ជាតិ
អាជ្ញាធរកោះកុង នឹងជួបពលរដ្ឋ មានវិវាទដីធ្លី នៅសប្ដាហ៍ក្រោយ
16, Mar 2023 , 8:59 pm        
រូបភាព
ពលរដ្ឋស្រុកបទុមសាគរ នាំគ្នាទៅមុខសាលាខេត្តកោះកុង ដើម្បីសុំជួបអភិបាលខេត្ត ឱ្យជួយដោះស្រាយវិវាទដីធ្លី។ រូបភាព៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ពលរដ្ឋស្រុកបទុមសាគរ នាំគ្នាទៅមុខសាលាខេត្តកោះកុង ដើម្បីសុំជួបអភិបាលខេត្ត ឱ្យជួយដោះស្រាយវិវាទដីធ្លី។ រូបភាព៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
ដោយ:
ពលរដ្ឋវិវាទដីធ្លី ជា្ចច្រើននាក់ បាននាំគ្នាទៅគេងនៅមុខសាលាខេត្តកោះកុង ដើម្បីសុំជួបអភិបាលខេត្ត សួរនាំពាក់ព័ន្ធការដាក់ញត្តិឱ្យជួយដោះស្រាយវិវាទដីធ្លីឱ្យពួកគេ នៅយប់ថ្ងៃទី ១៥ខែមីនា ។ ជាលទ្ធផលពួកគេមិនបានជួបនោះទេ ដោយរដ្ឋបាលខេត្តបានសម្របសម្រួលឱ្យពលរដ្ឋទៅផ្ទះវិញ ព្រោះអភិបាលខេត្ត និងអភិបាលរងខេត្ត បានទៅប្រជុំនៅរាជធានីភ្នំពេញ។


អ្នកស្រី ជឹម ថន ពលរដ្ឋនៅក្នុងឃុំកណ្ដោល ស្រុកបទុមសាគរ បានឱ្យដឹងថា ពលរដ្ឋដែលបាត់បងដីធ្លីអាស្រ័យផល មាន ៣ក្រុមគឺ ក្រុម៨៤៣ ក្រុម១២៩ និងក្រុម ៨០ ដោយពួកគេបាននាំគ្នាទៅមុខសាលាខេត្តកោះកុង ដើម្បីសុំជួបអភិបាលខេត្ត លោកស្រីមិថុនា ភូថង និងអភិបាលរងខេត្តលោក សុខ សុទ្ធី ជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគេ។
  

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង។ រូបភាព៖ រដ្ឋបាលខេត្តកោះកុង
 
អ្នកស្រី ជឹម ថន បានលើកឡើងថា ពលរដ្ឋបានដាក់ញត្តិឱ្យអាជ្ញាធរខេត្តជួយដោះស្រាយរឿងដីធ្លីកន្លងមកហើយ តែមិនទាន់មានដំណោះស្រាយឡើយ​ ។ 
 
«ខ្ញុំបានទៅដេកចាំជួប ១យប់មួយថ្ងៃ តែមិនបានជួបគាត់ទេ ដោយគេប្រាប់ថាឱ្យត្រឡប់មកផ្ទះវិញ ​ថ្ងៃអង្គារ គេនឹងជូនដំណឹងមកតំណាង ហើយប្រាប់មកពលរដ្ឋវិញ និងបានចេញថ្លៃឡានឱ្យពួកខ្ញុំ ២លានផងដែរ»។ នេះបើតាមលោកស្រី ថន ដែលបានបន្លឺសម្ដីថា អភិបាលខេត្ត ហាក់បីដូចជាយកសេសមិនចង់ជួបពលរដ្ឋវិវាទដីធ្លី។ 
 
អ្នកស្រី ថន បានបន្តថា ពលរដ្ឋជាច្រើនគ្រួសារ បានជួបបញ្ហាជាមួយក្រុមហ៊ុនឯកជនមួយចំនួន ដែលបានទៅឈូសឆាយដីដំណាំរបស់ពួកគេ ហើយឱ្យសំណងតាមតែចិត្តដែលគេចង់ឱ្យ ដោយមិនបានគិតតាមទំហំដី ដែលពលរដ្ឋបានបាត់បង់នោះឡើយ។ ពលរដ្ឋរូបនេះ បានបញ្ជាក់ថា៖«គេឈូសដាំណាំ ពលរដ្ឋខ្លះនៅឈរយំ ព្រោះបើយើងមិនឱ្យគេ ក៏គេនៅតែយក! ពេលគេឈូសហើយ គេឱ្យលុយ ៤០ម៉ឺនរៀល ឬ ១លានរៀល តាមសំណងដែលគេចង់ឱ្យ ។ ខ្ញុំសួរថាវាសមរម្យអត់?»។
  

ពលរដ្ឋ នាំគ្នាគេងចាំជួបអភិបាលខេត្តកោះកុងពីមុខសាលាខេត្ត។ រូបភាព៖ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
 
លោក ឈឹម សាផាន តំណាងពលរដ្ឋនៅឃុំកណ្ដោល ស្រុកបទុមសាគរ ខេត្តកោះកុង បានឱ្យដឹងដែរថា ពលរដ្ឋ ចង់ឱ្យអភិបាលខេត្ត និងអភិបាលរងខេត្ត ជួយជំរុញក្នុងការដោះស្រាយដីធ្លីជូនពួកគេ ។ លោក សាផាន បានរៀបរាប់ថា ពលរដ្ឋដែលមានផលប៉ះពាល់រឿងដីធ្លីនោះ មានចំនួន ១១ភូមិ និង ៥ឃុំ និងមាននៅទីតាំងផ្សេងទៀត។
 
