អន្តរជាតិ
វិមានក្រេមឡាំងថា កិច្ចព្រមព្រៀងនាវាមុជទឹករបស់ AUKUS បង្កើតជាសំណួរលើបញ្ហានុយក្លេអ៊ែរ 15, Mar 2023 , 2:08 pm
× រុស្ស៊ីនាថ្ងៃទី១៤ ខែមីនាបានលើកឡើងថា ផែនការរួមគ្នារបស់អាមេរិក អង់គ្លេស និងអូស្ត្រាលីដើម្បីសងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែបង្កើតជាសំណួរអំពីការរីកសាយអាវុធនុយក្លេអ៊ែរ។
មេដឹកនាំអាមេរិក អង់គ្លេស និងអូស្ត្រាលីកាលពីថ្ងៃទី១៣ ខែមីនាបានប្រកាសព័ត៌មានលម្អិតនៃផែនការសាងសង់នាវាមុជទឹកដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូសម្ព័ន្ធភាព AUKUS របស់ពួកគេ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឱ្យអូស្ត្រាលីនូវនាវាមុជទឹកវាយប្រហារដោយថាមពលនុយក្លេអ៊ែរចាប់ពីដើមទសវត្សរ៍ឆ្នាំ ២០៣០ ដើម្បីទប់ទល់នឹងមហិច្ឆតារបស់ចិននៅឥណ្ឌូ-ប៉ាស៊ីហ្វិក។
ខណៈចិនថ្កោលទោសខ្លាំង រុស្ស៊ីក៏នៅមិនស្ងៀមដែរ។ វិមានក្រេមឡាំង បានរិះគន់ផែនការនេះ ពិសេសលទ្ធភាពនៃការរីកសាយនុយក្លេអ៊ែរ។
«វាមានសំណួរជាច្រើននៅទីនេះដែលទាក់ទងនឹងបញ្ហានៃការមិនរីកសាយភាយ។ នៅទីនេះ យើងត្រូវការតម្លាភាពពិសេស ហើយយើងត្រូវឆ្លើយសំណួរដែលកើតឡើង»។ អ្នកនាំពាក្យ វិមានក្រេមឡាំងលោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានបែបនេះ ប៉ុន្តែមិនបាន បញ្ជាក់លម្អិតអំពីលក្ខណៈនៃក្តីបារម្ភរបស់រុស្ស៊ីទេ។
ទាក់ទងរឿងនេះ ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានសង្កត់ធ្ងន់នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៣ ខែមីនា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស និងអូស្ត្រាលីនៅទីក្រុង San Diego ថា នាវាមុជទឹកនឹងដើរដោយថាមពលនុយក្លេអ៊ែរ មិនមែនប្រដាប់ដោយអាវុធនុយក្លេអ៊ែរទេ។
មកទល់ពេលនេះ មានតែអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង ដែលមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ នាវាបែបនេះអាចស្ថិតនៅក្រោមទឹកបានយូរជាងនាវាធម្មតាហើយពិបាករកឃើញ។
គួរបញ្ជាក់ថា កងនាវាចរណ៍ប្រចាំប៉ាស៊ីហ្វិករបស់រុស្ស៊ីមាននាវាមុជទឹក១៧គ្រឿង រួមទាំងនាវាមុជទឹកមីស៊ីលបាលីស្ទីកចំនួន៣ដែលជាផ្នែកមួយនៃសមត្ថភាពសម្ញែងអានុផភាពយោធារបស់ខ្លួន។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំចុងក្រោយដោយវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ៕
© រក្សាសិទ្ធិដោយ thmeythmey.com