ជាតិ
កញ្ញា វុន សម្ផស្ស ស្នើរដ្ឋឲ្យកំណត់ជាក់លាក់ ដើម្បីឲ្យក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលបានប្រយោជន៍ពី ប.ស.ស
12, Mar 2023 , 11:58 am        
រូបភាព
កញ្ញា វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)។
កញ្ញា វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)។
ភ្នំពេញ៖ កញ្ញា វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA) ស្នើឲ្យរដ្ឋាភិបាលកំណត់ឲ្យបានជាក់លាក់ជាងមុន ដើម្បីឲ្យក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានឱកាសទទួលបានអត្ថប្រលយោជន៍ពី បេឡាជាតិសន្តិសុខសង្គម(ប.ស.ស)។
 
សព្វថ្ងៃ កម្មករក្រៅប្រព័ន្ធ ដូចជា កម្មករសំណង់ អ្នកបម្រើការងារតាមផ្ទះ អ្នកលក់ដូរតាមដងផ្លូវជាដើម ពិបាកក្នុងការចុះបញ្ជីសេដ្ឋកិច្ចក្នុងប្រព័ន្ធ។ នេះបើតាមការអះអាងរបស់ កញ្ញា វុន សម្ផស្ស ដែលកត់សម្គាល់ឃើញថា ពួកគេ ធ្វើការគ្មានម៉ោងជាក់លាក់ រួមទាំងថៅកែ ទើបពិបាកក្នុងការចុះបញ្ជី។ ដូច្នេះ រដ្ខាភិបាល គួរកំណត់អត្តសញ្ញាណឲ្យច្បាស់លាស់ជាងនេះ ដើម្បីឲ្យពួកគេទទួលបានកិច្ចគាំពារសង្គម។ 
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាស រវាងកញ្ញា ឡាយ សុភាវតី សារព័ត៌មានថ្មីៗ ជាមួយ កញ្ញា វុន សម្ផស្ស អគ្គលេខាធិការរងសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)៖ 
 

អគ្គលេខាធិការរង IDEA បានថ្លែងបែបនេះ៖ «ខ្ញុំមានសំណូមពរ ក៏ដូចជាអនុសាសន៍ទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ គឺការកំណត់និយមន័យក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យវា ទូលំទូលាយបន្តិច រាល់ថ្ងៃនៅពេលកំណត់គាត់ចង្អៀតពេក ពួកគេអត់ទទួលបានសារៈប្រយោជន៍ពី ប.ស.ស ទេ!»។
 
ត្រង់ចំណុចនេះ កញ្ញា ពន្យល់ថា កន្លងមកក្រសួងធ្លាប់បានចែងថា ក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺធ្វើការមិនលើសពី៨ម៉ោងក្នុងមួយថ្ងៃ។ ប៉ុន្តែជាក់ស្ដែង មិនមែនបែបនេះទេ។ កញ្ញាបញ្ជាក់ថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាក្រុមដែលធ្វើការរកប្រាក់ចំណូលដោយខ្លួនឯង ដែលត្រូវបានអង្គការពលកម្មពិភពលោក កំណត់យ៉ាងច្បាស់ ។ ដូច្នេះការកំណត់ខុសគ្នា រវាងស្ថាប័នរដ្ឋ និងអង្គការពលកម្មពិភពលោកនេះ ទើបពិបាករកចំណុចរួម ដើម្បីឲ្យពួកគេទទួលបានអត្ថប្រយោជន៍ពីកិច្ចគាំពារសង្គម។ 
 
ជាមួយគ្នាដែរ អគ្គលេខាធិការរង IDEA ស្នើឲ្យក្រសួងការងារ និង ប.ស.ស បង្កើនការចុះអធិការកិច្ចការងារ លើរោងចក្រសហគ្រា ដែលពុំទាន់ចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីកុំឲ្យកម្មករខាតបង់ប្រយោជន៍ពីកិច្ចគាំពារសង្គម។ លើសពីនេះ ប.ស.ស ត្រូវផ្សព្វផ្សាយ ពីគោលនយោបាយឲ្យបានផុសផុលទៅដល់ក្រុមគោលដៅ។ 
 
ទន្ទឹមនឹងនេះ កញ្ញាឲ្យ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាំគ្នាលើកពីបញ្ហាប្រឈមទៅជជែក ឲ្យបានច្រើន ដើម្បីឲ្យមហាជន ឬអ្នកពាក់ព័ន្ធ ជាពិសេស រដ្ឋាភិបាល និងអ្នកតាក់តែងគោលនយោបាយ បានដឹងពីបញ្ហា និងដំណោះស្រាយ ឲ្យបានសមស្របសម្រាប់ពួកគេ៕  
 
 

Tag:
 សេដ្ឋកិច្ចក្រៅប្រព័ន្ធ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com