ម្ចាស់ផ្ទះស្នាក់(Homestay)ចំនួន២នៅសហគមន៍អេកូទេសចរណ៍ជីផាត ទទួលបានពានរង្វាន់លើស្តង់ដារផ្ទះស្នាក់នៅអាស៊ាន(ASEAN Homestay Standard )ឆ្នាំ២០២៣-២០២៥។ ផ្ទះស្នាក់ទាំងពីរ ដែលទទួលបានពានរង្វាន់នោះមានឈ្មោះថា «សុខ ស្រីមុំ» និង «មាន មាន»។
ម្ចាស់ផ្ទះស្នាក់«សុខ ស្រីមុំ»និង«មាន មាន» នៅសហគមន៍អេកូទេសចរណ៍ជីផាតនៃស្រុកថ្មបាំង ខេត្តកោះកុង ទទួលបានពានរង្វាន់ ASEAN Homestay Standard ឆ្នាំ២០២៣-២០២៥ កាលពីថ្ងៃទី៥កុម្ភៈ។ លោក ពាន់ រិទ្ធី ម្ចាស់ផ្ទះស្នាក់នៅ«សុខ ស្រីមុំ» បានលើកឡើងថា ការទទួលបានពានរង្វាន់នេះ គឺជាមោកទភាព និងភាពជោគជ័យមួយសម្រាប់គ្រួសារលោក លើការផ្តល់កន្លែងស្នាក់នៅដ៏ល្អ តែសាមញ្ញក្នុងការរស់នៅសម្រាប់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ។
«ខ្ញុំសប្បាយចិត្តណាស់ ដែលទទួលបានពានរង្វាន់នេះ! ហើយខ្ញុំនឹងខំប្រឹងអនុវត្ត និងគោរពតាមណែនាំរបស់អ្នកជំនាញផ្នែកទេសចរណ៍បន្ថែមទៀត ដើម្បីផ្តល់សេវាកម្មដល់ភ្ញៀវដែលមកស្នាក់នៅផ្ទះខ្ញុំ ឱ្យទទួលបានភាពកក់ក្តៅដូចការរស់នៅក្នុងគ្រួសារដែរ»។ លោក រិទ្ធី រៀបរាប់ទាំងក្តីរំភើបបែបនេះមកកាន់សារព័ត៌មានថ្មីៗ(ThmeyThmey) នាថ្ងៃទី១២មីនានេះ។
បើតាមលោក អន សុវណ្ណ ប្រធានសហគមន៍អេកូទេសចរណ៍ជីផាត ពានរង្វាន់លើស្តង់ដារផ្ទះស្នាក់នៅអាស៊ាន ត្រូវបានធ្វើឡើងរាល់៣ឆ្នាំម្តង។ ក្នុងនោះ ផ្ទះស្នាក់របស់សហគមន៍ជីផាត ទទួលបានពានរង្វាន់លើស្តង់ដារផ្ទះស្នាក់នៅអាស៊ាននេះ ចំនួន២លើក ពោលគឺលើកទីមួយឆ្នាំ២០១៧-២០១៩ និងលើកទីពីរឆ្នាំ២០២៣-២០២៥ ដែលមាន២ផ្ទះទទួលបានពានរង្វាន់នេះ។
ផ្ទះដែលទទួលបានពានរង្វាន់ ASEAN Homestay Standard ឆ្នាំ២០២៣-២០២៥នេះ ក្រៅតែមានបន្ទប់ទូលាយ មានសួនផ្កានិងបរិស្ថានល្អហើយនោះ ម្ចាស់ផ្ទះក៏មានការរៀបចំនូវបទបញ្ជាផ្ទៃក្នុង ការណែនាំ និងបំរាមផ្សេងៗសម្រាប់អ្នកស្នាក់នៅអនុវត្ត ផងដែរ។ លោក សុវណ្ណ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា៖« ផ្ទះស្នាក់នីមួយៗរបស់ប្រជាសហគមន៍យើងគឺមានលក្ខណៈស្អាតរៀងៗខ្លួន គ្រាន់តែម្ចាស់ផ្ទះខ្លះភ្លេចនូវការរៀបចំបទបញ្ជាផ្ទៃក្នុង និងបំរាមនានាតាមការណែនាំរបស់សហគមន៍ ទើបធ្វើឱ្យពួកគាត់បាត់ពិន្ទុពីអ្នកវាយតម្លៃ»។
ចំពោះផ្ទះស្នាក់នៅ«សុខ ស្រីមុំ»និង«មាន មាន» ដែលទទួលបានពាន ASEAN Homestay Standard ឆ្នាំ២០២៣-២០២៥ ត្រូវបានលោកប្រធានសហគមន៍អេកូទេសចរណ៍ជីផាត អះអាងថា ម្ចាស់ផ្ទះស្នាក់ទាំងពីរបានគោរពតាមការណែនាំ និងបទបញ្ជាផ្ទៃក្នុងរបស់សហគមន៍ ដែលធ្វើឱ្យផ្ទះរបស់ពួកគាត់ទទួលបានទទួលពិន្ទុបន្ថែមខ្ពស់ ពីគណៈកម្មការវាយតម្លៃ ASEAN Tourism។
