពីហូលខ្មែរ ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន»។ 
 
អ្នកស្រីបានលើកឡើងពីអត្ថប្រយោជន៍នៃសូត្រដង្កូវនាងខ្មែរដូច្នេះ៖«សូត្រដង្កូវនាងមានលក្ខណពិសេស ព្រោះវាមានខ្យល់ដង្ហើម មានជាតិទន់ វាអត់ដូចសូត្រស្រុកក្រៅ ដែលស្រួយហើយស្ងួត។ កន្សែងពេលដណ្តប់ ពេលក្តៅ វាក្លាយជាត្រជាក់ ពេលមេឃត្រជាក់វាហុំខ្លួនយើងបានល្អ»៕
 

Tag:
 ជីវព័ត៌មាន
  តម្បាញ
  ហូល
  សូត្រដង្កូវនាង
  កាបូប
© រក្សាសិទ្ធិដោយ thmeythmey.com