កីឡាអន្តរជាតិ
អន្តរជាតិ
លោក Arteta ៖ Arsenal មានគោលដៅច្បាស់លាស់ជាងមុន ក្រោយធ្លាក់ចេញពី Europa League
17, Mar 2023 , 5:09 pm        
រូបភាព
ការធ្លាក់ចេញពីពានរង្វាន់ ​Europa League របស់ក្រុម Arsenal បានជួយនាំក្រុមមកនូវភាពច្បាស់លាស់ ក្នុងរដូវកាលនេះ ហើយក្រុមកីឡាករអាចផ្តោតអារម្មណ៍ក្នុងការប្រជែងពាន Premier League។ លោក Mikel Arteta អ្នកចាត់ការក្រុម និយាយថ្ងៃទី១៦ ខែមីនា។
ក្រុមរហ័សនាមកាំភ្លើងធំ និងក្រុម ​Sporting CP បញ្ចប់ទៅលទ្ធផលស្មើ ១-១ និងការប្រកួតសរុបទាំងពីរជើងលទ្ធផល ៣-៣ ហើយក្រុមមកពីព័រទុយហ្កាល់បានយកឈ្នះដោយការស៊ុតបាល់កាត់សេចក្តី ១១ម៉ែត្រលទ្ធផល ៥-៣ នៃវគ្គជម្រុះ ១៦ក្រុមចុងក្រោយនៃ Europa League។
 
Arsenal ធ្លាក់ចេញពីការប្រជែងពានរង្វាន់ចំនួន ៣ ទាំងលើកនេះ ខណៈដែលពួកគេកំពុងស្ថិតក្នុងនាមជាក្រុមឈរនៅកំពូលតារាង Premier League ដោយនាំមុខក្រុមលេខ ២ ដល់ទៅចំនួន ៥ពិន្ទុ។ Arsenal កំពុងត្រួសត្រាយផ្លូវទៅកាន់ការឈ្នះពានរង្វាន់ ​Premier League លើកដំបូងក្រោយខកខានលើកពាននេះជិត ២០ឆ្នាំ។
 
ទោះធ្លាក់ចេញពីការប្រជែង Europa League ប៉ុន្តែលោក Arteta ជាអ្នកចាត់ការក្រុម បានចាត់ទុកការធ្លាក់ចេញនោះ ជាការផ្តល់ភាពច្បាស់លាស់ដល់ក្រុមផ្តោតលើគោលដៅចុងក្រោយ។។
 
«វាជារឿងដ៏ធំដែលបានធ្លាក់ចេញ ប៉ុន្តែវាបានផ្តល់មកឱ្យយើងនូវភាពច្បាស់លាស់លើគោលដៅក្នុងរដូវកាលនេះ។ វាមានត្រឹមតែ ១១ប្រកួតទៀតប៉ុណ្ណោះនៃការប្រកួត ​Premier League ហើយការប្រកួតបន្ទាប់ទល់ Crystal Palace ប្រៀបដូចវគ្គផ្តាច់ព្រ័ត្រ យើងត្រូវការផ្តោតអារម្មណ៍ខ្លាំងនៅទីនោះ ភាពបរាជ័យទីនេះបានឱ្យយើងសិក្សាច្រើន។»។»។ លោក Mikel Arteta បាននិយាយក្នុងសន្និសីទកាសែតក្រោយចប់ប្រកួតបែបនេះ។
 
ការឈ្នះពាន Premier League សម្រាប់ក្រុមកាំភ្លើងធំពេលនេះ គឺជារឿងសំខាន់បំផុតដែលពួកគេត្រូវផ្តោតអារម្មណ៍ ខណៈដែលពួកគេនៅសល់ត្រឹម​ ១១ប្រកួតទៀតប៉ុណ្ណោះដែលត្រូវឆ្លងកាត់។ 
 
 
 
 
 
 

Tag:
 Mikel Arteta
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com