ជាតិ
ក្រុម​គ្រួសារ​ព្រះឥសូរ​​ ព្រះគណេស និង​ព្រះ​ស្កន្ទ ជួប​ជុំ​គ្នា​វិញ ​ក្រោយ​បែកគ្នា​​៤ទសវត្សរ៍
17, Mar 2023 , 4:10 pm        
រូបភាព
ភ្នំពេញ​៖ ក្រុម​គ្រួសារ​ព្រះឥសូរ​​ ព្រះគណេស និង​ព្រះ​ស្កន្ទ ជួប​ជុំ​គ្នា​វិញ ​ក្រោយ​បែកគ្នា​​៤ទសវត្សរ៍ ដោយ​សារ​ការ​លួច​រត់​ពន្ធ​ដោយ​ខុស​ច្បាប់​ ចេញ​ពី​ព្រះ​រាជាណាចក្រ​កម្ពុជា ក្នុង​អំឡុង​សម័យ​សង្គ្រាម​ស៊ីវិល​។


ថ្មី​ៗ​នេះ​​គ្រឿង​អង្ការ​បុរាណ​ខ្មែរ​ ធ្វើ​ពី​មាស​និង​លោហៈ​មាន​តម្លៃ ​ទាំង​ធំ​-តូច​ចំនួន​៧៧​គ្រឿង​ ត្រូវ​បាន​នាំ​យក​ពី​ចក្រភព​អង់គ្លេស ​មក​ដល់​កម្ពុជា​​​នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣ ដោយ​ក្រុម​ការ​ងារ​កម្ពុជា ក្រោម​កិច្ច​សហការ​ជា​មួយ​រដ្ឋាភិបាល​ ចក្រភពអង់គ្លេ​ស​ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ជួយ​សម្រប​សម្រួល​ ពី​ស្ថាន​ទូត​កម្ពុជា​។
 
ក្នុង​ចំណោម​សម្បត្តិ​វប្បធម៌​ខ្មែរ ដែល​ទទួល​បាន​មក​វិញ​នេះ មាន​រូប​បដិមាសំខាន់​ៗ​មួយ​ចំនួន​ ផ្នែក​ព្រហ្ម​ញ្ញសាសនា និង​ពុទ្ធសាសនា ព្រម​ទាំង​គ្រឿង​អលង្ការ​បុរាណ​ ក្នុង​សម័យ​មុន​អង្គរ​ និង​សម័យ​អង្គរ​ ជា​ពិសេស​បដិមា​ថ្ម​ធំ​ដូចជា ព្រះ​ឥសូរ​និង​ព្រះ​ស្កន្ទ ព្រះ​ស្កន្ទ​គង់​លើ​ក្ងោក​ និង​ព្រះ​គណេស​ ដែល​មាន​ប្រភព​​ដើម​មក​ពី​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​ អតីត​រាជ​ធានី​នៃ​អាណាចក្រ​ខ្មែរ នៅ​សតវត្សរ៍​ទី​១០​នៃ​គ.ស. ដែល​ធ្លាប់​ជា​គោល​ដៅ ​នៃ​ការ​លួច​ទ្រង់​ទ្រាយ​ធំ​ អស់​ជា​ច្រើន​ឆ្នាំ​នៅ​ក្នុង​អំឡុង​ សម័យ​សង្គ្រាម​ស៊ីវិល​ និង​អសន្តិ​សុខ​ក្នុង​ស្រុក​។ 


ព្រះគណេស (រូប_ពី_ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរដែលត្រូវបានប្រគល់ជូនកម្ពុជាវិញ នារសៀលថ្ងៃទី១៧ មីនា នៅវិមានសន្តិភាព។ 
 
សូម​បញ្ជាក់​ថា ព្រះ​ឥសូរ​ ឬ​ព្រះ​សិវៈ​ ជា​ទេវតា​ ឬ​ជា​ព្រះ​ស័ក្តិ​សិទ្ធិ​ វិសេស​មួយ​អង្គ​ របស់​ពួក​ព្រាហ្មណិក​។ ព្រះ​សិវៈ មាន​ន័យ​ថា ព្រះ​ជា​ធំ​ ជា​អ្នក​ដែល​ជា​ចម្បង​​លើ​ស​អស់​អ្នក​ផង​ ម្ចាស់​លើស​គេ​ ម្ចាស់​ផែន​ដី​(ក្សត្រិយ៍​ទ្រង់​រាជ​)​។ នេះ​បើ​តាម​វចនានុក្រម​ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត​។​​
 
ចំណែក​ព្រះ​​គណេស​ គឺ​ជា​ទេវតា​មាន​សីសៈ​​ជា​ដំរី​ ជា​បុត្រ​ព្រះ​ឥសូរ​ ជា​មួយ​ព្រះ​នាង ទុគ៌ា មាន​និយាយ​ក្នុង​សាសនា​ព្រាហ្មណ៍​ ហៅថា​ព្រះ​វិឃ្នេស​(ខ្មែរ​ច្រើន​ហៅ​ថា ព្រះគណេស)​។ នេះ​បើ​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃេរាជ​ជួន​ណាត​។ ចំណែក​ក្នុង​​​ជំនឿ ព្រះគណេស​ ជា​ទេវៈតំណាង​ឱ្យ​ប្រាជ្ញា ហើយ​ជា​គ្រូ​អាចារ្យ​ដែល​រក្សា​នូវ​ក្បួន​ច្បាប់​គ្រប់​យ៉ាង​ សម្រាប់​មនុស្ស​ និង​ទេវៈ​​ទាំង​ឡាយ​ ក្នុង​លិទ្ធិ​ព្រហ្ម​ញ្ញ​សាសនា​។
 
