ជាតិ
សង្គមជាតិ
«ស្នាមញញឹមកម្ពុជា»ភាពយន្តឯកសារ និយាយពីផ្លែផ្កាទំនាក់ទំនងកម្ពុជា-ចិន ជាង៦០ឆ្នាំ
15, Mar 2023 , 3:29 pm        
រូបភាព
ភ្នំពេញ៖ ភាពយន្តឯកសារ ចំនួន៣ភាគ «ស្នាមញញឹមកម្ពុជា» ត្រូវបានដាក់សម្ពោធបញ្ចាំងជាផ្លូវការនៅថ្ងៃ១៤មីនានេះ។ ភាពយន្តឯកសារដែលមាន៣ភាគនេះ ផលិតឡើងស្របពេលឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។ ទន្ទឹមនឹងនេះ ឆ្នាំនេះ ជាខួប១០ឆ្នាំ នៃការដាក់ចេញនូវគំនិតផ្ដួចផ្ដើម «ខ្សែក្រវ៉ាត់ និងផ្លូវ»។
 
ខ្សែភាពយន្ត«ស្នាមញញឹមកម្ពុជា»នេះ បានបង្ហាញពីលទ្ធផលដែលសម្រេចបានដោយកម្ពុជា និងចិន ក្នុងដំណើរការរួមគ្នាកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ និងការផ្លាស់ប្តូរជាវិជ្ជមានក្នុងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
 
នាពិធីបើកសម្ពោធភាពយន្តឯកសារនោះ លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ភាពយន្តឯកសារនេះ ផ្តោតសំខាន់លើជីវភាពពលរដ្ឋទូទៅនៅកម្ពុជា, កិច្ចសហប្រតិបត្តិចិន និងកម្ពុជា, រឿងរ៉ាវក្នុងវិស័យ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងវប្បធម៌ និងគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់ និងផ្លូវ” និង”យុទ្ធសាស្ត្រចតុកោណ”របស់កម្ពុជា។
 

 
តាមរយៈខ្សែភាពយន្តនេះ លោក វ៉ាង វិនធាន ថាវាជាកាដូ សម្រាប់ឆ្នាំនៃមិត្តភាពកម្ពុជា-ចិន។ លោកបន្ថៀមទៀតថា៖ «(ខ្ញុំ) ជឿជាក់ថា ក្រោមការដឹកនាំជាយុទ្ឌសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូលប្រទេសទាំងពីរ និងការខិតខំប្រឹងប្រែងរួមគ្នា ការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន នាយុគសម័យថ្មី និងមិនត្រឹមតែផ្តល់ផលប្រយោជន៍កាន់តែប្រសើរឡើង សម្រាប់ប្រជាជន និងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងដើរតួនាទីកាន់តែធំក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោកផងដែរ»។ 


 
នាពិធីបើកសម្ពោធបញ្ជាំងនោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន មានប្រសាសន៍ថា ភាពយន្តឯកសារនេះ មិនត្រឹមតែជាអំណោយរវាងមិត្តភាពរបស់ទាំងពីរប៉ុណ្ណោះទេ ភាពយន្តនេះក៏ជាសក្ខីភាពថ្មី និងស្រស់ស្អាតបំផុតនៃមិត្តភាពកម្ពុជា-ចិន។ 
 
ជាមួយគ្នានេះ លោក ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន និងជាអ្នកជំនាញស្រាវជ្រាវការអភិវឌ្ឍកម្ពុជា និងចិន លើកឡើងថា ទំនើបកម្មតាមបែបផែនចិន គឺជាគំរូនៃការអភិវឌ្ឍប្រកបដោយភាពជោគជ័យ។ 
 
លោកសង្កត់ធ្ងន់ដូច្នេះទៀតថា៖«កម្ពុជា អាចស្វែងរកវិធីសាស្រ្តដ៏សមស្របសម្រាប់ខ្លួនឯង ចេញពីបទពិសោធន៍ទំនើបកម្មតាមបែបផែនចិន និងបង្កើតមាគ៌ាទំនើបកម្មដែលស្របតាមស្ថានភាពជាក់ស្ដែង និងមានលក្ខណៈពិសេសផ្ទាល់ខ្លួន»។
 
គួរជម្រាបផងដែរថា ភាពយន្តឯកសារ «ស្នាមញញឹមកម្ពុជា»នេះ ជាការផលិតរួមគ្នានៃ មជ្ឈមណ្ឌលភាសាតំបន់អាស៊ី និងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។ នាពិធីបើកសម្ពោធ ដែលមានអ្នកចូលរួមជាង១០០នាក់នោះ ក៏មានការពិភាក្សាអំពីកាលានុវត្តភាពអភិវឌ្ឍន៍ថ្មី ដែលទំនើបកម្មតាមបែបចិន នាំជូនមកប្រទេសកម្ពុជា និងប្រទេសដទៃទៀតលើពិភពលោក ផងដែរ៕
 



 

Tag:
 ThmeyThmey
  ស្នាមញញឹមកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com