ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រុមមេធាវី អះអាងថា សមត្ថកិច្ច មិនឲ្យចូលជួបលោក កឹម សុខា លុះត្រាសុំការអនុញ្ញាតពីព្រះរាជអាជ្ញាសិន
15, Mar 2023 , 11:14 am        
រូបភាព
ពីឆ្វេងដៃទៅ៖ លោក មេធាវី អាង ឧត្តម លោកមេធាវី ផែង ហេង លោកមេធាវី ចាន់ ចេន លោក កឹម សុខា ជាកូនក្តី និងអ្នកស្រីមេធាវី ម៉េង សុភារី ជួបពិភាក្សាគ្នាកន្លងមក។ រូបពីហ្វេសប៊ុក៖ Chan Chen
ពីឆ្វេងដៃទៅ៖ លោក មេធាវី អាង ឧត្តម លោកមេធាវី ផែង ហេង លោកមេធាវី ចាន់ ចេន លោក កឹម សុខា ជាកូនក្តី និងអ្នកស្រីមេធាវី ម៉េង សុភារី ជួបពិភាក្សាគ្នាកន្លងមក។ រូបពីហ្វេសប៊ុក៖ Chan Chen
ដោយ៖ ទេពញាណ

សហមេធាវីទាំង៤រូបរបស់លោក កឹម សុខា ប្រកាសជាសាធារណៈតាមរយៈសេចក្តីថ្លែងការណ៍ថា ពួកគាត់ បានទៅផ្ទះលោក កឹម សុខា កាលពីរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ដើម្បីពិភាក្សាគ្នាពីការដាក់បណ្តឹងតវ៉ាទៅកាន់សាលាឧទ្ធរណ៍ តែត្រូវកងកម្លាំងសមត្ថកិច្ច ដែលចាំយាមនៅមុខផ្ទះរបស់លោក កឹម សុខា រារាំងមិនឲ្យចូល។


សហមេធាវីទាំង៤រូបខាងលើ បន្តថា សមត្ថកិច្ច បានណែនាំពួកគាត់ ឲ្យទៅសុំការអនុញ្ញាតពីព្រះរាជអាជ្ញាជាមុនសិន ដើម្បីអាចបានចូលជួបលោក កឹម សុខា នៅក្នុងផ្ទះ។ សហមេធាវីរបស់លោក កឹម សុខា បញ្ជាក់ដូច្នេះថា៖«សហមេធាវី មិនអាចអនុវត្តតាមការណែនាំ ដែលផ្ទុយនឹងច្បាប់ ក្រម និងវិធានជាធរមាន ដែលគ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះឡើយ»។ 
 
សារព័ត៌មានថ្មីៗ បានស្នើទៅលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមតុលាការភ្នំពេញ តាមបណ្តាញតេឡេក្រាម ដើម្បីសុំឲ្យបកស្រាយចំពោះសេចក្តីថ្លែងការណ៍របស់សហមេធាវីដែលការពារក្តីឲ្យលោក កឹម សុខា​ តែលោកព្រះរាជអាជ្ញារងរូបនេះ មិនទាន់ឆ្លើយតប។ ចំណែក លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ និងលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនលើកទូរស័ព្ទ។ 

យ៉ាងណា លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចេញមុខតតបនឹងសហមេធាវីរបស់លោក កឹម សុខា តាមរយៈការសរសេរចូលទៅក្នុងក្រុមតេឡក្រាម ដែលប្រមូលផ្តុំដោយអ្នកកាសែត។ 
 
លោក ជិន ម៉ាលីន សរសេរដូច្នេះថា៖«បើគ្រាន់តែសុំការអនុញ្ញាតពីព្រះរាជអាជ្ញាបន្តិចទៅ ដូចជាមិនទាស់ខុសអីទេ ព្រោះវាតម្រូវដោយលក្ខខណ្ឌកំណត់ក្នុងសាលក្រមតុលាការ ដែលមានអំណាចតាមផ្លូវច្បាប់។ ប្រសិនបើព្រះរាជអាជ្ញា មិនអនុញ្ញាត នោះទើបជាការរំលោភបំពានសិទ្ធិមេធាវីក្នុងការជួបជាមួយកូនក្តី»។ លោក បន្ថែមថា សូម្បីតែចូលជួបកូនក្តីក្នុងពន្ធធនាគារ ក៏មេធាវី ត្រូវតែសុំការអនុញ្ញាតពីអ្នកគ្រប់គ្រងពន្ធនាគារដែរ។
 
រីឯ លោក សុខ ឥសាន សរសេរបែបនេះថា៖«សមត្ថកិច្ច អនុវត្តតាមសាលក្រមតុលាការ។ បើមេធាវី ចង់ជួបកូនក្តី ត្រូវសុំតុលាការជាមុនសិន ទើបសមត្ថកិច្ចអនុញ្ញាត»។
 
ក្នុងសេចក្តីថ្លែងការណ៍ដដែល សហមេធាវីរបស់លោក កឹម សុខា លើកឡើងថា សិទ្ធិរបស់លោក កឹម សុខា ដែលត្រូវទទួលបានជំនួយពីមេធាវី ត្រូវបានរំលោភយ៉ាងធ្ងន់ធ្ងរ វៀរលែងតែមានការកែប្រែជាវិជ្ជមាននិងទាន់ពេលវេលា។   
 
យោងតាមសាលក្រមរបស់តុលាការភ្នំពេញ ដែលប្រកាសកាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ មិនអាចជួបអ្នកណាទាំងអស់ ក្រៅពីសមាជិកគ្រួសារ។ លោក អាចជួបអ្នកផ្សេងបានក្រៅសមាជិកគ្រួសារ លុះត្រាតែមានអនុញ្ញាតពីព្រះរាជអាជ្ញាសិន។ 
 
តុលាការភ្នំពេញ បានដាក់ទោសលោកឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ និងមិនអាចធ្វើនយោបាយអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទត្រូវរ៉ូវគ្នាជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com