ជាតិ
លោក ហេង សួរ ប្រាប់ពលករនៅក្រៅប្រទេស បង្កើនការប្រុងប្រយ័ត្នពីករណីឆបោកប្រាក់
12, Mar 2023 , 3:59 pm        
រូបភាព
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ហ្វេសប៊ុក លោក ហេង សួរ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ រូបពី ហ្វេសប៊ុក លោក ហេង សួរ
ភ្នំពេញ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រាប់ពីល្បិចឆបោកមួយចំនួន របស់ក្រុមជនល្មើស ទៅដល់ពលករនៅក្រៅប្រទេស ឱ្យបង្កើនការប្រុងប្រយ័ត្ន។


មួយរយៈពេលនេះ អ្នកនាំពាក្យក្រសួងការងារ សង្កេតឃើញ បុគ្គលមួយចំនួន អាចមានបំណងប៉ុនប៉ងឆបោកប្រាក់របស់ពលករនៅក្រៅប្រទេស ពិសេសនៅ កូរ៉េ ថៃ និងជប៉ុន។ 
បើតាមលោក ហេង សួរ ជនសង្ស័យភាគច្រើនតាំងខ្លួនជាប្រធានសមាគមនេះ ឬសមាគមនោះ ឬធ្វើខ្លួនជាបុគ្គលដែលមានទ្រព្យសម្បត្តិ អំណាច ហើយឫកពាជាអ្នកហ៊ឺហា។ ជនទាំងនោះ តែងតែប្រាប់ទៅពលករថា ពួកគេកំពុងរៀបចំពុះដីឡូតិ៍នៅកន្លែងត្រូវប៉ាន់ ហើយឱ្យពលករចូលភាគហ៊ុនជាមួយគ្នា។ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះ គ្មានឯកសារត្រឹមត្រូវស្របតាមច្បាប់ឡើយ ដោយដោះសារថា កំពុងធ្វើឬរត់ការ។ 
 
លោក ហេង សួរ បានបន្ថែមថា ក្រុមជនសង្ស័យទាំងនោះ មានវិធីលួងលោមបន្ថែមទៀត គឺប្រាប់ទៅពលករថា បើរង់ចាំឯកសារគ្រប់ចេញជាផ្លូវការ ហើយព័ត៌មានដឹងជាសាធារណៈ ការរកស៊ីដីធ្លីនៅទីតាំងនោះ នឹងលែងចំណេញ។ ដូច្នេះត្រូវតែចូលហ៊ុន ឬប្រមូលលុយជាសំងាត់សិន។ លោក ហេង សួរ លើកឡើងបែបនេះ ហើយបញ្ជាក់ប្រាប់ពលករទាំងអស់បន្ថែមថា៖ «តាមពិតប្រសិនជាបងប្អូន(ពលករ)ទិញគម្រោងគេ គឺដូចបងប្អូនឲ្យគេយកលុយទៅរកស៊ីខ្យល់អញ្ចឹង។ វាមានហានិភ័យខ្ពស់ណាស់ សូមបងប្អូនប្រយ័ត្ន»។ 
 
ទាក់ទិននឹងទម្រង់ឆបោកនេះ លោក ហេង សួរ សង្កត់ធ្ងន់ថា ជនសង្ស័យប្រើល្បិចថតចម្លងរូបភាព ក្លែងបន្លំពីនៃការចុះបញ្ជីជាមួយក្រសួងពាណិជ្ជកម្មខ្មែរជាដើម។ លើសពីនេះ បើពលករណាសួរនាំ ពីករណីចុះបញ្ជីនេះជាច្រើនដង ក្រុមឆបោកនោះ នឹងឆ្លើយដោយគេចវេះថា ជិតរួចរាល់ហើយ ឬ កំពុងតែសុំសិទ្ធិផ្តាច់មុខបន្តទៀត។ 
 
លោក ហេង សួរ ពន្យល់ប្រាប់ពលករទៀតថា ក្រុមឆបោកនោះ គ្រាន់តែចំណាយថវិកាបន្តិចបន្តួច ធ្វើឯកសារថតចម្លង ឱ្យពលករមើលប៉ុណ្ណោះ ដើម្បីបង្កើតរូបភាពក្លែងក្លាយ ទៅឆបោកពលករជាច្រើនទៀត ដើម្បីប្រមូលលុយ។ ក្រុមនោះ អាចនឹងប្រមូលលុយបានរាប់សិបម៉ឺនដុល្លារ ហើយខ្លះអាចឈានរាប់លានដុល្លារ ហើយរត់គេចខ្លួនបាត់ក៏មាន។
 
ដោយឡែកល្បិចក្រុមឆបោកខ្លះ ប្រាប់ថាមានទំនិញឬផលិតផលល្អ កំពុងលក់ដាច់ខ្លាំង ដោយត្រូវការដើមទុនបន្ថែមដើម្បីពង្រីកទីផ្សារ។ ក្រុមខ្លះថា ពួកគេចងការលុយហើយឱ្យការប្រាក់ខ្ពស់ជាងទីផ្សារ ហើយអាចនៅមានរូបភាពជាច្រើនទៀត ដូចជាការប្រមូលតុងទីនជាដើម។ នេះបើតាមការលើកឡើងរបស់លោក ហេង សួរ ។
 
រៀបរាប់ល្បិចក្រុមឆបោកទាំងនេះហើយ អ្នកនាំពាក្យក្រសួងការងាររូបនេះ បានណែនាំឱ្យពលករទាំងអស់ ត្រូវប្រុងប្រយ័ត្ន និងពិនិត្យមើលឱ្យបានច្បាស់លាស់ មុននឹងចង់ដាក់ទុនរកស៊ីជាមួយអ្នកណាម្នាក់ ជាពិសេសត្រូវពិនិត្យមើលលើក្រុមហ៊ុនពីភាពស្របច្បាប់ ក្នុងបើកអាជីវកម្ម រួមទាំងឯកសារពាក់ព័ន្ធសិន។ 
 
«សូមបងប្អូនខិតខំសន្សំប្រាក់ទុកក្នុងដៃខ្លួនឯង ឬផ្ញើរជូនអ្នកផ្ទះដោយផ្ទាល់ដៃ ទិញដី ឬរកស៊ីដោយផ្ទាល់ដៃ ឬរកស៊ីជាមួយក្រុមហ៊ុនដែលមានឈ្មោះ ដែលមានការទទួលស្គាល់ពីច្បាប់ត្រឹមត្រូវវិញ។ បងប្អូនខិតខំធ្វើការហើយ សូមខិតខំការពារខ្លួនពីជនខិលខូច ចៀសវាងចង់បានលុយច្រើន បែរជាខាតបង់ថវិកាសន្សំរបស់ខ្លួន»។ អ្នកនាំពាក្យរូបនេះ រំលឹកដដែលៗទៀតថា ក្រុមឆបោក មានល្បិចច្រើនយ៉ាង ពិសេសពូកែនិយាយ សម្ដីផ្អែម លួងលោម ដោយប្រាប់ពីផលចំណេញងាយៗដល់ពលករ ។ ប៉ុន្តែពួកគេ ដោះសាររឿងឯកសារផ្លូវច្បាប់ និងការបញ្ចេញព័ត៌មានពិត៕ 
 

Tag:
 ការងារ
  ពលករ
  ឆបោក
© រក្សាសិទ្ធិដោយ thmeythmey.com