អន្តរជាតិ
សម្ព័ន្ធមិត្ត AUKUS បង្ហាញផែនការផ្ដល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី
14, Mar 2023 , 9:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់តូនី អាល់បានីស (ឆ្វេង), ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន (កណ្ដាល) និងនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ូណាក់ ធ្វើសេចក្ដីថ្លែងការណ៍នៅមូលដ្ឋានយោធា San Diego ។ រូបថត AFP
នាយករដ្ឋមន្រ្តីអូស្ត្រាលី អាន់តូនី អាល់បានីស (ឆ្វេង), ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន (កណ្ដាល) និងនាយករដ្ឋមន្រ្តីអង់គ្លេស រីស៊ី ស៊ូណាក់ ធ្វើសេចក្ដីថ្លែងការណ៍នៅមូលដ្ឋានយោធា San Diego ។ រូបថត AFP
មេដឹកនាំអាម៉េរិក អូស្ត្រាលី និងអង់គ្លេស នៅថ្ងៃទី១៣ ខែមីនា បានបង្ហាញព័ត៌មានពីផែនការផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី ក្រោមផែនការការវិនិយោគទំហំរាប់រយពាន់លានដុល្លារ ជាមួយគោលបំណងប្រឆាំងមហិច្ឆតារបស់ចិននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។


ថ្លែងសុន្ទរកថានៅឯមូលដ្ឋានទ័ពជើងទឹកអាម៉េរិកក្នុងទីក្រុង San Diego អមដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី អាន់តូនី អាល់បានីស និងនាយករដ្ឋមន្ត្រីអង់គ្លេស រីស៊ី ស៊ូណាក់ ប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន បានសង្កត់ធ្ងន់ឡើងវិញពីសម្ព័ន្ធមិត្ត AUKUS ដែលជាកិច្ចព្រមព្រៀងត្រីភាគីក្នុងការផ្ដល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរដល់អូស្ត្រាលី។ 
 
បើតាមលោក បៃឌិន កិច្ចព្រមព្រៀងជាដៃគូ AUKUS តាំងឆ្នាំ២០២១នេះ ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរួមគ្នាចំពោះការរក្សាសេរីភាពនៅតំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក។
 
បន្ថែមពីនេះ នាយករដ្ឋមន្ត្រីអង់គ្លេសបានហៅសម្ព័ន្ធមិត្តនេះថា ជាភាពជាដៃគូដ៏មានឥទ្ធិពល។ លោកបន្តថា នេះជាលើកដំបូងដែលមិនធ្លាប់មាន ដែលកងនាវាមុជទឹកនៃប្រទេសចំនួនបី ធ្វើការរួមគ្នានៅមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ដើម្បីរក្សាសេរីភាព និងភាពបើកចំហក្នុងតំបន់។ 
 
បើតាមសេចក្តីថ្លែងការណ៍រួមនៃសម្ព័ន្ធមិត្ត AUKUS នៅក្រោមកិច្ចព្រមព្រៀងនេះអាម៉េរិកមានបំណងលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរប្រភេទ Virginia ចំនួន៣គ្រឿងដែលផលិតដោយក្រុមហ៊ុន General Dynamics ទៅឱ្យអូស្រ្តាលីនៅដើមទសវត្សរ៍ឆ្នាំ២០៣០ ជាមួយនឹងជម្រើសក្នុងការទិញពីរគ្រឿងបន្ថែមទៀតប្រសិនបើចាំបាច់។
 
កិច្ចព្រមព្រៀង AUKUS ដែលរួមមកជាមួយដំណាក់កាលជាច្រើននេះ នឹងបញ្ចប់ជាមួយនឹងការផលិតនាវាមុជទឹកប្រភេទថ្មី SSN-AUKUS ដោយផ្អែកលើការរចនារបស់អង់គ្លេស ហើយនឹងត្រូវបានសាងសង់នៅអង់គ្លេស និងអូស្ត្រាលី ​ និងរួមបញ្ចូលជាមួយបច្ចេកវិទ្យារបស់អាម៉េរិក។ បើតាមមន្រ្តីអូស្ត្រាលី គម្រោង​នេះ​នឹងត្រូវ​ចំណាយទឹកប្រាក់ក្នុងទំហំជាង២៤៥ពាន់​លាន​ដុល្លារគិតត្រឹម​ឆ្នាំ២០៥៥ ។ 
 
ក្រោមកិច្ចព្រមព្រៀងនេះ អាម៉េរិក និងអង់គ្លេសក៏អាច ដាក់ពង្រាយនាវាមុជទឹករបស់ខ្លួននៅតំបន់ភាគខាងលិចអូស្ត្រាលីផងដែរ ក្នុងគោលដៅជួយបណ្តុះបណ្តាលនាវិកអូស្ត្រាលី និងពង្រឹងការការពារ។ 
 
ចាប់តាំងពីកិច្ចព្រមព្រៀងនេះបានប្រកាស ចិនតែងបានរិះគន់និងថ្កោលទោសលើកិច្ចព្រមព្រៀង AUKUS នេះ។ ស្ថានបេសកកម្មអចិន្ដ្រៃយ៍ចិនប្រចាំអង្គការសហប្រជាជាតិ នៅថ្ងៃទី១៤ ខែមីនាបានបង្ហោះសារលើបណ្ដាញសង្គម Twitter របស់ខ្លួនថា ផែនការផ្ដល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ សម្ព័ន្ធមិត្ត AUKUS គឺជាទង្វើដែលបង្កជាហានិភ័យនៃការរីកសាយភាយនុយក្លេអ៊ែរយ៉ាងធ្ងន់ធ្ងរ បំផ្លាញប្រព័ន្ធគ្រប់គ្រងនុយក្លេអ៊ែរអន្តរជាតិ បញ្ឆេះឱ្យមានការប្រកួតប្រជែងផ្នែកសព្វាវុធ និងធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕
 
 

Tag:
 អាម៉េរិក
  អង់គ្លេស
  អូស្ត្រាលី
© រក្សាសិទ្ធិដោយ thmeythmey.com