ជាតិ
លោក ម៉ី ផាន ព្រមទទួលយកការបញ្ឈប់ពីការងារ ព្រោះមិនចង់ប្ដឹងបន្តទៅតុលាការ
17, Mar 2023 , 8:00 pm        
រូបភាព
កម្មករប្រមូលសំរាម ចេញតវ៉ាដើម្បីឱ្យលោក ម៉ី ផាន ចូលធ្វើការវិញ។ រូបពី CTWUF
កម្មករប្រមូលសំរាម ចេញតវ៉ាដើម្បីឱ្យលោក ម៉ី ផាន ចូលធ្វើការវិញ។ រូបពី CTWUF
ភ្នំពេញ៖ លោក ម៉ី ផាន ដែលជាកម្មករបើកឡានដឹកសំរាម ព្រមឈប់ធ្វើការនៅក្រុមហ៊ុន Mizuda Sanitation ទាំងយល់ថា ភាគីនិយោជករើសអើងសហជីព។ ប៉ុន្តែ ភាគីក្រុមហ៊ុនថា មិនមែនជារើសអើងឡើយ គឺដោយសារបុគ្គលនោះមិនគោរពបទបញ្ជាផ្ទៃក្នុង។
 
 
លោក ម៉ី ផាន ត្រូវបានភាគីក្រុមហ៊ុនបញ្ឈប់ការងារ កាលពីអំឡុងខែមករា ហើយវិវាទនេះ ក៏ត្រូវបានប្ដឹងទៅក្រសួងការងារ។ លុះដល់ ពាក់កណ្ដាលខែមីនានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសម្រេចដាក់វិវាទខាងលើជាវិវាទបុគ្គល ហើយលោក ម៉ី ផាន ត្រូវប្ដឹងទៅតុលាការបន្ត។ ករណីនេះ ធ្វើឱ្យកម្មករដទៃទៀតពុំពេញចិត្ត ហើយនាំគ្នាចេញតវ៉ាប្រមាណ៥០នាក់នៅខាងមុខក្រុមហ៊ុន នាព្រឹកថ្ងៃទី១៦មីនា។ 
 
លោក ទូច កុសល ប្រធាន​សហព័ន្ធ​សហជីពកម្មករ​​និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា អះអាងថា ការបញ្ឈប់លោក ម៉ី ផាន ធ្វើឡើងនៅពេលកម្មករក្នុងក្រុមហ៊ុន បានបោះឆ្នោតឱ្យលោក ផាន ក្លាយជាប្រធានសហជីព។ ប៉ុន្តែ ភាគីក្រុមហ៊ុនយកលេសបញ្ឈប់ដោយសារលោក ផាន មិនគោរព ពេលវេលា ថ្នាក់ដឹកនាំ និងបទបញ្ជាផ្ទៃក្នុង។ 
 
ជុំវិញករណីនេះ លោក ម៉ី ផាន សុំមិនបកស្រាយច្រើនឡើង ដោយគ្រាន់តែប្រាប់ថា យល់ព្រមឈប់ ព្រោះមិនចង់មានរឿងវែងឆ្ងាយដល់តុលាការ។ «ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ ប្ដឹងទៅតុលាការ ខ្ញុំសម្រេចចិត្តឈប់ មិនប្ដឹងបន្តទៅតុលាការទេ! ខ្ញុំស្ដាយការងារ នៅពេលឈប់អ៊ីចឹង! តែខ្ញុំក៏មិនចេះនៅដែរ នៅពេលឃើញកម្មករដទៃទៀតមានបញ្ហា ទើបខ្ញុំចង់បង្កើតសហជីពឡើង ដើម្បីការពារ»។ លោក ម៉ី ផាន លើកឡើងបែបននេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ ។
 
ជាមួយគ្នានេះ លោក ផាន ក៏បាននិយាយទាំងបារម្ភក្នុងពិបាករកការងារថា សព្វថ្ងៃក្រុមហ៊ុនប្រមូលសំរាមទាំងអស់ ដឹងថាលោកជាសកម្មជន និងមេសហជីព ។ ដូច្នេះពួកគេអាចនឹងរើសអើងមិនយករូបលោកចូលធ្វើការឡើយ ព្រោះកន្លងលោកក៏ធ្លាប់ជាសកម្មជន តវ៉ានៅក្រុមហ៊ុនស៊ីនទ្រីដែរ។
ទាក់ទិនននឹង ករណីខាងលើ លោក មាស សារ៉ន ជំនួយការនាយករដ្ឋបាលរបស់ក្រុមហ៊ុន Mizuda បដិសេធ ថា ការបញ្ឈប់លោក ម៉ី ផាន មិនមែនជាការរើងអើងឡើយ។ បើតាមលោក សារ៉ន មូលហេតុដែលបញ្ឈប់លោក ផាន ដោយសាររូបគេមិនគោរពថ្នាក់ដឹកនាំ មិនគោរពវេវេលា និងបញ្ជាផ្ទៃក្នុង។ លោកបញ្ជាក់បន្ថែមថា៖ «គាត់(លោក ផាន) យល់ព្រមឈប់ហើយ! ហើយក៏ទទួលស្គាល់កំហុសដូចមូលហេតុដែលបញ្ឈប់ដែរ គឺដោះស្រាយរួចអស់ហើយ»៕
 

Tag:
 វិវាទការងារ
© រក្សាសិទ្ធិដោយ thmeythmey.com