អន្តរជាតិ
អ៊ីរ៉ង់បង្ហាញសញ្ញាវិជ្ជមានទាក់ទងនឹងការដោះដូរអ្នកទោសជាមួយអាម៉េរិក តែអាម៉េរិកបដិសេធ
13, Mar 2023 , 3:37 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian ។ រូបថត Xinhua
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ Hossein Amir-Abdollahian ។ រូបថត Xinhua
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់នៅថ្ងៃទី១២ ខែមីនាបានបង្ហាញសញ្ញាវិជ្ជមានលើការដោះដូរអ្នកទោសជាមួយអាម៉េរិកដែលអាចកើតឡើងក្នុងពេលឆាប់ៗនេះ ខណៈដែលកិច្ចព្រមព្រៀងដំបូងដែលអូសបន្លាយយូររវាងភាគីទាំងពីរហាក់មានភាពរលូន។ យ៉ាងណាមិញ មន្ត្រីអាម៉េរិកម្នាក់បានច្រានចោលជារឿងមិនពិត។


រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian ​នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍រដ្ឋនៅថ្ងៃទី១២ ខែមីនា ​បានអះអាងថា អ៊ីរ៉ង់សម្រេចបានកិច្ចព្រមព្រៀងមួយកាលពីប៉ុន្មានថ្ងៃមុន ហើយប្រសិនបើអ្វីៗដំណើរការល្អនៅខាងអាម៉េរិក ការដោះដូរអ្នកទោសនឹងកើតឡើងក្នុងរយៈពេលខ្លី។ 
 
«កិច្ចព្រមព្រៀងមួយត្រូវបានចុះហត្ថលេខារវាងយើង និងភាគីអាម៉េរិក ក្នុងអំឡុងពេលកិច្ចចរចាដោយប្រយោលកាលពីខែមីនាឆ្នាំមុន​ ប៉ុន្តែមូលដ្ឋានដើម្បីអនុវត្តបានរៀបចំរួចរាល់ហើយ។ នៅក្នុងទស្សនៈរបស់យើងអ្វីគ្រប់យ៉ាងគឺរួចរាល់។ ភាគីអាម៉េរិកបានចូលរួមក្នុងការសម្របសម្រួលបច្ចេកទេសចុងក្រោយរបស់ខ្លួន​»។ លោក Hossein Amir-Abdollahian បានលើកឡើងបែបនេះក្នុងបទសម្ភាសដដែល។ 
 
យ៉ាងណាមិញ ក្រោយការលើកឡើងរបស់ភាគីអ៊ីរ៉ង់នេះ នៅថ្ងៃដដែលអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានអាម៉េរិកបានបដិសេធថា អាម៉េរិកមិនបានយល់ព្រមលើកិច្ចព្រមព្រៀងណាមួយជាមួយអ៊ីរ៉ង់ពីការដោះលែងអ្នកទោសឡើយ។ 
 
«ជារឿងអកុសល មន្ត្រីអ៊ីរ៉ង់មិនស្ទាក់ស្ទើរក្នុងការកុហក ហើយការអះអាងចុងក្រោយបំផុតនេះនឹងធ្វើឱ្យមានការឈឺចាប់កាន់តែខ្លាំងសម្រាប់គ្រួសាររបស់ Siamak Namazi, Emad Sharghi និង Morad Tahbaz»។​ អ្នកនាំពាក្យបានសំដៅលើពលរដ្ឋអាម៉រិក-អ៊ីរ៉ង់៣រូបដែលអ៊ីរ៉ង់បានចាប់ខ្លួន។ 
 
ការអត្ថាធិប្បាយរបស់អ្នកការទូតអ៊ីរ៉ង់បានកើតឡើងនៅពេលដែលអនុរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Ali Bagheri Kani បានធ្វើដំណើរទៅអូម៉ង់ដែលបានដើរតួជាអ្នកសម្រុះសម្រួលរវាងទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរអ្នកទោស។
 
គួរបញ្ជាក់ថា កិច្ច​ព្រមព្រៀង​ដោះដូរ​អ្នកទោសនេះបានផ្សាភ្ជាប់​ជាមួយ​នឹង​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ២០១៥ ដែលបានជាប់គាំងក្រោយទីក្រុងក្រុង​វ៉ាស៊ីនតោន​បាន​បោះបង់ចោល​ជាឯកតោភាគី​ក្នុង​ឆ្នាំ២០១៨។​ អ៊ីរ៉ង់​បាន​បន្ទោស​អាម៉េរិក​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​ពន្យារ​ពេល​ទាំង​ការ​ដោះដូរ​អ្នក​ទោសនេះ៕
 

Tag:
 អាម៉េរិក
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com