ជាតិ
អាជ្ញាធរខេត្តតាកែវ ព្រមានចាត់វិធានការច្បាប់លើអ្នកផ្សព្វផ្សាយព័ត៌មានមិនពិត ជុំវិញបញ្ហា​អសន្តិសុខ​
16, Mar 2023 , 2:59 pm        
រូបភាព
ករណីបែកកញ្ចក់ឡាននៅខេត្តបាត់ដំបង ដែលអ្នកប្រើប្រាស់ហ្វេសប៊ុកចែកចាយថា កើតនៅខេត្តតាកែវនាពេលកន្លងមក។ រូបពី រដ្ឋបាលខេត្តតាកែវ
ករណីបែកកញ្ចក់ឡាននៅខេត្តបាត់ដំបង ដែលអ្នកប្រើប្រាស់ហ្វេសប៊ុកចែកចាយថា កើតនៅខេត្តតាកែវនាពេលកន្លងមក។ រូបពី រដ្ឋបាលខេត្តតាកែវ
ភ្នំពេញ៖ អាជ្ញាធរខេត្តតាកែវ នឹងចាត់វិធានការលើជនណា ដែលផ្សាយព័ត៌មានមិនពិត មានលក្ខណៈញុះញង់ ប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់ ក្នុងខេត្តខ្លួន។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរសង្កេតឃើញថា មានអ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួន បានផ្សព្វផ្សាយព័ត៌​មានមិនពិត ពីករណីអសន្តិសុខ ក្នុងខេត្តនេះ។
រដ្ឋបាលខេត្តតាកែវ បានចេញសេចក្ដីប្រកាសព័ត៌មាន ប្រាប់សាធារណៈថា មានគណនី និងទំព័រហ្វេសប៊ុកមួយចំនួន ពិសេសទំព័រហ្វេសប៊ុករបស់ក្រុមប្រឆាំង បានផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្តាប់ធ្នាប់​ក្នុងមូលដ្ឋានខេត្តតាកែវ។ ព័ត៌មានទាំងនោះ ពុំមែនជាករណីពិតឡើយ។ សេចក្ដីប្រកាសព័ត៌មានចេញថ្ងៃទី១៥ មីនា បានបញ្ជាក់ដូច្នេះ៖ «ក្រុមប្រឆាំងបានផ្សាព្វផ្សាយ ព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានខេត្តតាកែវ ដែលជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ មានចរិតភូតកុហក បោកប្រាស់ ញុះញង់ បំភ្លៃ ខុសពីការពិតក្នុងគោលបំណងទាញយកប្រយោជន៍សម្រាប់ក្រុមខ្លួន»។ រដ្ឋបាលខេត្តតាកែវ ចាត់ទុកសកម្មភាពទាំងនេះ ថាជាទង្វើដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិច្ចខិតខំបំពេញតួនាទីអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ច និង​បង្កឱ្យ​ប្រជាពលរដ្ឋយល់ច្រឡំ និងបាត់បង់ជំនឿចិត្តលើអាជ្ញាធរ។
 
រដ្ឋបាលខេត្តតាកែវ បានលើកឧទាហរណ៍ពីគណនីហ្វេសប៊ុកមួយចំនួន ដែលកន្លងមក បានយករូបភាព និងព័ត៌មាន ដែលកើតឡើងនៅក្នុងខេត្តបាត់ដំបង នៅអំឡុងចុងឆ្នាំ២០២២ មកផ្សព្វផ្សាយ ប៉ុន្តែបែរជា​ផ្សាយបំភ្លឺថា ជារឿងដែលកើតឡើងខេត្តតាកែវទៅវិញ។ ជុំវិញករណីនេះ រដ្ឋបាលខេត្តតាកែវ នឹងចាត់ការតាមផ្លូវច្បាប់លើអ្នកផ្សាយព័ត៌មានមិនពិត ដោយព្រមានបែបនេះ៖ «រដ្ឋបាលខេត្ត នឹងចាត់វិធានការផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុត ចំពោះជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិត មានចរិតញុះញង់ បំភ្លឺខុសពីការពិត ដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គម ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ និងធានាបាននូវស្ថេរភាពសង្គម ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»។ 
 
ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តតាកែវ បានអំពាវនាវដល់ពលរដ្ឋទាំងអស់ ពិនិត្យឱ្យបានច្បាស់ លាស់ មុននឹង​ផ្សព្វផ្សាយ ឬចែករំលែកបន្ត ជៀសវាងផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្មានប្រភពច្បាស់លាស់។ ការចែកចាយព័ត៌មានមិនពិត អាចនាំឱ្យខ្លួនក្លាយទៅជាឧបករណ៍បម្រើផលប្រយោជន៍ដល់ជនខិលខូច និងឈានទៅបង្កបញ្ហាដល់ខ្លួន៕ 
 
 
 

Tag:
 សង្គមជាតិ
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com