ជាតិ
​​​ន​យោ​បាយ​ជាតិ​
សភាអឺរ៉ុបព្រាងចេញសេចក្តីសម្រេច​៦ចំណុចប្រឆាំងសាលក្រមដាក់ទោសលោក កឹម សុខា, មន្ត្រីបក្សកាន់អំណាច​ មិនព្រួយបារម្ភ
16, Mar 2023 , 3:33 pm        
រូបភាព
កិច្ចប្រជុំរបស់សភាអឺរ៉ុប កាលពីថ្ងៃទី១៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកម្ពុជា។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់សភាអឺរ៉ុប
កិច្ចប្រជុំរបស់សភាអឺរ៉ុប កាលពីថ្ងៃទី១៤ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅកម្ពុជា។ រូបពីវីដេអូលើទំព័រហ្វេសប៊ុករបស់សភាអឺរ៉ុប
ដោយ៖ ទេពញាណ 

ការកាត់ទោសលោក កឹម សុខា ជំរុញឲ្យសភាអឺរ៉ុបព្រាងសេចក្តីសម្រេចមួយ  ដើម្បីឆ្លើយតបនឹងការកាត់ទោសមេដឹកនាំប្រឆាំងនៅកម្ពុជារូបនេះ។ ក្នុងសេចក្តីព្រាងរបស់សភាអឺរ៉ុបនេះ មាន៦ចំណុច ដោយមាន​ចាប់តាំងពីការ​អំពាវនាវ​ឱ្យការដោះលែង​ លោក កឹម សុខា ធានាការបោះឆ្នោតដោយសេរី និងយុត្តិធម៌ រហូតដល់ការអំពាវនាវ​ឱ្យការ​ដាក់ទណ្ឌ​លើបុគ្គល​ណា​ដែល​ត្រូវបាន​ចាត់ទុកថា​ជាអ្នករំលោភ​គោលការណ៍សិទ្ធិមនុស្សទៀតផង។ សេចក្តីព្រាងនេះ នឹងត្រូវដាក់សភាអឺរ៉ុប ពិនិត្យនិងអនុម័ត ក្នុងកិច្ចប្រជុំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ (ម៉ោងនៅសភាអឺរ៉ុប)។ គឺសេចក្តីព្រាងស្តីពីដំណោះស្រាយលើករណីលោក កឹម សុខា។

ការព្រាងសេចក្តីសម្រេចចិត្តនេះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់របស់គណបក្សកាន់អំណាច​ច្រានចោលដែរ។​លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាឆ្លើយតបថា កម្ពុជាគ្មានអ្វីត្រូវព្រួយបារម្ភនឹងការអំពាវនាវរបស់សភាអឺរ៉ុប​នោះទេ ដោយលោកយល់ថា វាគ្រាន់តែជាសេចក្តីអំពាវនាវប៉ុណ្ណោះ។
 
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ថ្លែងមកកាន់សារព័ត៌មានថ្មីៗ ដូច្នេះថា៖«កម្ពុជា មិនមែនមិនធ្លាប់ឆ្លងកាត់បញ្ហាស្មុគស្មាញនោះទេ។ យើងធ្លាប់កាត់សង្គ្រាម​រាប់ទសវត្សរ៍ ឆ្លងកាត់របបប្រល័យពូជសាសន៍ យើងនៅតែពុះពារខិតខំ ដើម្បីដណ្តើមជ័យជម្នះបាន។ ចុះឥឡូវ?ប្រទេសជាតិ កំពុងមានសន្តិភាព មានស្ថិរភាពនយោបាយ ហើយបើមានសន្តិភាព មានស្ថិរភាពនយោបាយ បានសេចក្តីថា លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ កំពុងដំណើរការនៅកម្ពុជា ដោយរលូត អត់មានបញ្ហាអីទេ»។ 
 
លោកបន្តថា ការធ្វើការសេចក្តីព្រាងរបស់សភាអឺរ៉ុប គ្រាន់តែជាការបញ្ចេញមតិប៉ុណ្ណោះ តែមិនអាចរារាំងដំណើរការនៃតុលាការកម្ពុជាបានឡើយ ហើយក៏មិនអាចរារាំងដំណើរការប្រជាធិបតេយ្យ និងនីតិរដ្ឋនៅកម្ពុជាបានដែរ។ 
 
នៅក្នុងសេចក្ដីព្រាង​នោះ សភាអឺរ៉ុប​ក៏អំពាវនាវមកកាន់រដ្ឋាភិបាលកម្ពុជាឱ្យបញ្ឈប់ការកៀបសង្កត់សិទ្ធិសេរីភាព ដើម្បីធានាថា ការបោះឆ្នោតថ្នាក់ជាតិនៅកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយយុត្តិធម៌ តម្លាភាព និងអាចជឿទុកចិត្តបាន។ ឆ្លើយតបនឹងចំណុចនេះ លោក សុខ ឥសាន ផ្តល់មតិត្រឡប់ទៅវិញថា សភាអឺរ៉ុប គួរស្នើទៅអ្នកល្មើសច្បាប់នៅកម្ពុជា ឲ្យឈប់ប្រព្រឹត្តអំពើអ្វីដែលល្មើសនឹងច្បាប់វិញ។ លោក សង្កត់ធ្ងន់ថា ស្ថាប័នអនុវត្តច្បាប់ នៅតែរកខុសត្រូវជាមួយអ្នកទាំងនោះ ដោយមិនអាចបញ្ឈប់បានឡើយ បើពួកគេ នៅតែធ្វើខុសច្បាប់។ 
 
កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ តុលាការភ្នំពេញ បានប្រកាសសាលក្រមដាក់ទោសលោក កឹម សុខា ឲ្យជាប់ឃុំក្នុងផ្ទះរយៈពេល២៧ឆ្នាំ ដោយមិនអាចធ្វើនយោបាយអស់១ជីវិត ក្រោមការចោទប្រកាន់ពីបទត្រូវរ៉ូវជាមួយបរទេសដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ ក្រៅពីសមាជិកគ្រួសារ លោក កឹម សុខា មិនអាចជួបអ្នកណាទាំងអស់ បើមិនទាន់មានការអនុញ្ញាតពីព្រះរាជអាជ្ញា៕​
 

Tag:
 កឹម សុខា
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com