ភ្នំពេញ៖ ប្រជាជាតិមួយ ដែលមិនមានវប្បធម៌ សម្គាល់អត្តសញ្ញាណនោះ ប្រៀបដូចមានតែសម្បក ព្រោះមិនមានដួងព្រលឹង។ នេះជាការប្រៀបធៀប របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា ។
លោកស្រី ភឿង សកុណា បានលើកឡើងក្នុងជំនួបសំណេះសំណាល រវាងព្រឹទ្ធាចារ្យមរតកមនុស្សទាំងពីរជំនាន់ កាលពីពេលកន្លងទៅថា ប្រជាជាតិដែលមិនមានអត្តសញ្ញាណ ដើម្បីសម្គាល់ជាតិសាស្ត្ររបស់ខ្លួន ប្រៀបបាននឹងមនុស្សមានតែដងខ្លួន ប៉ុន្តែមិនមានក្បាល។ លោកស្រីសង្កត់ធ្ងន់ថា សង្គមកម្ពុជាឱ្យតម្លៃក្បាលខ្លាំងបំផុត ព្រោះជាទីតាំងបង្កើតនូវបញ្ញាញាណ ឧត្តមគតិ និងភាពច្នៃប្រឌិតជាដើម។ នោះមានន័យថា វប្បធម៌និងប្រពៃណីទាំងឡាយ កើតចេញពីក្បាលនោះឯង។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (ឆ្វេងដៃ)
«យើងមានគ្រឿងពេជ្រ និងមានអ្វីគ្រប់យ៉ាងទាំងអស់ ប៉ុន្តែបើមិនមានអត្តសញ្ញាណទេ ដូចមានតែខ្លួន ប៉ុន្តែមិនមានក្បាល។ បើយើងមានអត្តសញ្ញាណ ទៅណាមកណា យើងមិនច្រឡំនឹងជាតិដទៃទេ។ អ្នកខ្លះតែងខ្លួនដូចជនបរទេស ហើយនិយាយអង់គ្លេសទៀត មិនដឹងថាជាខ្មែរឡើយ។ ដូច្នេះតើយើងចង់ទុកអ្វី ឱ្យក្មេងជំនាន់ក្រោយ»? នេះជាការពន្យល់របស់លោកស្រី ភឿង សកុណា។
ដោយមើលឃើញសារសំខាន់ នៃការថែរក្សាវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណ និងជាដួងព្រលឹងជាតិ រដ្ឋាភិបាលកម្ពុជា មានគម្រោងផ្ដល់អាហារូបករណ៍ ដល់អ្នករៀនសិល្បៈជំនាញដូនតា ដែលប្រឈមការបាត់បង់។ រាជរដ្ឋាភិបាល គ្រោងបណ្ដុះបណ្ដាលជំនាញសិល្បៈដូនតា ដល់យុវជនកម្ពុជា ចន្លោះពី២ឬ៣ភាគរយ ក្នុងចំណោមប្រជាជនកម្ពុជា សរុបប្រមាណ១៥.៥៥លាននាក់។ គម្រោងនេះអាចនឹងដំណើរការអនុវត្ត នៅក្រោយការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ។
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់សារព័ត៌មានថ្មីៗថា សិល្បៈជំនាញដូនតា ដែលប្រឈមនឹងគ្រោះថ្នាក់ ឬការបាត់បង់ទាំងនោះរួមមាន សិល្បៈតម្បាញ ស្មិត ចម្លាក់ គំនូរបុរាណ ចាប៉ីដងវែង និងស្មូនឆ្នាំងជាដើម។ ទោះជាយ៉ាងណា លោកស្រីពុំទាន់បញ្ជាក់ច្បាស់នៅឡើយ ថាការផ្ដល់អាហារូបករណ៍ពីរដ្ឋាភិបាលនោះ មានទម្រង់យ៉ាងណា និងឧបត្ថម្ភរយៈពេលប៉ុន្មានឆ្នាំ នៃការរៀនមុខជំនាញនីមួយៗ។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថតជាមួយមរតកមនុស្សរស់ជំនាន់ទី២
លោកស្រីពន្យល់៖«នៅកំពង់ឆ្លាំងពីដើមមានអ្នកធ្វើក្អមឆ្នាំងជាតិ២០០គ្រួសារ ឥឡូវនៅសល់ប្រហែល១០គ្រួសារប៉ុណ្ណោះ។ បើសិនជាមិនគិតទេ ទៅមុខអាចបាត់។ ពីដើមនៅកំពង់ឆ្នាំង ធ្វើក្អម ឆ្នាំង ថូ ដោយដៃ យកទៅលក់ដល់សៀម អាណាម ឡាវ និងដល់ចិនផង។ ការចាក់ចេកក្នុងពិធីបុណ្យ ពេលនេះមិនមានទេ។ ទៅមុខមិនដឹងបាត់អីទៀត?ម្ហូបខ្មែរមួយចំនួន ពេលនេះធ្វើមិនដូចមុន បានន័យថាគ្រឿងផ្សំមិនគ្រប់ដូចសម័យមុន ដោយគេចេះតែធ្វើឱ្យតែបាន។ សូមឱ្យអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ផង ចូលរួមសហការបណ្ដុះបណ្ដាលក្មេងជំនាន់ក្រោយ»។
ក្នុងឱកាសជំនួបជាមួយ មរតកមនុស្សរស់ទាំង២ជំនាន់ និងព្រឹទ្ធាចារ្យជាច្រើនរូបទៀត នៅសាលអង្គរវត្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សិល្បៈអរូបីឆាប់បាត់បង់ជាងសិល្បៈរូបី។ ឆាប់បាត់បង់ ក៏ព្រោះសិល្បៈអរូបីស្ថិតនៅក្នុងខ្លួនមនុស្ស។ ប្រសិនបើអ្នកចេះជំនាញសិល្បៈទាំងនោះស្លាប់ ហើយមិនបានផ្ដល់ចំណេះដែលមាន បន្តទៅអ្នកជំនាន់ក្រោយ នោះប្រហែលតែ២ឬ៣ជំនាន់ប៉ុណ្ណោះ សិល្បៈជំនាញដូនតាទាំងនោះ នឹងបាត់បង់ជាមិនខាន។
លោកស្រីភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ថតជាមួយសិល្បករហ្វារពន្លឺសិល្បៈ
លោកស្រី ភឿង សកុណា បន្ថែម៖«អ្នកមានជំនាញ បាត់បង់តែ២ទៅ៣ជំនាន់ ហើយបើមិនមានអ្នកទទួលឬបន្តវេនទេ នោះសិល្បៈជំនាញដូនតា នឹងបាត់បង់។ ក្រសួងត្រូវការជំនួយពីព្រឹទ្ធាចារ្យ និងអ្នកមានជំនាញគ្រប់ភាគី សហការជាមួយក្រសួង ដើម្បីបង្រៀននិងផ្ទេរចំណេះដឹង ឱ្យដល់ក្មេងជំនាន់ក្រោយ។ ក្មេងនៅតាមបណ្ដាខេត្ត គាត់ចង់រៀនដែរ ប៉ុន្ដែខ្វះលទ្ធភាព ដោយសារជីវភាពក្រីក្រ ដូច្នេះសម្ដេចតេជោបានផ្ដល់តួនាទីឱ្យក្រសួង ដើម្បីពិនិត្យមើលលទ្ធភាពផ្ដល់អាហារូបករណ៍ ដល់អ្នករៀនសិល្បៈជំនាញដូនតាទាំងនោះ»៕