កីឡាអន្តរជាតិ
អន្តរជាតិ
Pep Guardiola អ្នកចាត់ការដំបូងក្នុងប្រវត្តិសាស្ត្រ ដែលមានកូនក្រុម ២រូបស៊ុត ៥គ្រាប់នៅ Champions League 15, Mar 2023 , 8:29 pm

×![]()
លោក Pep Guardiola អ្នកចាត់ការក្រុម Manchester City ជាអ្នកចាត់ការដំបូងក្នុងប្រវត្តិសាស្ត្រដែលមានកីឡាករ ២រូបក្រោមការដឹកនាំលោក បានស៊ុតបញ្ចូលទី ៥គ្រាប់ក្នុងមួយប្រកួត នាពានរង្វាន់ UEFA Champions League។
ជំនួប វគ្គ១៦ក្រុម Man City លត់ RB Leipzig ៧-០ នៃជើងទីពីរ ខ្សែប្រយុទ្ធមុតស្រួចប្រចាំក្រុម Erling Haaland ស៊ុតបាន ៥គ្រាប់ក្នុងមួយប្រកួត និងជាលើកដំបូងសម្រាប់រូបគេនៅព្រឹត្តិការណ៍ Champions League។ មានកីឡាករដ៏ល្អជាកូនក្រុមព្រមទាំងស៊ុតបាល់បញ្ចូលទី ៥គ្រាប់ក្នុងការប្រកួតនេះ ជួយបង្កើនកិត្តិនាមដល់លោក Pep បន្ថែមទៀត។
នេះជាលើកទីពីរហើយសម្រាប់អ្នកចាត់ការសញ្ជាតិអេស្ប៉ាញ ដែលមានកីឡាករស្ថិតក្រោមការដឹកនាំខ្លួន អាចស៊ុតបាល់បញ្ចូលទីច្រើនបែបនេះក្នុង Champions League។
កាលពីរដូវកាល ២០១១-១២ ពេលដែលលោក Guardiola ស្ថិតនៅជាអ្នកចាត់ការក្រុម Barcelona មានខ្សែប្រយុទ្ធ Lionel Messi ម្ចាស់ពាន World Cup 2022 ដែលជាអតីតកូនក្រុម ក៏ធ្លាប់ស៊ុតបាល់បញ្ចូលទី ៥គ្រាប់ក្នុងមួយប្រកួតផងដែរ ដោយកាលនោះ Barca ឈ្នះលទ្ធផល ៧-១ លើ Leverkusen នាជំនួប Champions League ដូចគ្នា។ រដូវកាល ២០២២-២៣ ដឹកនាំ Man City ទើបឈ្នះការប្រកួតលើ Leipzig ដោយមាន Haaland ជាកីឡាករខ្សែប្រយុទ្ធស៊ុត ៥គ្រាប់ក្នុងមួយប្រកួត។
ដោយឡែកក្រោយចប់ការប្រកួតជាមួយជ័យជម្នះដ៏ធំ លោក Guardiola បានពន្យល់ថា ជ័យជម្នះរបស់ក្រុមកើតឡើងពីខ្សែការពារ មិនមែន Haaland នោះទេ។ អ្នកចាត់ការវ័យ ៥២ឆ្នាំ ក៏បានសរសើរទម្រង់លេងនៃកូនក្រុមថា ជាផ្លូវនៃក្តីសង្ឃឹមប្រជែងពាន Champions League។
«យើងស៊ុតចូល Real Madrid ៤គ្រាប់ ស៊ុតចូល Monaco ៦គ្រាប់ ស៊ុតចូល Spurs ៤គ្រាប់ តែយើងតែងធ្លាក់ចេញពីការប្រកួត ព្រោះយើងរបូតគ្រាប់បាល់ចូលទីច្រើនដូចគ្នា យើងអាចជៀសវាងរឿងនេះបាន។ នៅពេលនេះប្រព័ន្ធការពារយើងរឹងមាំល្អណាស់ រួមជាមួយគ្រាប់បាល់ដែលយើងបានស៊ុតក្នុងរដូវកាលនេះថែមទៀត ។ ប៉ុន្តែពិតណាស់មាន Haaland ប្រៀបដូចមាន Sergio Aguero អ៊ីចឹង។ ក្នុងការស្វែងរកគ្រាប់បាល់ក្នុងការប្រកួត វាជារឿងសំខាន់។»។ លោក Guardiola និយាយបែបនេះក្នុងសន្និសីទក្រោយចប់ការប្រកួត៕
Tag:
Pep Guardiola
UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com