ជាតិ
ត្រីគល់រាំង៤ក្បាល ត្រូវបានយកទៅថែបំប៉នបន្តមុនលែងចូលទន្លេធម្មជាតិវិញ
17, Mar 2023 , 7:59 am        
រូបភាព
ត្រីគល់រាំង៤ក្បាលត្រូវបានយកទៅថែបំប៉នបន្តទម្រាំអាចលែងចូលធម្មជាតិបន្ទាប់ពីទទួលពីពលរដ្ឋ
ត្រីគល់រាំង៤ក្បាលត្រូវបានយកទៅថែបំប៉នបន្តទម្រាំអាចលែងចូលធម្មជាតិបន្ទាប់ពីទទួលពីពលរដ្ឋ
ដោយ:
ភ្នំពេញ៖  ត្រីគល់រាំងចំនួន ៤ក្បាលត្រូវបានអ្នកនេសាទឧស្សាហកម្មដាយត្រី ប្រគល់ជូនគម្រោង អច្ឆរិយភាពនៃទន្លេមេគង្គ ដើម្បីជាសកម្មភាពចូលរួមក្នុងការអភិរក្ស ត្រីប្រភេទកម្រនៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្នត្រីទាំងបួនក្បាលនោះ ត្រូវបានយកទៅថែបំប៉ននៅក្នុងស្រះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាបក្នុងខេត្តព្រៃវែង។
 
គម្រោងអច្ឆរិយភាពនៃទន្លេគង្គ បានឱ្យដឹងថា អ្នកនេសាទឧស្សាហកម្មដាយត្រី នៅគន្លងទី៤ដេ បានបរិច្ចាគត្រីគល់រាំង ចំនួន៤ក្បាល មកឱ្យគម្រោងអច្ឆរិយភាពនៃទន្លេគង្គ។ ត្រីគល់រាំងទាំង៤ក្បាលនោះ មានទម្ងន់ខុសៗគ្នា ដោយមានចាប់ពីទម្ងន់ ១៥គីឡូក្រាម ចំនួនពីរក្បាល ទម្ងន់ ១៧គីឡូក្រាម១ក្បាល និងទម្ងន់២១គីឡូក្រាម១ក្បាល។
 

ត្រីគល់រាំងទាំងបួនក្បាល ។ រូបភាព៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
 
ទន្ទឹមពេលបច្ចុប្បន្នជារដូវទឹកស្រក ត្រីទាំង៤នោះមិនអាចលែងភ្លាមៗបានឡើយ។ ជាមួយគ្នានេះ គម្រោងខាងលើ បានសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប របស់រដ្ឋបាលជលផល បានដឹកជញ្ជូនត្រីទាំងនោះ ទៅថែបំប៉ននៅក្នុងស្រះ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ស្ថិតនៅក្នុងឃុំពាមរក៏ ស្រុកពាមរក៏ ខេត្តព្រៃវែង។ 
 
បើតាមការបញ្ជាក់របស់គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ ត្រីគល់រាំងទាំងបួនក្បាលនេះ នឹងត្រូវលែងចូលទៅក្នុងធម្មជាតិវិញ នៅពេលសមស្រប ក្នុងរដូវទឹកឡើងនាឆ្នាំក្រោយ។ 
 
ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទទទួលរងគ្រោះជិតផុតពូជបំផុតទាំងនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា។ ចំណែកឯ ត្រីក្របី ត្រីខ្លា និងត្រីត្រចៀកដំរី ត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជ ក្នុងប្រទេសកម្ពុជា៕ 
 

 ត្រីគល់រាំងមួយក្បាល ក្នុងចំណោម៤ក្បាលដែលទទួលបានពីការបរិច្ឆាគ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣។ រូបភាព៖ គម្រោងអ​ច្ឆរិយភាពទន្លេមេគង្គ
 

Tag:
 ត្រីគល់រាំង
  គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com