រីឯ​​ព្រះ​ស្កន្ទ នៅក្នុង​ទេវកថា​ព្រហ្ម​ញ្ញ​សាសនា គេ​​ចាត់​ទុក​ទេព​អង្គនេះ​ ជា​ទេព​នៃ​សង្គ្រាម​ ឬ​ជា​មេទ័ពប្រចាំ​នៅ​ស្ថាន​សួគ៌​ ត្រូវ​ជា​បុត្រ​របស់​ព្រះ​ឥសូរ និង​ព្រះ​នាង​បវ៌តី ដែល​មាន​យាន​ជំនិះ​សត្វ​ក្ងោក​ មាន​ព្រះ​សិរ​១និង៦។ ព្រះ​ហស្ថ​​កាន់​ធ្នូ ដាវ រន្ទះ​ ពូថៅ លំពែង​។
 

សម្ដេច_ ហ៊ុន សែន សំពះរូប_បដិមា ព្រះឥសូ និង_ព្រះស្កន្ទដែល_ឈរ(រូបពីហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister

សូម​រំលឹក​ថា វត្ថុបុរាណ​ដែល​ទទួល​បាន​មក​វិញ​នេះ គឺ​ជា​មរតក​​វប្បធម៌​ជាតិ ដ៏​មាន​តម្លៃ​ពុំ​អាច​កាត់​ថ្លៃ​បាន​ និង​ជា​ព្រលឹង​ដូន​តា​ខ្មែរ​ជា​ច្រើន​ជំនាន់ ដែល​ត្រូវ​បាន​គេ​លួច​នាំ​ចេញ​ដោយ​ខុស​ច្បាប់​ ទៅ​ក្រៅ​ប្រទេស​ នៅ​ក្នុង​អំឡុង​នៃ​សង្គ្រាម​ស៊ីវិល​រ៉ាំរ៉ៃ​ និ​ង​អសន្និសុខ​ ដែល​បាន​កើត​ឡើង​នៅ​កម្ពុជា​ នា​ពេល​កន្លង​ទៅ​។ 
 
ការ​បញ្ជូន​ត្រឡប់​មក​វិញ​ នៃ​សម្បត្តិ​វប្បធម៌​ខ្មែរ​ទាំង​នេះ គឺ​ជា​កិច្ច​សហការ​យ៉ាង​សកម្ម​បំផុត​ ពី​គ្រប់​ភាគី​ពាក់​ព័ន្ធ ទាំង​ស្ថាប័ន​រដ្ឋ​ ផ្នែក​ឯកជន​ អ្នក​ជំនាញ​ជាតិ​និង​អន្តរជាតិ​ និង​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ជា​មួយ​បណ្ដា​ប្រទេស​នានា ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​ទ្វេភាគី ពហុភាគី និង​ក្រប​ខ័ណ្ឌ​ នៃ​អង្គការ​យូណេស្កូ ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋា​ភិបាល​​សហរដ្ឋ​អាមេរិក​​។
 
កិច្ច​ព្រម​ព្រៀង​មួយ​ នាថ្ងៃ​ទី​១៨ ខែ​កញ្ញា​ ឆ្នាំ​២០២០​ រវាង​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ ជា​តំណាង​នៃ​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​គ្រួសារ​លោក ឌូគ្លាស ឡាតហ្វដ(Douglas Latchford) បាន​ប្រគល់​ជូន​មក​កម្ពុជា​វិញ​ នូវ​វត្ថុ​បុរាណ​ខ្មែរទាំង​អស់​ ដែល​កាន់​កាប់​រក្សា​ទុក​ ដោយ​គ្រួសារ​លោក ឡាតហ្វដ​។
 
បន្ថែម​ពី​លើ​នេះ សម្បត្តិ​វប្បធម៌​ខ្មែរសំខាន់​ៗជា​ច្រើន​ ដែល​កាន់​កាប់​រក្សា​ទុក​ ដោយ​សារមន្ទីរ​នានា និង​អ្នក​កាន់​កាប់​សមុច្ច័យ​ឯក​ជន​ (មួយ​ចំនួន​រឹប​អូស​បាន​ដោយ​សមត្ថកិច្ច​អាមេរិក​ និង​មួយ​ចំនួន​ទៀត​តាម​រយៈ​ ការ​ប្រគល់​ដោយ​ស្ម័គ្រ​ចិត្ត​)​ ក៏​ត្រូវ​បាន​បញ្ជូន​ប្រឡប់​មក​កម្ពុជា​វិញ​ ជា​បន្ត​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ និង​ចក្រភព​អង់​គ្លេស​។​
 
ទន្ទឹម​នឹង​នេះ​ ក្រសួង​វប្បធម៌​ និង​វិចិត្រ​​សិល្បៈ​ បាន​នឹង​កំពុង​សហកា​រ​ជា​មួយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​ប្រទេស​ដ៏​ទៃ​ទៀត​ ក៏​ដូច​ជា​បន្ត​ការ​ចរចារ​ជា​មួយ​ស្ថាប័ន​ និង​អ្នក​កាន់​កាប់​សមុច្ច័យ​ឯកជន​ ដើម្បី​រៀប​ចំ​នីតិវិធី​ទាម​ទារ និង​បញ្ជូន​វត្ថុ​បុរាណ​ខ្មែរជា​ច្រើន​ទៀត​ ត្រឡប់​មក​កម្ពុជា​វិញ​៕ 

Tag:
 សិល្បៈ​
  វប្បធម៌
  សាសនា
 ​ វត្ថុបុរាណ​
  ព្រះ​បដិមា​
  ព្រះ​សិវៈ​
© រក្សាសិទ្ធិដោយ thmeythmey.com