ជាតិ
ស៊ីហ្គេម៖ ព្រះមហាក្សត្រ នឹងយាងព្រះរាជទានព្រះអគ្គីកីឡា នៅប្រាសាទអង្គរវត្ត
12, Mar 2023 , 4:59 pm        
រូបភាព
ក្រុមការងារចម្រុះកំឡុងពេលចុះពិនិត្យទីតាំងសម្រាប់រៀបចំព្រះរាជពិធីប្រទានព្រះអគ្គីកីឡានាប្រាសាទអង្គរវត្ត។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
ក្រុមការងារចម្រុះកំឡុងពេលចុះពិនិត្យទីតាំងសម្រាប់រៀបចំព្រះរាជពិធីប្រទានព្រះអគ្គីកីឡានាប្រាសាទអង្គរវត្ត។ រូបភាពពីរដ្ឋបាលខេត្តសៀមរាប
សៀមរាប៖ ព្រះរាជពិធីសុំភ្លើងអគ្គីកីឡា គ្រោងធ្វើឡើងនៅថ្ងៃទី២១ មីនា នាប្រាសាទអង្គរវត្ត។ ព្រះមហាក្សត្រ ទ្រង់យាងដើម្បីប្រោសព្រះរាជទានព្រះអគ្គីកីឡានេះ។
អគ្គលេខាធិការគណៈកម្មការធិការជាតិ អូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានដឹកនាំកិច្ចប្រជុំ ជាមួយក្រុមការងារខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រះរាជពិធីសុំភ្លើង ព្រះអគ្គីកីឡា នាប្រាសាទអង្គរវត្ត។ នាថ្ងៃទី១១ មីនា ក្រុមការងារចម្រុះបានចុះពិនិត្យទីតាំង និងតម្រាយផ្លូវ ដើម្បីការដង្ហែព្រះអគ្គីកីឡានេះ។
 
ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន លោក វ៉ាត់ ចំរើន បានឱ្យដឹងថា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់យាងប្រោសប្រទានសុំភ្លើងព្រះអគ្គីកីឡានេះ ដែលជាពេលវេលាព្រះអាទិត្យរះចំកណ្ដាលប្រាង្គកណ្ដាលប្រាសាទអង្គរវត្ត ដើម្បីរៀបចំធ្វើជាភ្លើងគប់រត់នៅខេត្តសៀមរាប និងបណ្ដាប្រទេសតំបន់អាស៊ាន សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គាមលើកទី១២ ឆ្នាំ២០២៣នេះ។
 
លោក វ៉ាត់ ចំរើន ពន្យល់ថា  ការជ្រើសរើសយកទីតាំងប្រាសាទអង្គរវត្ត សម្រាប់ប្រទានព្រះអគ្គីកីឡា ដែលជាភ្លើងអាទិទេពយកមកធ្វើជាភ្លើងគប់ គឺកម្ពុជាបានយកលំនាំដូចគ្នានឹងការ ទទួលរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា GANEFO ឆ្នាំ១៩៦៦។ ពេលនោះ ភ្លើងគប់ក៏យកពីប្រាសាទអង្គរវត្តនេះដែរ។
 
ក្រោយពិធីសុំភ្លើងគប់នៅអង្គរវត្ត និងមានការរត់ភ្លើងគប់ជុំវិញវង់តូច នៃតំបន់រមណីយដ្ឋានអង្គរ រួចបន្តទៅកាន់បណ្ដាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ រួចបន្តរត់ជុំវិញបឹងទន្លេសាប  និងរហូតដល់ថ្ងៃទី៥ ឧសភា ជាថ្ងៃប្រារព្ធពិធីបើកជាផ្លូវការកីឡាស៊ីហ្គេមលើកទី៣២ នៅពហុកីឡដ្ឋានមរតកតេជោ។ នេះជាព្រឹត្តិការណ៍ដែលកម្ពុជារង់ចាំរយៈពេល ៦៤ឆ្នាំមកហើយ៕
 

Tag:
 ស៊ីហ្គេមលើកទី៣២
© រក្សាសិទ្ធិដោយ thmeythmey.com