FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
សមាគមលីគបាល់ទាត់អឺរ៉ុបបារម្ភចំពោះការកែទម្រង់ប្រកួតថ្មីរបស់ FIFA សម្រាប់ World Cup​ ​2026
16, Mar 2023 , 4:59 pm        
រូបភាព
សមាគមលីគបាល់ទាត់អឺរ៉ុប (European Leagues) ថ្ងៃទី១៥ ខែមីនា រួមគ្នាបង្ហាញក្តីបារម្ភចំពោះការសម្រេចចិត្តកែទម្រង់ប្រកួតថ្មី ពីសំណាក់សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA សម្រាប់ការប្រកួត World Cup 2026 ។


កាលថ្ងៃទី១៤ មីនា នាកិច្ចប្រជុំរបស់ FIFA ក្នុងទីក្រុង Kigali ប្រទេសរវ៉ាន់ដា ស្ថាប័នបាល់ទាត់ដ៏ធំប្រចាំពិភពលោក បានសម្រេចចិត្តកែទម្រង់ការប្រកួតថ្មីនៅព្រឹត្តិការណ៍ World Cup បន្ទាប់ដែលធ្វើនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។ ការប្រកួតកែប្រែពី ៣២ក្រុមឡើងដល់ ៤៨ក្រុម ចែកចេញពី ១២ពូល មាន ៤ក្រុមនៃពូលនីមួយៗ ហើយការប្រកួតទាំងអស់ប្រចាំព្រឹត្តិការណ៍ កើនឡើងពី ៦៤ប្រកួត ដល់ ១០៤ប្រកួត ។ ជាពិសេសក្រុមដែលឈានជើងឡើងដល់វគ្គផ្តាច់ព្រ័ត្រនឹងលេងចំនួន ៨ប្រកួត។ 
 
ការកែទម្រង់ប្រកួតថ្មីនេះ ធ្វើឱ្យលីគបាល់ទាត់អឺរ៉ុបដែលជាអាណាព្យាបាលរបស់ក្លិបជាង ១០០០ក្លិប ក្នុងក្របខណ្ឌបាល់ទាត់ចំនួន ៣៧ ក្នុងតំបន់ មានការព្រួយបារម្ភ ដោយបានចោទ FIFA ថា ធ្វើសម្រេចតែចិត្តខ្លួនឯង ដោយមិនគិតពីផលប៉ះពាល់នៃការប្រកួតប្រជែងកីឡា និងសេដ្ឋកិច្ចក្នុងវិស័យបាល់ទាត់ ជាពិសេសក្លិប និងកីឡាករ។
 
«លីគបាល់ទាត់អឺរ៉ុប​មានការព្រួយបារម្ភអំពីការប្រកាសដែលធ្វើឡើងដោយក្រុមប្រឹក្សា FIFA កាលពីម្សិលមិញ ហើយការសម្រេចចិត្តទាំងនេះធ្វើឡើងដោយ FIFA ដោយឯកតោភាគី និងដោយគ្មានដំណើរការពិគ្រោះយោបល់ណាមួយជាមួយភាគីពាក់ព័ន្ធ និងលីគបាល់ទាត់ជាច្រើននោះទេ។ ទម្លាប់បែបនេះត្រូវបាន FIFA ធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការសម្រេចចិត្តទាំងនេះមិនបានគិតពីផលប៉ះពាល់នៃការប្រកួតប្រជែង និងសេដ្ឋកិច្ចលើលីគជាតិ ក្លិប និងកីឡាករនោះទេ។»។ សមាគមលីគបាល់ទាត់អឺរ៉ុប បាននិយាយបែបនេះក្នុងសេចក្តីថ្លែងការណ៍ខ្លួន។
 
សមាគមលីគបាល់ទាត់អឺរ៉ុប បានបន្ថែមថា ពួកគេកំពុងសហការជាមួយវេទិកាលីគធំៗលើពិភពលោក ដើម្បីឆ្លើយតបចំពោះការសម្រេចចិត្តរបស់ FIFA។
លើបញ្ហានេះទៀតសោត La Liga ក៏បង្ហាញប្រត្តិកម្មចំពោះសេចក្តីសម្រេចរបស់ FIFA និងបានចោទ FIFA ថាមិនយកចិត្តទុកដាក់ចំពោះការប្រកួតក្នុងលីគបាល់ទាត់ តាមប្រទេសនានា។ La Liga ក៏បានស្តីបន្ទោស FIFA ថាប្រព្រឹត្តិមិនត្រឹមត្រូវធ្វើតាមតែចិត្តខ្លួនឯង៕
 
 

Tag:
 FIFA
  World Cup
© រក្សាសិទ្ធិដោយ thmeythmey.com