ជាតិ
សម្ដេច ហ៊ុន សែន៖ «ខ្មែរ មិនល្ងង់ដល់ថ្នាក់ឱ្យចិន មកកាន់កាប់ស្រុកខ្មែរនោះទេ»
16, Mar 2023 , 9:32 am        
រូបភាព
«ខ្មែរ មិនល្ងង់ដល់ថ្នាក់ឱ្យចិន មកកាន់កាប់ស្រុកខ្មែរនោះទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ឆ្លើយតបជាថ្មី ទៅកាន់អ្នករិះគន់កម្ពុជា ដែលចោទថា ផ្ដល់កន្លែងឱ្យកងទ័ពចិនឈរជើង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកសមុទ្ររាម។


ពីពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យបៀលប្រាយ(BBU)សរុប ៤,៥៦៦នាក់ នាព្រឹកថ្ងៃទី១៦ មីនា សម្ដេច ហ៊ុន សែន ផ្ដាំទៅអ្នកដែលប្រឆាំងរដ្ឋាភិបាល កុំព្យាយាមធ្វើយុទ្ធនាការលាបព័ណ៌កម្ពុជាថា បានផ្ដល់កន្លែងយោធាឱ្យកងទ័ពចិន។ សម្ដេច អះអាងជាថ្មីថា ការសាងសងអគាថ្មី និងការអភិវឌ្ឍន៍កំពង់ផែ ដែលជាជំនួយរបស់ចិន នៅមូលដ្ឋានទ័ពរាមនេះ មិនមែនមានន័យថា កម្ពុជា ផ្ដល់កន្លែងឱ្យទ័ពចិនឈរជើងនោះទេ។ 

«យើងក៏ត្រូវពង្រឹងសមត្ថភាពកងទ័ពជើងទឹករបស់យើង ទម្រាំតែយើងរកទុនបានពីចិនយកមកធ្វើនេះ មិនមែនជាការងាយទេ។ កម្ពុជាមានសិទ្ធិទៅយកទុនពីអ្នកនេះ ទុនពីអ្នកនោះដើម្បីយកមកធ្វើ»។ នេះបើតាមប្រមុខរដ្ឋាភិបាល ដែលបានបន្ថែមថា កំពង់ផែសមុទ្ររាម មានជម្រៅត្រឹមតែ២,៧ម៉ែត្រ អាចទទួលបាននាវាល្បាតតូចៗ ដែលត្រូវកែតម្រូវឡើងវិញ សម្រាប់ឱ្យនាវាខ្នាតធំចូលមកចតបាន។

ប្រមុខរដ្ឋាភិបាល បានព្យាយាមពន្យល់ថា ការអភិវឌ្ឍមូលដ្ឋានរាមនេះ ដើម្បីពង្រឹងសមត្ថភាពកងទ័ពជើងទឹកកម្ពុជា​ក្នុងការបង្ក្រាបបទល្មើសឆ្លងដែនតាមសមុទ្រនានា ដូចជា ការរត់ពន្ធមនុស្ស រត់ពន្ធគ្រឿងញៀន ការនេសាទខុសច្បាប់ និងការពារអធិបតេយ្យភាពជាតិ។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន បានចោទជាសំនួរវិញថា ហេតុអ្វីបានជាបរទេសមកពន្យល់ប្រាប់ សម្ដេចតែងតែទទួលយកហេតុផលពួកគេ តែពេលសម្ដេចពន្យល់ពីបញ្ហាកម្ពុជាវិញ បែរជាគ្មានអ្នកទទួលស្គាល់?

«ខ្មែរ មិនល្ងង់ដល់ថ្នាក់ឱ្យចិន មកកាន់កាប់ស្រុកខ្មែរនោះទេ។ ហើយចិនក៏មិនល្ងង់ដល់ថ្នាក់មកកាន់កាប់កំពង់ផែស្រុកខ្មែរ ហើយយកទាំងនាវាដឹកយន្តហោះ មកដាក់នៅកន្លែងហ្នឹងដែរ»។ សម្ដេច សង្គត់ធ្ងន់បែបនេះ។
 
បើតាមសម្ដេច ហ៊ុន សែន ក្រោយស្ដារជម្រៅទឹកកំពង់ផែ និងអគារថ្មីហើយ កម្ពុជា នឹងទទួលស្វាគមន៍នាវាបរទេសទាំងអស់ឱ្យចូលចត ដោយគ្មានការរើសអើង ហើយនឹងបើកការធ្វើសមយុទ្ធជាមួយដៃគូពាក់ព័ន្ធនានា។ សម្ដេច ក៏អះអាងទៀតថា រដ្ឋាភិបាល មិនអាចរំលោភច្បាប់កម្ពុជា ដែលហាមមិនឱ្យទ័ពបរទេសឈរជើងនៅក្នុងប្រទេសឡើយ។

 

Tag:
 ហ៊ុន សែន
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com