តំណាងពលរដ្ឋនៅក្នុងឃុំកណ្ដោលរូបនេះ រៀបរាប់ថា ៖«ពួកខ្ញុំសុខចិត្តគេងនៅមុខសាលាខេត្ត មួយយប់មួយថ្ងៃ ដើម្បីចាំជួបលោកជំទាវ មិថុនា ភូថង សួរគាត់ថាតើឯកសារដែលពួកខ្ញុំដាក់ទៅនោះមានតម្លៃដែរ ឬអត់ ដែលមានមេឃុំចុះហត្ថលេខា តែមិនបានជួបលោកជំទាវនោះទេ»។
 
បន្ទាប់ពីពលរដ្ឋបានទៅគេងនៅពីមុខសាលាខេត្តដូច្នេះ រដ្ឋបាលខេត្តកោះកុង តំណាងឱ្យលោកស្រីអភិបាល បានចេញជួបប្រជាពលរដ្ឋទាំងនោះ ដោយបានសន្យាថា នឹងជួបពិភាក្សាជាមួយពលរដ្ឋនៅសប្ដាហ៍ក្រោយ។ នេះបើតាមលោក សាផាន ដដែល។
 
ជុំវិញបញ្ហាពលរដ្ឋតវ៉ានេះ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទដៃ នៅថ្ងៃទី១៦ មីនា ថា លោកស្រីកំពុងរៀបចំក្រុមការងារឱ្យចុះទៅដោះស្រាយជូនពលរដ្ឋហើយ ទាក់ទងនឹងដីធ្លីនោះ។ លោកស្រី បានណែនាំឱ្យលោក សុខ សុទ្ធី អភិបាលរងខេត្ត ទៅជួបពិភាក្សាជាមួយប្រជាពលរដ្ឋទាំងនោះ នៅថ្ងៃអង្គារទី២១ មីនា ។
 
លោកស្រី មិថុនា ភូថង បានបញ្ជាក់យ៉ាងដូច្នេះ៖«កិច្ចការនោះ(ដោះស្រាយវិវាទដីធ្លី) គឺហួសដែនសមត្ថកិច្ចរបស់ខ្ញុំ តែខ្ញុំបានរៀបចំក្រុមការងារធ្វើទាក់ទងបញ្ហានេះដែរ។ រឿងដោះស្រាយខ្ញុំបានរៀបចំហើយ រដ្ឋបាលកំពុងចាត់ចែងហើយ»។
 
តំណាងពលរដ្ឋទាំងនោះ ចង់ឱ្យអភិបាលខេត្តដោះស្រាយប្រគល់ដីឱ្យពួកគេវិញ និងចង់បានសំណង ដែលក្រុមហ៊ុនមួយចំនួន បានឈូសឆាយប៉ះពាល់ដីដំណាំដាំរបស់ពួកគេ តាមទំហំដីដែលបានបាត់បង់ សម្រាប់គ្រួសារពលរដ្ឋនីមួយៗ។ មួយវិញទៀតពួកគេ ក៏ចង់ឱ្យអភិបាលខេត្ត រៀបចំគណៈកម្មការមួយក្រុម ដើម្បីចុះស្រាវជ្រាវពិនិត្យជាក់ស្ដែង ថាតើពលរដ្ឋទាំងនោះ ពិតជាបានបាត់បង់ដីមែនដែរ ឬទេ?
 
តំណាងពលរដ្ឋវិវាទដីធ្លី លោក សាផាន បានសង្កត់ធ្ងន់ថា កន្លងមក ប្រមុខរដ្ឋាភិបាល សម្ដេច ហ៊ុន សែន បានប្រកាសកាត់ក្វៀលដីនោះ​ ទុកចែកឱ្យពលរដ្ឋជាង ១៥ម៉ឺនហិកតា តែប្រជាពលរដ្ឋ មិនបានទទួលដីនោះទេ។ 
 
បើតាមលោក ឈឹម សាផាន វិវាទដីធ្លីនេះ បានកើតមានឡើងតាំងពីឆ្នាំ២០០៦ ដោយប្រជាពលរដ្ឋបានតវ៉ាជាបន្តបន្ទាប់ រហូតមកដល់ឆ្នាំ២០១៨ ពួកគេបានដាក់ឯកសារទៅអាជ្ញាធរ ដើម្បីឱ្យជួយដោះស្រាយឱ្យពួកគេ។ ប៉ុន្តែពុំទាន់ទទួលបានជាលទ្ធផលសមស្របណាមួយឡើយ។ ពលរដ្ឋដែលរងផលប៉ះពាល់មានចំនួន ៨៤៣នាក់ តែបច្ចុប្បន្ននៅសល់តែ ៦៨៩នាក់។ លោកបន្តថា ទំហំដីបាត់បង់មាន ៤៥២៥ហិកតា តែពលរដ្ឋសុំឱ្យជួយដោះស្រាយយកវិញប្រមាណ ១៧២៧ហិកតាប៉ុណ្ណោះ៕
 

Tag:
 វិវាទដីធ្លី
  ស្រុកបទុមសាគរ
  កោះកុង
© រក្សាសិទ្ធិដោយ thmeythmey.com