លោក ពាន់ រិទ្ធី និងភរិយា ម្ចាស់ផ្ទះស្នាក់ «សុខ ស្រីមុំ» ទទួលបានពានរង្វាន់ស្តង់ដារផ្ទះស្នាក់នៅអាស៊ាន ឆ្នាំ២០២៣-២០២៥។ រូបថត៖ Contemporary Sustainable Tourism
លោក អន សុវណ្ណ នឹងបន្តខិតខំគោរពតាមណែនាំរបស់ក្រសួងទេសចរណ៍ ព្រមទាំងគោលនយោបាយរបស់អាស៊ាន ស្តីពីស្តង់ដារសហគមន៍ និងស្តង់ដារផ្ទះស្នាក់របស់អាស៊ាន ដើម្បីឱ្យផ្ទះស្នាក់នៅក្នុងសហគមន៍ជីផាត មានលទ្ធភាពទទួលបានពានរង្វាន់ ASEAN Homestay Standard កាន់តែច្រើន។ ទន្ទឹមនេះ លោកនឹងបន្តពង្រឹងគុណភាពផ្ទះស្នាក់នៅរបស់ប្រជាសហគមន៍បន្ថែម ជាពិសេសលើកទឹកចិត្តពលរដ្ឋផ្សេងទៀត ដែលមានបំណងចង់ក្លាយជាផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរ។ បច្ចុប្បន្ន សហគមជីផាត មានផ្ទះស្នាក់ចំនួន១៤ខ្នង ។
«យើងនឹងបំពាក់បំប៉ន និងបណ្តុះបណ្តាលដល់ប្រជាសហគមន៍យើងបន្ថែម ជាពិសេសម្ចាស់ផ្ទះស្នាក់ សម្រាប់ការប្រឡងប្រណាំងយកពានរង្វាន់ស្តង់ដារផ្ទះស្នាក់នៅអាស៊ានឆ្នាំ២០២៦-២០២៨»។ នេះជាការប្តេជ្ញារបស់លោក អន សុវណ្ណ ដោយបន្តនិយាយថា ការទទួលពានរង្វាន់អាស៊ាន គឺជាចំណុចដ៏ល្អមែនទែន សម្រាប់សហគមន៍អេកូទេសចរណ៍ជីផាត ក៏ដូចជាវិស័យទេសចរណ៍របស់កម្ពុជាទាំងមូល ក្នុងការទាក់ទាញភ្ញៀវអន្តរជាតិឱ្យមកលេងកម្សាន្ត។
លោក សុវណ្ណ បានបន្ថែមយ៉ាងខ្លីថា ទេសចរអន្តរជាតិដែលមកលេងកម្សាន្តនៅជីផាត បានចំណាយពេលជាមធ្យមគឺ២យប់៣ថ្ងៃ។
សូមជម្រាបថា ពានរង្វាន់ ASEAN Homestay Standard ឆ្នាំ២០២៣-២០២៥ ត្រូវបានធ្វើឡើងក្នុងវេទិកាទេសចរណ៍អាស៊ាន២០២៣(ASEAN Tourism Forum 2023/ATF2023)កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងនោះ កម្ពុជាទទួលជ័យលាភី និង ពានរង្វាន់សរុបចំនួន១៧ ពីការអនុវត្តស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ដែលមានទីតាំងនៅក្នុងរាជធានី-ខេត្ត ចំនួន៨ គឺមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកំពង់ស្ពឺ ខេត្តកំពង់ធំ ខេត្តកំពត និងខេត្តកោះកុង។
សម្រាប់ខេត្តកោះកុង ទទួលបានជ័យលាភីចំនួន៤ ពីស្តង់ដារទេសចរណ៍អាស៊ានឆ្នាំ២០២៣ ដែលនៅក្នុង នោះគឺមានពានរង្វាន់បង្គន់អនាម័យសាធារណៈស្តង់ដារអាស៊ានបានទៅលើស្ថានីយ៍ប្រេង PTT Station Koh Kong ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ, ពានរង្វាន់ផ្ទះស្នាក់ស្តង់ដារអាស៊ាន ចំនួន៣ គឺ ផ្ទះស្នាក់ ឥន្ទ្រី Eagle Homestay ស្ថិតនៅឃុំជំនាប់, ផ្ទះស្នាក់«សុខ ស្រីមុំ» ស្ថិតនៅឃុំជីផាត និងផ្ទះស្នាក់«មាន មាន» ស្ថិតនៅឃុំជីផាត នៃស្រុកថ្មបាំង។
កោះកុងត្រូវបានចាត់ទុកថាជាខេត្តដែលសម្បូរទៅដោយព្រៃឈើ សត្វព្រៃ ធនធានធម្មជាតិយ៉ាងសម្បូរបែប តំបន់ឆ្នេរសមុទ្រដែលវែងជាងគេក្នុងព្រះរាជាណាចក្រកម្ពុជា និងមានប្រជុំកោះជាច្រើន៕