FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Infantino ជាប់ឆ្នោតបន្តជាប្រធាន FIFA ដល់ឆ្នាំ ២០២៧ ដោយគ្មានសំឡេងជំទាស់ 17, Mar 2023 , 2:39 pm

×![]()
លោក Gianni Infantino ត្រូវបានជាប់ឆ្នោតបន្តធ្វើជាប្រធានសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) រហូតដល់ឆ្នាំ ២០២៧ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ ដោយគ្មានការជំទាស់ក្នុងកិច្ចប្រជុំរបស់សហព័ន្ធ នៅថ្ងៃទី១៦ ខែមីនា ក្នុងប្រទេសរវ៉ាន់ដា។
បុរសវ័យ ៥២ឆ្នាំ សញ្ជាតិស្វ៊ីសដែលធ្លាប់ធ្វើជាមេធាវី បានចូលមកកាន់កាប់តំណែង ជាប្រធានស្ថាប័នបាល់ទាត់ពិភពលោកកាលពីឆ្នាំ ២០១៦ ជំនួសលោក Sepp Blatter ដែលកាលនោះពាក់ព័ន្ធនឹងរឿងអាស្រូវអំពើពុករលួយ។
ការជាប់ឆ្នោតលើកនេះរបស់លោក Infantino ក្លាយជាអាណត្តទីបីហើយ ក្នុងការធ្វើជាប្រធាន FIFA ។ បុរសវ័យ ៥២ឆ្នាំរូបនេះ នៅតែទទួលបានការសាទរខ្លាំងពីសំណាក់សហព័ន្ធបាល់ទាត់ជាសមាជិកចំនួន ២១១ ដូចកាលពី ៤ឆ្នាំមុន ដែលលោកបានជាប់ឆ្នោតជាលើកទីពីរ។
បន្ទាប់ពីការប្រកាសដោយទទួលបានសំឡេងនៃការគាំទ្រទាំងអស់ ក្នុងកិច្ចប្រជុំនាកណ្តាលទីក្រុងនៃប្រទេសរវ៉ាន់ដា លោក Infantino បានអរគុណទៅកាន់សមាជិក ដោយបាននិយាយដូច្នេះថា៖«ខ្ញុំពិតជាស្រលាញ់អ្នកទាំងអស់គ្នា។»។
លក្ខន្តិកៈរបស់ FIFA កំណត់ថា ប្រធានគ្រប់គ្រងស្ថាប័នបាល់ទាត់ពិភពលោក កំណត់ឱ្យកាន់កាប់ត្រឹមតែរយៈពេល ៣ ឬ ៤ឆ្នាំប៉ុណ្ណោះ ប៉ុន្តែលោក Infantino វិញ កាន់កាប់តំណែងនេះ មានរយៈពេល ៧ឆ្នាំហើយ។ លោក Infantino បច្ចុប្បន្ននេះបានរៀបចំយ៉ាងល្អក្នុង FIFA ដើម្បីបន្តកាន់តំណែងនេះ រហូតដល់ឆ្នាំ ២០៣១ ។ កាលពីខែធ្នូ ឆ្នាំ ២០២២ ប្រធានស្ថាប័នរូបនេះ បាននិយាយថា រយៈពេល ៣ឆ្នាំដំបូងនៃតំណែងរបស់លោក មិនត្រូវបានរាប់បញ្ចូលជាការកាន់តំណែងពេញលេញទេ។
ស្ថិតក្រោមការដឹកនាំរបស់លោក Infantino ព្រឹត្តិការណ៍ World Cup នឹងត្រូវកែប្រែទម្រង់នៃការប្រកួតដោយបន្ថែមក្រុមពីចំនួន ៣២ក្រុម ឡើងទៅ ៤៨ក្រុម ដែលការប្រកួតនឹងធ្វើឡើងនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក។ World Cup 2026 មានការប្រកួតដល់ទៅ ១០៤ ដែល FIFA ទើបតែសម្រេចដាក់បញ្ចូល។
ចំណែកការប្រកួតរបស់ក្រុមនារីវិញ ក៏មានការកើនឡើងចំនួន ៣២ក្រុមលើកដំបូងផងដែរ ក្នុងប្រវត្តិសាស្ត្រនៃ FIFA។ Women World Cup 2023 ធ្វើឡើងនៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់។
មិនតែប៉ុណ្ណោះលោក Infantino ក៏បានប្រកាសអំពីគម្រោងការនៃការទទួលបានប្រាក់ចំណូល ១១ពាន់លានដុល្លារក្នុងរយៈពេល ៤ឆ្នាំ រហូតដល់ឆ្នាំ ២០២៦ បើធៀបទៅនឹងចំណូល ៧,៥ពាន់លានដុល្លារអំឡុងរយៈពេល ៤ឆ្នាំត្រឹម ឆ្នាំ ២០២២៕
Tag:
FIFA
Gianni Infantino
© រក្សាសិទ្ធិដោយ thmeythmey.com