ជាតិ
ស្រ្តីរងគ្រោះរំលូតនៅពេទ្យដើមអង្ក្រង បានស្លាប់​ ក្រោយក្រុមគ្រូពេទ្យព្យាយាមជួយអស់លទ្ធភាព
16, Mar 2023 , 1:59 pm        
រូបភាព
ស្ត្រីរងគ្រោះ ដែលបានបាត់បង់ជីវិត។ រូបពី ហ្វេសប៊ុក ច័ន្ទ រ៉ា
ស្ត្រីរងគ្រោះ ដែលបានបាត់បង់ជីវិត។ រូបពី ហ្វេសប៊ុក ច័ន្ទ រ៉ា
ស្ត្រីម្នាក់ដែលយកសពកូនចេញពីផ្ទៃ៤ខែ នៅពេទ្យដើមអង្ក្រង បានបាត់បង់ជីវិតពេលបញ្ជូន​ចេញមន្ទីរពេទ្យកាលម៉ែតនៅយប់ថ្ងៃទី១៦មីនា ទៅផ្ទះជនរងគ្រោះ

មុននឹងស្ត្រីជនរងគ្រោះទទួលមរណភាព គឺធ្លាប់ចូលព្យាបាលពេទ្យនៅខ្មែរជាច្រើនកន្លែង ហើយក៏ធ្លាប់បានបញ្ជូនទៅព្យាបាលនៅថៃ កាលពីចុងខែធ្នូ ឆ្នាំ២០២២ផងដែរ។ ក្រោយមក ក៏ត្រឡប់មកខ្មែរវិញ ប៉ុន្តែស្ថានភាពស្ត្រីរងគ្រោះនាពេលនោះ ពុំធូរស្រាលទេ គឺបានវិលទៅសម្រាកនៅពេទ្យកាលម៉ែត្រវិញ។  
 
លុះដល់យប់ឈានចូលថ្ងៃទី១៦មីនានេះ ជនរងគ្រោះក៏បានបាត់បង់ជីវិត។ លោក សា វឿន ប្ដីរបស់ជនរងគ្រោះប្រាប់សារព័ត៌មានថ្មីៗ ប្រពន្ធខ្លួនស្លាប់ពេលក្រុមគ្រូពេទ្យបញ្ជូននាងទៅផ្ទះនៅខេត្តកំពត។ 
 
លោក សា វឿន បញ្ជាក់យ៉ាងដូច្នេះ៖ «គាត់(អ្នកស្រ្តីរងគ្រោះ)អស់ខ្យល់នៅមន្ទីរពេទ្យកាលម៉ែត្រ តែចង្វាក់បេះដូងគាត់ពុំទាន់អស់ ហើយក៏ដឹកចេញមកប្រមាណ១០គីឡូម៉ែត្រ គាត់ក៏ផុត(ទទួលមរណភាព)»។ ពាក់ព័ន្ធនឹងករណីនេះ លោក សា វឿន ពន្យល់ថា ក្រុមគ្រូពេទ្យនៅកាលម៉ែត បានដឹងពីលទ្ធផលមុន ទើបសម្រេចឱ្យបញ្ជូនជនរងគ្រោះទៅផ្ទះ ដើម្បីឱ្យសាច់ញាតិទាំងអស់បានជួបនៅគ្រាចុងក្រោយ។ ប៉ុន្តែ ស្ត្រីរងគ្រោះបានបាត់បង់ជីវិតនៅពាក់កណ្ដាលផ្លូវ។

ពាក់ព័ន្ធនឹងពេទ្យដើមអង្ក្រងនេះ ក្រសួងសុខាភិបាល​ បានសម្រេចបិទ និងដកហូតអាជ្ញាបណ្ណ​ ជាផ្លូវការ ក្រោយ​មានករណីព្យាបាលខុសប​ច្ចេកទេសលើ​ស្ត្រី​ម្នាក់​រំលូតកូនដែល​ស្លាប់​ក្នុង​ផ្ទៃខាងលើ។ ការសម្រេចបិទមន្ទីរសម្រាកព្យាបាលដើមអង្ក្រង នេះ ដោយសារការប្រើប្រាស់បុគ្គលិកគ្មានការបណ្ដុះបណ្ដាល គ្មានការចុះបញ្ជីគណៈវិជ្ជាជីវៈ និងការផ្លាស់ប្ដូរទីតាំង ដោយគ្មានការជូនដំណឹងដល់ក្រសួងសុខាភិបាល។
 
កាលពី​ថ្ងៃទី​១០​វិច្ឆិកា ស្ត្រី​រងគ្រោះ​បាន​រំលូតកូន​ដែល​ស្លាប់​ក្នុង​ផ្ទៃ ហើយ​កូន​នោះ​មាន​អាយុ​១៨​សប្ដាហ៍​នៅ​ពេទ្យ​ដើម​អង្ក្រង​។ លុះដល់​ថ្ងៃទី​២២​វិច្ឆិកា ស្ត្រី​រងគ្រោះ បាន​ទៅ​ពេទ្យ​ដដែល​ម្ដងទៀត ព្រោះ​មាន​សញ្ញា មិន​ស្រួល​ក្នុង​ខ្លួន ហើយ​ពិនិត្យឃើញ​មាន​សល់​កំទេច​សុក​ក្នុង​ស្បូន​។ បន្ទាប់ពី​ព្យាបាល លើក​ទី​២​ហើយ ស្ត្រី​រងគ្រោះ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ ខាង​ក្រុម​មន្ទីរពេទ្យ ក៏​បញ្ជូន​ស្ត្រី​នោះ​ទៅ ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រាជធានី​ភ្នំពេញ​។ សម្រាក​នៅ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ក្រុមគ្រូពេទ្យ​ពិនិត្យឃើញ​មាន​បញ្ហា​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពោះវៀន ហើយក៏​បញ្ជូនទៅ​អ្នកជំងឺ​ទៅ​ព្យាបាល​បន្ត​នៅ​ព្រះ​កេតុមាលា នៅ​ថ្ងៃទី​២៣​វិច្ឆិកា​។ សម្រាក​នៅ ពេទ្យ​ព្រះ​កេតុមាលា មិនបាន​មួយថ្ងៃ​ផង នៅ​ថ្ងៃ​ដដែល ខាង​សាច់ញាតិ ស្នើសុំ​បញ្ជូនទៅ​ព្យាបាល​នៅ​វៀតណាម​។ លុះដល់​ថ្ងៃទី​២៤ អ្នកជំងឺ​បាន​ត្រឡប់​ពី​វៀតណាម​វិញ និង​សម្រាក​នៅផ្ទះ អស់​រយៈពេល​២​ថ្ងៃ​។ ហើយ​ដល់​ថ្ងៃទី​២៦ សាច់ញាតិ​ក៏​បញ្ជូនទៅ​សង្គ្រោះ​នៅ​កាល់​ម៉ែត្រ ព្រោះ​ឃើញ​មាន​សភាព​អ្នកជំងឺ​ឈឺ​ខ្លាំង​។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com