ជាតិ
យុវជន៤៥នាក់ ទទួលបានការបណ្ដុះបណ្ដាលផ្នែកសង្រ្គោះបឋមនិងបន្ទាន់
12, Mar 2023 , 2:29 pm        
រូបភាព
សកម្មភាពអនុវត្តន៍ការសង្រ្គោះបឋមរបស់ក្រុមយុវជន។
សកម្មភាពអនុវត្តន៍ការសង្រ្គោះបឋមរបស់ក្រុមយុវជន។
សៀមរាប៖ ក្រុមយុវជន នៃក្រុមការងារសង្រ្គោះបឋមនិងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ ២០២៣ ទទួលការបណ្ដុះបណ្ដាលជំនាញសង្រ្គោះបឋម និងបន្ទាន់ ដើម្បីត្រៀមសង្រ្គោះប្រជាពលរដ្ឋ ដែលនឹងមក ចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តនាពេលខាងមុខ។
មន្រ្តីពេទ្យនៃមន្ទីរពេទ្យបង្អែកខេត្ត និស្សិតពេទ្យ និងយុវជនស្ម័គ្រចិត្តសសយក សរុបចំនួន ៤៥នាក់ បានទទួលការហ្វឹកហ្វឺតជំនាញសង្រ្គោះបឋម និងបន្ទាន់ ពីគ្រូបង្គោលសំខាន់លើជំនាញទាំងនេះ។ ការបណ្ដុះបណ្ដាលនេះ បង្ហាញពីការសង្រ្គោះអ្នកជំងឺឱ្យបានទាន់ពេលវេលា និងរហ័យ របៀបរបបជួយសង្រ្គោះ និងការធ្វើចលនាផ្សេងៗ នៅពេលអ្នកជំងឺសន្លប់ ឬអាំងបេះដូងជាដើម។ល។
 


ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប លោក ក្រុស សារ៉ាត់ ប្រាប់ថា មានការរំពឹងទុកថា ប្រជាពលរដ្ឋ នឹងមកចូលរួមកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តក្នុងចំនួនច្រើន ខណៈដែលព្រឹត្តិការណ៍ឆ្នាំនេះរៀបចំធំ និងមានកម្មវិធីចម្រុះជាច្រើន។ ដូច្នេះ ក្រុមសង្រ្គោះបឋម និងបន្ទាន់ គឺមានភាពចាំបាច់ដើម្បីត្រៀម ក្នុងករណីមានហានិភ័យកើតឡើង។ 
 
តាមការបញ្ជាក់ពីប្រធានមន្ទីរសុខាភិបាល យុវជនដែលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះ មាននិស្សិត យុវជនសសយក និងខ្លះជាមន្រ្តីពេទ្យផង។ ការបណ្ដុះបណ្ដាលផ្តោតសំខាន់លើការសង្រ្គោះឱ្យបានទាន់ ពេលវេលា ពាក់ព័ន្ធបញ្ហាផ្លូវដង្ហើម ខ្សែភ្លើងឆក់ ពស់ចឹក និងករណីរងរបួសផ្សេងៗ។



ជាមួយគ្នានេះដែរ តាមលោកប្រធានមន្ទីរ ក្រុមការងារសង្រ្គោះបឋម នៅឆ្នាំនេះ បែងចែកជា៣ក្រុម មានក្រុមនៅតាមស្ដង់ ក្រុមចល័ត និងក្រុមពេទ្យជំនាញនៅមន្ទីរពេទ្យបង្អែកខេត្ត។ ក្រុមការងារតាមស្ដង់ មានចំនួន៩ទីតាំង រួមមាន នៅប្រាសាទបាយ័នចំនួន២ស្ដង់ អង្គរវត្តចំនួន២ តំបន់អង្គរឃ្យុងយូ២ និងតាមមាត់ស្ទឹងសៀមរាបចំនួន៤ សរុប៩ស្ដង់។ 
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលខាងលើធ្វើឡើងនាថ្ងៃទី១០ មីនា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលរៀបចំឡើងដោយ ក្រុមការងារសង្រ្គោះបឋមនិងបន្ទាន់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត សហការជាមួយ មន្ទីរសុខាភិបាលខេត្តសៀមរាប៕
 
 

Tag:
 សសយក
  ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com